សម្តេចចៅហ្វា​វាំង គង់ សំ​អុល ចុះ​ពិនិត្យ​សកម្មភាពក្រុម​ងារ​សម្តេចឪ បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ប្រជាពលរដ្ឋ ​

ខេត្តកំពង់ឆ្នាំង ៖ សម្តេចចៅហ្វា​វាំង គង់ សំ​អុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ព្រះ​បរមរាជវាំង នៅព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ បាន​អញ្ជើញ​ចុះ​​ពិនិត្យ​សា្ថ​នភា​ព ម៉ាស៊ីន​បូមទឹក​របស់​ក្រុម​សម្តេចឪ ដែល​​​បូមទឹកជួយ​សង្គ្រោះ​ស្រូវប្រាំងរបស់​ប្រជាពលរដ្ឋ ក្នុង​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរ​ណ៍ ។

​តាម​សេចក្តី​រាយ​ការណ៍​របស់ លោក ឃួ​ន សៅ​រុំ អភិបាលស្រុកបរិបូរ​ណ៍ បានឱ្យ​ដឹង​ថា ផ្ទៃដីស្រែប្រាំង​របស់​ប្រជាពលរដ្ឋក្នុង​ឃុំ​កំពង់ព្រះ​គគីរ ដែល​កំពុង​ប្រឈម​នឹង​​​ការ​ខ្វះខាត​ទឹក​នេះ មាន​ចំនួន​៣៥០​ហិ​កតា ។

រយៈពេល​៣​ថ្ងៃ​ហើយ​ ដែល​ក្រុមការងារ​សម្តេចឪបាន​ចុះ​មក​ជួយ​បូមទឹកពី​ទន្លេដាក់​​ចូលប្រឡាយ​មេ និង​បន្ត​បូមទឹកពី​ប្រឡាយ ​ដាក់​​ប​ញ្ជូ​ល​ទៅ​​ក្នុង​ស្រែ​ដើម្បី​ជួយ​សង្គ្រោះ​ស្រូវប្រាំង​ប្រជាពលរដ្ឋ ដោយ​ប្រើប្រាស់ម៉ាស៊ីនទាំងអស់៨​គ្រឿង ក្នុង​នោះ​ម៉ាស៊ីន​ធំ​២​គ្រឿង និង​ម៉ាស៊ីន​តូច​៦​គ្រឿង ​។ ជាមួយ​គ្នា​នេះ​ផង​ដែរ ក្រុមការងារសម្តេចឪ ក៏​បាន​ស្តារ​ប្រឡាយ​មេ ដែល​គោក​រាក់​ប្រវែងជាង​១០០​ម៉ែត្រ​ផង​ដែរ ​ដើម្បី​សម្រួលផ្លូវទឹកឱ្យ​ដល់​គោលដៅដែល​ត្រូវការ​បូម​ដាក់​ស្រែ ។

​មាន​ប្រសា​ស​ន៏ក្នុង​ឱកាសពិនិត្យ​ការ​បូមទឹកជួយ​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ក្នុង​ពេល​នោះ សម្តេចចៅ​ហ្វា​វាំង បាន​មាន​ប្រសា​សន៍ថា ក្រុមការងារ​ដែល​កំពុង​បូមទឹក​ជួយ​សង្គ្រោះ​ស្រូវ​​នៅ​ពេល​នេះ គឺ​ព្រះ​អង្គ​​តែង​តែ​​​យក​ព្រះ​ទ័យទុកដាក់ជួយ​ដល់​​​ប្រជាពលរដ្ឋទូ​ទាំង​ព្រះរាជាណាចក្រកម្ពុជា មិន​ថានៅ​ទីណា​កន្លែង​ណា​នោះ​ទេ ឱ្យ​​តែ​​បងប្អូន​ជួប​ការ​លំបាក​ដោយ​​ខ្វះខាតទឹក​ស្រោចស្រពស្រូវប្រាំង​នោះ ។

​ក្នុង​ឱកាស​នោះដែរ សម្តេចចៅហ្វា​វាំងឧបនាយករដ្ឋមន្ត្រី ក៏​បាន​ឱ្យ​មន្ទីរ​ធនធានទឹក​ខេត្ត  សិក្សាលើ​ប្រឡាយ​មេ និង​ទីកន្លែងបូមទឹកសម្រាប់​ឆ្នាំ​ក្រោយ ត្រូវ​ពង្រីក​ប្រឡាយ និង​ផ្លូវ​ជាប់មាត់​ប្រឡាយ​ឱ្យ​បាន​ធំ និង​នៅ​ចំណុច​មាត់ទន្លេ ត្រូវធ្វើ​សំណង់​ទ្វារ​ទឹកសម្រាប់​បូមទឹកឱ្យ​បាន​ច្រើន ព្រោះ​តាម​សេចក្តី​រាយ​ការ​ណ៍​របស់​លោកអភិបាលស្រុក ថា ផ្ទៃដី​ស្រែប្រាំង​នៅ​តំបន់​នេះ​នៅ​សល់​ច្រើន​ណាស់ ​​ប្រជាពលរដ្ឋធ្វើ​មិន​អស់ ព្រោះតែ​បញ្ហា​ទឹក​ ហេតុនេះ​នៅ​ឆ្នាំ​ក្រោយ​ៗទៀត​បងប្អូន​នឹង​បាន​ទឹក​ធ្វើស្រែ​ប្រាំង​លើ​ផ្ទៃដី​នៅ​តំបន់នេះបាន​ច្រើន​ជា​ពុំខាន ។

​នៅ​ចុងបញ្ចប់នៃ​ការ​ពិនិត្យស្ថានភាព​បូមទឹក​របស់​ក្រុមការងារ​សម្តេចឪ​រួច​មក សម្តេចចៅ​ហ្វា​វាំង គង់ សំ​អុល បាន​ចែក​សារុងដល់​ប្រជាពលរដ្ឋ ​ម្នាក់​១ និងបាន​ចែកព្រះ​ឆាយា​ល័ក្ខ​ណ៍សម្តេចឪ សម្តេចម៉ែ និង​ព្រះ​ឆាយាល័ក្ខណ៍ សម្តេច​ព្រះបាទ​ន​រោ​ត្ត សីហ​មុនី ដល់​ប្រជាពលរដ្ឋ ដែល​បាន​មក​ចូលរួម​នេះផង​ដែរ ៕​