សម្តេច​ហ៊ុនសែន ខ្លោចចិត្ត ពេល​ជួប​កុមារ​គ​ថ្លង់ កុមារ​ពិការភ្នែក កុមារកំព្រា និង​ជន​គ្មាន​ទីពឹង​

ភ្នំពេញ: ​នៅ​ថ្ងៃអាទិត្យ ទី​២៧ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន បានបង្ហាញ​អារម្មណ៍​ខ្លោចចិត្ត នៅពេល​សម្តេច​ជួប​ជាមួយ​កុមា​រគ​ថ្លង់ កុមារ​ពិការភ្នែក កុមារកំព្រា និង​ជន​គ្មាន​ទីពឹង នៅក្នុង​សប្តាហ៍​នេះ​។

​ដោយ​ភ្ជាប់​នូវ​រូបថត​ដែល​សម្តេច និង​ភរិយា បាន​ជួប​ជាមួយ​កុមា​រគ​ថ្លង់ កុមារ​ពិការភ្នែក កុមារកំព្រា និង​ជន​គ្មាន​ទីពឹង កាលពី​ថ្ងៃទី​២២​ធ្នូ និង​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​កថា "​ក្នុង​សប្តាហ៍​នេះ ពិតជា​រីករាយ លាយឡំ​ជាមួយ​អារម្មណ៍​ខ្លោចចិត្ត ពេល​បាន​ជួប​ជាមួយ​ក្មួយៗ ចៅៗ កុមារ​គ​ថ្លង់ កុមារ​ពិការភ្នែក កុមារកំព្រា និង ជន​គ្មាន​ទីពឹង​"​។​

​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល ហ៊ុនសែន បាន​បន្តថា "​យើង​ធ្លាប់​បានធ្វើ​កិច្ចការ​នេះ តាំងពី​ក្រោយ​ថ្ងៃ​រំដោះ ថ្ងៃ​៧​មករា ១៩៧៩ មក​។ យើង​មិនបាន​ទុកឱយ​កុមារកំព្រា​ណា​ម្នាក់ ស្លាប់ ដោយ​អត់​អាហារ​នោះទេ​។ យើង​មិនបាន​ទុក​ជនពិការ ស្ថិតនៅ​ក្រៅសង្គម​នោះដែរ​។ យើង​មិន​បានធ្វើ​កិច្ចការ​នេះ គ្រាន់តែ​ដើម្បី​ថតរូប​នោះទេ​"​។​

​សម្តេច​តេ​ជោ ហ៊ុនសែន បន្តថា "​ខ្ញុំ និង​ភរិយា បានធ្វើ​កិច្ចការ​នេះ ជាមួយ​ក្តី​ស្រឡាញ់ ក្តី​អាណិត រហូត​ស្រក់​ទឹកភ្នែក​នៅពេល​ខ្លះ​។ ពេលនេះ កូនៗ​របស់ខ្ញុំ បាន នឹង​កំពុង​ចូលប្រឡូក​លើ​ការងារ​នេះហើយ​។ ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​។ កូនៗ​ត្រូវ​ជួយ​អ្នកទន់ខ្សោយ​ក្រីក្រ ពិសេស​ជនពិការ និង កុមារកំព្រា​"៕​