រឿង​ Star Wars ថ្មី​​គ្រោង​បំបែក​កំណត់​ត្រា​រក​ចំណូល​១​ពាន់​លាន​ដុល្លារ​​ថ្ងៃ​អាទិត្យ​​នេះ​


រឿង​ Star Wars ថ្មី​​គ្រោង​បំបែក​កំណត់​ត្រា​រក​ចំណូល​១​ពាន់​លាន​ដុល្លារ​​ថ្ងៃ​អាទិត្យ​​នេះ​

ភាពយន្ត​ហូលីវូដ​រឿង​Star Wars: The Force Awakens​ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ទស្សនា​ និង​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កើយ​លុយ​រហូត​ដល់​១​ពាន់​ដុល្លារ​អាមេរិក​ត្រឹម​ថ្ងៃ​អាទិត្យ​ ទី​២៧​ ធ្នូ​ ចុង​សប្តាហ៍​នេះ។

 

រឿង​ Star Wars ថ្មី​​គ្រោង​បំបែក​កំណត់​ត្រា​រក​ចំណូល​១​ពាន់​លាន​ដុល្លារ​​ថ្ងៃ​អាទិត្យ​​នេះ​

 

ក្រុម​ហ៊ុន​ Walt Disney Co បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ ម្សិល​មិញ​ថា Star Wars: The Force Awakens រក​បាន​ចំណូល​៨៩០.៣​​លាន​ដុល្លារ​អាមេរិក​ហើយ​​គិត​គិត​ត្រឹម​ថ្ងៃ​សុក្រ​ ទី​២៥​ ខែ​ធ្នូ ​កន្លង​ទៅ​នេះ​​ ដូច្នេះ​នឹង​រក​បាន​ដល់​១​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ចុង​សប្តាហ៍​នេះ​ដែល​នឹង​ក្លាយ​ជា​ខ្សែ​ភាពយន្ត​រក​ចំណូល​បាន​លឿន​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក។​​

 

ខ្សែ​ភាពយន្ត​នេះ​ទើប​ចាប់​ផ្តើម​ដាក់​បញ្ចាំង​​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ​ មុន​ពេល​ចូល​ទៅ​បញ្ចាំង​លើ​ទី​ផ្សារ​អាមេរិក​ខាង​ជើង។ យោង​តាម​ក្រុម​ហ៊ុន​ស្រាវជ្រាវ​ឧស្សាហកម្ម​ Rentrak បាន​ឲ្យ​ដឹង​ថា ខ្សែ​ភាពយន្ត​នេះ​នឹង​រក​ចំណូល​បាន​១ពាន់​លាន​ដុល្លារ​អាមេរិក​មិន​ហួស​ពី​ថ្ងៃ​អាទិត្យ​​​នេះ​​ឡើយ​​ ដែល​ជា​ថ្ងៃ​ទី​១២​សម្រាប់​ការ​ចាក់​បញ្ចាំង​តាម​រោង​កុន។

 

កំណត់​ត្រា​រក​ចំណូល​បាន​រហូត​ដល់​១​ពាន់​លាន​ដុល្លារ​អាមេរិក​គឺ​រឿង​ Jurassic World របស់​ក្រុម​ហ៊ុន​ Universal Pictures ដែល​ប្រើ​ពេល​បញ្ចាំង​១៣​ថ្ងៃ​​កាល​ពី​ដើម​ឆ្នាំ​នេះ។

 

តាម​ពិត​ទៅ​ខ្សែ​ភាពយន្ត​ “Star Wars” ថ្មី​នេះ​បាន​លើ​​រឿង​ “Jurassic World” ទៅ​ហើយ​សម្រាប់​ការ​បើក​បញ្ចាំង​ចុង​សប្តាហ៍​​ភ្លាម​រក​ចំណូល​បាន​ដល់​៥២៩​លាន​ដុល្លារ​ទូទាំង​ពិភព​លោក។ Disney បាន​ឲ្យ​ដឹង​ថា​ រឿង​នេះ​រក​បាន​៤៤០.៤​លាន​ដុល្លារ​នៅ​អាមេរិក​ និង​កាណាដា​ ព្រម​ទាំង​៤៤៩.៩លាន​ដុល្លារ​សម្រាប់​ទី​ផ្សារ​អន្តរជាតិ​ផ្សេង​ទៀត​ ហើយ​គ្រោង​ចូល​ទី​ផ្សារ​ចិន​ដែល​ជា​ទី​ផ្សារ​ធំ​ទី​ពីរ​ក្នុង​ពិភព​លោក៕

 

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា​
ប្រភព៖ channelnewsasia.com