ប៉ុស្តិ៍​ប៉ូលិស​យាម​រហេមរហាម​ណាស់​ម្ចាស់​ថ្លៃ​អើយ​…

ប៉ុស្តិ៍​ប៉ូលិស​យាម​រហេមរហាម​ណាស់​ម្ចាស់​ថ្លៃ​អើយ​...

ខេត្តកំពង់ចាម​៖ ដើម្បី​ពង្រឹង​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ត្រង់​ចំណុច​ទួល​ស្រែ​ដែល​ជា​កន្លែង​ស្ងាត់ នៅ​លើ​កំណាត់​ផ្លូវលំ​ចេញពី​ភូមិ​កំពង់​រលីង សង្កាត់​សំបួរមាស ក្រុង​កំពង់​ចាម ឆ្ពោះទៅ​កាន់​វត្ត​ទួល​ស្រែ​ក្នុង​ទឹកដី​ឃុំ​កោះ​រកា ស្រុក​កំពង់​សៀម កម្លាំង​នគរបាល​មួយ​ក្រុម​មាន​គ្នា​យ៉ាង​ហោច​ណាស់​៥​នាក់ បាន​បោះ​តង់​ជ្រក​ការពារ​ភ្លៀង និង​កំ​ដៅ​ថ្ងៃ គឺជា​ប៉ុស្ដិ៍​ប្រចាំការ​ដើម្បី​ការពារ​សុវត្ថិភាព​ប្រជា​ពល​រដ្ឋ ព្រោះ​ផ្លូវ​នេះ​ស្ងាត់​ណាស់ តែង​កើត​មាន​ចោរ​ស្ទាក់​ប្លន់​ម៉ូតូ ។ ប៉ុន្តែ​ដូច​ជា​រហេមរហាម​ពេក​ក្រៃ ហាក់ដូច​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​ទុរគត​ក្រីក្រ​តោកយ៉ាក​ពេក ចំពោះ​មុខ​ប្រជារាស្ដ្រ​តំបន់​នោះ ។

អ្នក​ភូមិ​ទួល​ស្រែ​វ័យ​ចំណាស់​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ចំណុច​ទីទួល​ខាងលើ​ដែល​បាន​ដាក់​កម្លាំង​នគរបាល​ប្រចាំការ​យាម​នោះ គាត់​ឃើញ​៣​ទៅ​៤​ខែ​មក​ហើយ គឺ​ដើម្បី​ការពារ​ជូន​ដល់​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក តាំងពី​ព្រឹក​ព្រលឹម​រហូត​ដល់​ពេល​យប់ ធ្វើ​ឱ្យ​ពួក​គាត់​ពេញចិត្ត​ណាស់ ។ ប៉ុន្តែ​ទាស់​ត្រង់​គោលដៅ​ការពារ​នេះ​ដូច​ល្ហេ​ម​ល្ហា​ម​ពេក ។

អ្នក​ភូមិ​ទួល​ស្រែ​បាន​ប្រាប់​បន្ត​ឱ្យ​ដឹង​ទៀត​ថា កម្លាំង​នគរបាល​ដែល​មក​យាម​ប្រចាំការ​នេះ​មាន​ពេល​ខ្លះ​បាន​ជួប​កង្វះខាត ហើយ​ត្រូវ​បាន​ចៅអធិការ​វត្ត​ទួល​ស្រែ​បាន​ផ្ដល់​ទឹកបរិសុទ្ធ​និង​ត្រីខកំប៉ុង​ជាដើម ហើយ​អ្នក​ភូមិ​ក៏​បាន​នាំ​គ្នា​ជួយ​ផ្ដល់​ផង​ដែរ ។ មន្ត្រី​ប៉ូលិស​ឱ្យ​ដឹង​ថា ទួល​នេះ​ជា​កន្លែង​ស្ងាត់ កាលពី​ប៉ុន្មាន​ខែ​មុន ក៏​ធ្លាប់​មាន​ចោរ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​របស់​អ្នកដំណើរ​អស់​២​គ្រឿង​ទៅ​បាត់ បន្ទាប់​មក​ទើប​លោកស្នងការ​នគរបាល​ខេត្ត​បាន​ដាក់​កម្លាំង​នគរបាល​ប្រចាំការ​រាល់ថ្ងៃ​តែ​ម្ដង ។

ក្រុម​នគរបាល​ដែល​ប្រចាំការ បាន​ត្អួ​ញ​ត្អែ​រថា ការ​ឈរជើង​នៅ​ចំណុច​នោះ​មាន​ជួប​ការ​លំបាក​ច្រើន ជួន​ពេល​ភ្លៀង​ធ្លាក់​ដោយសារ​តែ​ដំបូល​តង់​ធ្លុះធ្លាយ​ត្រូវ​ទទឹក និង​មិន​មាន​ជញ្ជាំង​បាំង ។ ប្រសិនបើ​មាន​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ដែក​ស័ង្កសី ២០​សន្លឹក និង​កូន​ឈើ​មក​នោះ​នឹង​អាច​ធ្វើ​រោង​បាន សម្រាប់​ប្រចាំការ​ទាំង​យប់​ទាំង​ថ្ងៃ​២៤​ម៉ោង​លើ​២៤​ម៉ោង​តែ​ម្ដង ហើយ​អ្នកស្រុក​រឹតតែ​មាន​ភាព​កក់ក្ដៅ​ពី​សុវត្ថិភាព​ថែម​ទៀត ។

លោក​វរសេនីយ៍ទោ ជា ធា​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​កំពង់សៀម​ប្រាប់​ឱ្យ​ដឹង​ថា ការ​ដែល​ដាក់​កម្លាំង​នៅ​ទី​នេះ គឺ​ដើម្បី​បង្ការ​ទប់ស្កាត់​អំពើ​លួច​ប្លន់​នានា ដោយសារ​តែ​មានការ​ខ្វះខាត​ទើប​រូប​លោក​មិន​ទាន់​សាងសង់​ស្នាក់​ការ​យាម​ឱ្យ​បាន​សមរម្យ ។ ប៉ុន្តែ​ពេល​ខាង​មុខ​នឹង​ប្រឹងប្រែង​សាងសង់ ឱ្យ​បាន​ល្អ​ដើម្បី​ពង្រឹង​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ការពារ​ពង្រឹង​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​ជូន​ពលរដ្ឋ ។ អ្នក​ទួល​ស្រែ​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​មាន​កម្លាំង​សមត្ថកិច្ច​ប្រចាំការ​ទីនោះ​បាន​ធ្វើ​ឱ្យ​ពួក​គាត់​សប្បាយ​រីករាយ ហើយ​ក៏​ធ្លាប់​បាន​ស្ទាក់​ចាប់​មុខសញ្ញា​ដែល​លួច​ម៉ូតូ​ពី​កន្លែង​ផ្សេង​ជិះ​គេច​មក​តាម​ច្រក​នេះ​មាន​ជា​ហូរហែ​ផង​ដែរ ៕