អាយុ ៨៧ ឆ្នាំ​ហើយ នៅតែ​ប្រកបរ​បរធាក់ស៊ីក្លូ​ទៀត

​ឆាកជីវិត​មនុស្ស​ពិត​ជា​មិន​ទៀង និង មិន​ដូចគ្នា​ឡើយ អ្នកខ្លះ​កើតមក​មាន​ឋានៈ​ស័ក្តិយស​ខ្ពង់ខ្ពស់ ហើយ​អ្នក​ខ្លះទៀត​កើតមក​នៅក្នុង​ត្រកូល​ដែលមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ មាន​ប្រា​ក់ចាយ​មិន​អស់ ។ ដោយឡែក​អ្នកខ្លះ​កើតមក​នៅក្នុង​ត្រកូល​ក្រីក្រ​បាន​ព្រឹក​ខ្វះ​ល្ងាច បាន​ល្ងាច​ខ្វះ​ព្រឹក ហើយ​ក្រ​តកូនតចៅ ទោះបីជា​ខំប្រឹងប្រែង​ធ្វើ​ការងារ​រកស៊ី​យ៉ាងណាក្តី​ក៏​នៅតែ​ក្រ តើ​នេះ​ជា​ភ័ព្វ​ព្រេងវាសនា​ដែល​ចារ​មកពី​អតីតជាតិ​ឬ​យ៉ាងណា ? ជាក់ស្តែង​ដូចជា​លោកតា ពុធ សឿន នេះ​ជាដើម ទោះបីជា​លោកតា​មាន​អាយុ​រហូតដល់​ទៅ ៨៧ ឆ្នាំ​ហើយក៏​ដោយ ក៏​លោកតា​នៅតែ​ប្រកបមុខរបរ​ធាក់​ស៊ីក្លូ ដើម្បី​គ្រាន់តែ​ចិញ្ចឹម​ក្រពះ​មួយពេលៗ​ប៉ុណ្ណោះ ។

អាយុ ៨៧ ឆ្នាំ​ហើយ នៅតែ​ប្រកបរ​បរធាក់ស៊ីក្លូ​ទៀត

បើទោះបីជា​គាត់​ក្រ ហើយ​មាន​អាយុ​ច្រើន​យ៉ាងណាក្តី តែ​គាត់​នៅតែ​តស៊ូ​ខំប្រឹង​ធាក់​ស៊ីក្លូ​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​រក​ចំណូល​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ដោយ​គាត់​មិន​ដាច់ចិត្ត​ទៅ​ដើរ​សុំទាន​គេ​ឡើយ ។ នៅក្រោម​កម្តៅថ្ងៃ​ក្តៅហែង​នា​វេលា​ម៉ោង​ប្រមាណ​ជា ១២ និង ៣០ នាទី ថ្ងៃត្រង់ ស៊ីក្លូ​មួយ​កំពុង​រំកិល​ខ្លួន​ទៅមុខ​បន្តិច​ម្តងៗ​ដោយ សារ​តែ​កម្លាំង​ជើង​របស់​បុរស​វ័យ​ចំណាស់​ម្នាក់ មើលទៅ​ខ្លួនប្រាណ​របស់គាត់​ជោកជាំ​ទៅដោយ​ស្នាម​ញើស​ហូរ​សស្រាក់​ជោក​អាវ ។ តំណក់ញើស​ដែល​ហូរ​ជោក​ពេញ​ខ្លួន​របស់គាត់​នោះបាន​បង្ហាញថា គាត់​មានការ​ហត់​ហេវ​អស់កម្លាំង ។ យូរៗ​ម្តង​លោកតា ពុធ សឿន បាន​យក​កូនកន្សែង​ដែល​ដាក់​ពាក់​នៅលើ​ស៊ីក្លូ​ជូត​តំណក់ញើស​ដែល​ហូរ​នៅលើ​ផ្ទៃមុខ​របស់គាត់ ។

