សហជីព​ចំនួន ៦៥ សុំ​ជួប​អ្នកតំណាងរាស្ត្រ ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​សហជីព​

ភ្នំពេញ: មាន​សហព័ន្ធ​សហជីព​ចំនួន ៦៥ បានធ្វើ​លិខិត​មួយច្បាប់​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា សុំ​ជួប​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពិភាក្សា​យោបល់​និង​កែសម្រួល​ចំណុច​មួយចំនួន នៃ​សេចក្តីព្រាងច្បាប់​សហជីព នៅ​សប្តាហ៍​ទី​៣ នៃ​ខែធ្នូ​ឆ្នាំ​២០១៥ ឬ​ពេលវេលា​សមស្រប​ណាមួយ​។​
   

​លោក​សោម អូន ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា (CCNU) បាន​សរសេរ​ក្នុង​លិខិត កាលពី​ថ្ងៃទី​២៦​ធ្នូ​ឆ្នាំ​២០១៥​ថា សេចក្តីព្រាងច្បាប់​សហជីព​ត្រូវបាន​ផ្តួចផ្តើម និង​ពង្រាង​ឡើង​ដោយ​ជំនាញការ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) តាំងពី​ឆ្នាំ​២០០៨ ហើយ​ត្រូវបាន​ដាក់បញ្ចូល​ជា​របៀបវារៈ​ក្នុង​សិក្ខាសាលា​ត្រីភាគី​ថ្នាក់ជាតិ​ជា​បន្តបន្ទាប់ ដើម្បី​ពិភាក្សា​លម្អិត​ទៅលើ​មាត្រា​នីមួយៗ ហើយ​តាមរយៈ​យន្តការ​នេះ បានធ្វើ​ឲ្យ​សេចក្តីព្រាងច្បាប់​ត្រូវបាន​កែលម្អ​ជា​បន្តបន្ទាប់​។​
    

​លោក​សោម អូន បន្តថា "​ជាពិសេស​កិច្ចប្រជុំ​ពិភាក្សា​ត្រីភាគី​ចុងក្រោយ កាលពី​ចុងខែ​សីហា​ឆ្នាំ​២០១៥ ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ គឺ​បានបង្ហាញ​នូវ​ចំណុច​សំខាន់ៗ គន្លឹះ​ជាច្រើន​ទៀត​ដែល​ត្រូវបាន​កែលម្អ​។ ប៉ុន្តែ​ទោះបី​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​កែសម្រួល​ជា​វិជ្ជមាន​ក៏ដោយ ក៏​យើងខ្ញុំ​ទាំងអស់គ្នា​នៅតែមាន​ការព្រួយបារម្ភ នូវ​ចំណុច​អវិជ្ជមាន​មួយចំនួនទៀត ដែលជា​កង្វល់​របស់​ភា​គី​សហជីព ដែល​យើងខ្ញុំ​យល់ឃើញថា នឹងមាន​ផលប៉ះពាល់​ទៅដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​សហជីព ក្នុងការ​បំពេញបេសកកម្ម​ទាមទារ​សិទ្ធិ និង​ការពារ​ផលប្រយោជន៍​របស់​កម្ម​ករ​និយោជិត ស្របតាម​ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់​ស្តីពី​ការងារ​និង​អនុសញ្ញា​អន្តរជាតិ​លេខ​៩៨ និង​៨៧"​។​
    

​លិខិត​ស្នើសុំ​ខាងលើនេះ ត្រូវបាន​បញ្ជូន​ដល់​រដ្ឋសភា​រួចហើយ ប៉ុន្តែ​ខាង​រដ្ឋសភា​នៅ​មិនទាន់​ឆ្លើយតប​យ៉ាងណា​នៅឡើយ​៕​