អាយុ ៨៧ ឆ្នាំ​ហើយ នៅតែ​ប្រកបរ​បរធាក់ស៊ីក្លូ​ទៀត

ចេញពី​ម្តុំ​មហាវិថី​ព្រះ​នរោត្តម ឆ្ពោះទៅ​ម្តុំ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ហើយក៏​ហួស​ទៅ​ម្តុំ​ផ្សារ​អូរឫស្សី គឺ​លោកតា​ខំប្រឹង​ធាក់​ស៊ីក្លូ​ទាំង​ហត់​ហេវ​អស់កម្លាំង​ទាំង​កណ្តាលថ្ងៃត្រង់​នៅពេលដែល​ក្រពះ​របស់គាត់​មិនទាន់មាន​បាយ​មួយ​គ្រាប់​ផង​នោះ ។ គ្រាន់តែ​អ្នកយកព័ត៌មាន​របស់​ទស្សនា​វ​ដ្តី​«​ប្រជាប្រិយ​»​យើង​ទៅដល់​លោកតា​ក៏​ប្រ​ញឹ​ប​ប្រញាប់​ឈប់​ស៊ីក្លូ​អែប​ទៅ​ក្បែរ​ចិញ្ចើមផ្លូវ​ម្ខាង ហើយ​បានរៀបចំ​សម្រួល​ឥរិយាបថ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​យើង​ថា លោកតា​មានឈ្មោះ ពុធ សឿន សព្វថ្ងៃនេះ​លោក តា​មាន​អាយុ ៨៧ ឆ្នាំ​ហើយ ។ លោកតា​មាន​ស្រុកកំណើត​នៅ​ភូមិ​ឈើទាល ឃុំ​សង្កែ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ។ លោកតា​មាន​បងប្អូន​បង្កើត​ទាំងអស់​ចំនួន​ប្រាំ​បីនាក់ ប៉ុន្តែ​សព្វថ្ងៃនេះ​គឺ​នៅសល់តែ​បីនាក់​ប៉ុណ្ណោះ​។

លោកតា​បាន​រៀបការ​តាំងពី​អាយុ​ជាង​ម្ភៃ​មកម្ល៉េះ ប៉ុន្តែ​មិនបាន​ចាំ​ថា រៀបការ​នៅក្នុង​ឆ្នាំ​ណា​នោះឡើយ ហើយ​លោកតា​មានកូន​ប្រុស​ស្រី​ចំនួន​បីនាក់​កូន​របស់​លោកតា​ទាំងអស់នោះ​មានគូស្រករ​អស់ហើយ ប៉ុន្តែ​គ្មាន​កូន​ណា​ម្នាក់​មាន​ជីវភាព​ធូរធារ​អាច​ជាទី​ពំនឹង​ពឹងពាក់​សម្រាប់​ជីវិត​លោកតា​បានឡើយ ។ ចំណែកឯ​ប្រពន្ធ​របស់លោក​តា​នោះ​វិញ​បានទទួល​មរណភាព​កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ​បាត់ទៅហើយ ដោយ​ទុកឱ្យ​លោកតា​រស់នៅ​ជាមួយ​កូនស្រី​មេម៉ាយ​កូន​មួយ​នៅឯ​ស្រុកកំណើត ។ ងាក​មក​ជីវិត​ជា​អ្នកធាក់ស៊ីក្លូ​របស់លោក​តា​វិញ លោកតា​បាន​រៀបរាប់​បន្ត​ទាំង​អួលដើមក​ថា លោកតា​បាន​ចាប់យក​អាជីព​ជា​អ្នកធាក់ស៊ីក្លូ​នេះ​តាំងពី​លោកតា​មាន​អាយុ​ជាង​ម្ភៃ​ឆ្នាំ​មកម្ល៉េះ ។ ក្រោយពី​សម័យ ប៉ុល ពត បាន​ផុតរលត់​ទៅ​លោកតា​ក៏​មិនមាន​មុខរបរ ឬ អាជីព​អ្វី​ក្រៅពី​ធ្វើស្រែ​ចម្ការ​បន្តិចបន្តួច​នៅឯ​ស្រុកកំណើត​នោះឡើយ ។

អាយុ ៨៧ ឆ្នាំ​ហើយ នៅតែ​ប្រកបរ​បរធាក់ស៊ីក្លូ​ទៀត

ដោយហេតុថា​ដី​កសិកម្ម​មាន​ទំហំ​តូច​ពេក​មិនអាច​បំពេញតម្រូវការ​ក្រពះ​បាន​គ្រប់គ្រាន់ លោកតា​ក៏​សម្រេចចិត្ត​ចាប់​អាជីព​ជា​អ្នកធាក់ស៊ីក្លូ​នេះ​សាជាថ្មី បើទោះបីជា​លោកតា​មាន​វ័យ​កាន់តែ​ចាស់ ហើយ​រហូតដល់​មាន​អាយុ ៨៧ ឆ្នាំ​ហើយ​ក្តី ។ ពីដំបូង​ឡើយរ​បរធាក់​ស៊ីក្លូ​នេះ​មាន​ភាព​កាក់កប​គ្រាន់បើ ព្រោះ​សម័យមុន​មិនមាន​យានជំនិះ​ទំនើបៗ​ដូច​សម័យនេះ​ទេ ប៉ុន្តែ​សព្វថ្ងៃនេះ​គេ​មិនសូវ​ចាប់អារម្មណ៍​ជិះ ឬ ជួល​លោកតា​ឱ្យទៅ​ដឹក​អីវ៉ាន់ ដូច​កាលពីមុន​ទៀត​នោះឡើយ​ដែលជា​ហេតុ​ធ្វើឱ្យ​លោកតា​មាន​ជីវភាព​កាន់តែ​ដុនដាប​ទៅៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។ រឹតតែ​ខ្លោចផ្សា​ទៅទៀត​នោះ ស៊ីក្លូ​ដែល​លោកតា​កំពុងតែ​ធាក់​ដើម្បី​រកប្រាក់​នោះ​មិនមែនជា​កម្មសិទ្ធិ​របស់​លោកតា​ឡើយ លោកតា​ត្រូវ​ជួល​ពី​គេ​មក​ធាក់​ក្នុងតម្លៃ​មួយថ្ងៃ ៤ ០០០ រៀល ស្រប​ពេលដែល​ថ្ងៃ​ខ្លះ លោកតា​រក​មិនបាន ២ ០០០ រៀល​ផង ។

ចំណូល​ពី​ការ​ធាក់​ស៊ីក្លូ​របស់លោក​តា​មិន​ទៀងទាត់​នោះទេ ដោយ​ថ្ងៃ​ខ្លះ​មិនមាន​អ្នកជិះ​សោះ​ក៏មាន ហើយ​ថ្ងៃ​ខ្លះទៀត​រកចំណូលបាន​ពី ៥ ០០០ រៀល ទៅ ១០ ០០០ រៀល ហើយ​បើ​មាន​រថយន្ត ឬ ម៉ូតូ​ដែល​គេ​ឃើញ​លោកតា​អាណិត​ហើយ​ឈប់​ហុច​ប្រាក់​ឱ្យនៅ​តាមផ្លូវ​នោះ​ចំណូល​ក៏​កើន​ទៅតាម​នោះដែរ ។ ដោយសារតែ​បងប្អូន​នៅតាម​ដងផ្លូវ​មួយចំនួន​ឃើញ​លោកតា​មាន​រូប​កាយ​ជរា ហើយ​ខំប្រឹង​ធាក់​ស៊ីក្លូ​ដែល​មិន​សម​នឹង​កម្លាំង​មនុស្ស​ចាស់​ផង​នោះ ទើប​ធ្វើឱ្យ​មនុស្ស​ចិត្តបុណ្យ​មួយចំនួន​អាណិតអាសូរ ហើយ​តែងតែ​ហុច​ជា​ប្រាក់​បន្តិចបន្តួច​ជារឿយៗ​មិនដែល​ខាន​ឡើយ ។ ចំពោះ​ប្រាក់​ដែល​បានទទួល​ពី​សប្បុរសជន​នោះ​ទៀតសោត​ក៏​លោត​តា​មិនបាន​ទទួល​មក​ដើម្បី​តែ​ចម្អែត​ក្រពះ​ខ្លួនឯង​នោះដែរ គឺ​ត្រូវ​សន្សំទុក​យកទៅឱ្យ​ចៅៗ​នៅឯ​ស្រុកកំណើត​ដើម្បី​ផ្គត់ផ្គង់​ការរៀនសូត្រ​របស់​ពួកគេ នៅពេលដែល​កូនៗ​ក៏មាន​ជីវភាព​យ៉ាប់យ៉ឺន​ផងដែរ​នោះ ។

អាយុ ៨៧ ឆ្នាំ​ហើយ នៅតែ​ប្រកបរ​បរធាក់ស៊ីក្លូ​ទៀត

ចំពោះ​ទីកន្លែង​ស្នាក់អាស្រ័យ​របស់​លោកតា​នៅក្នុង​ក្រុងភ្នំពេញ​វិញ លោកតា​បាន​បញ្ជាក់ថា លោកតា​ត្រូវ​ស្នាក់នៅ​ក្នុងផ្ទះ​របស់​ម្ចាស់​ស៊ីក្លូ​នេះ​តែម្តង ដោយ​គេ​បានផ្តល់​កន្លែង​សម្រាប់​ស្នាក់នៅ ប៉ុន្តែ​រាល់​ការចំណាយ​លើ​ការហូបចុក​ផ្សេងៗ​គឺជា​ការចំណាយ​របស់​លោកតា​ទាំងស្រុង ។ ​ទោះបីជា​លោកតា​មាន​វ័យ​ចាស់ជរា ហើយ​របរ​នេះ​ជា​របរ​ដែល​រកចំណូលបាន​តិចតួច​ក៏ដោយ ក៏​លោកតា​មិនមាន​គម្រោង​នឹង​បោះបង់​អាជីព​មួយ​នេះ​ចោល​ឡើយ បើទោះបីជា​កម្សត់​វេទនា​យ៉ាងណាក៏ដោយ ក៏​លោកតា​មិន​ព្រម​លើកដៃ​ដើរ​សុំទាន​គេ​ជាដាច់ខាត គឺ​លោកតា​ស៊ូ​ប្រឹង​ធាក់​ស៊ីក្លូ​តាម​កម្លាំង​ញើស​ឈាម​របស់​លោកតា យ៉ាងហោចណាស់​ក៏​លោកតា​នៅមាន​កិត្តិយស​ក្នុងនាម​ជា​អ្នក​ប្រក​បរប​សុចរិត​ថ្លៃថ្នូរ ដែល​គេ​បានឱ្យ​តម្លៃ​នៅក្នុង​សង្គម​ដែរ ។ វ័យ ៨៧ ឆ្នាំ គឺជា​វ័យ​ដែល​ជរា​ណាស់​ទៅហើយ សម្រាប់​មនុស្សលោក​តែ​សម្រាប់​លោកតា​វិញ​បើទោះបី​ជាមាន​វ័យ​ចំណាស់​បែបនេះហើយ​ក្តី លោកតា​នៅតែមាន​កម្លាំង​ធាក់​ស៊ីក្លូ​ទៀត ។ បើ​ទៅ​ថ្ងៃមុខ​លោកតា​មិនមាន​កម្លាំង​គ្រប់គ្រាន់​ក្នុងការ​ធាក់​ស៊ីក្លូ​នេះ​ទៀត គឺមាន​តែ​លើក​ម្រាមដៃ​ដប់​សុំ​ក្តីមេត្តា​ករុណា​ពី​សប្បុរសជន​ប៉ុណ្ណោះ ៕​សយ ស៊ីណា​

អាយុ ៨៧ ឆ្នាំ​ហើយ នៅតែ​ប្រកបរ​បរធាក់ស៊ីក្លូ​ទៀត

​ ​ ​