Amata សម្លឹង​ឃើញ​គម្រោង​នៅ​មី​យ៉ា​ន់​ម៉ា បន្ទាប់​ពី​ជោគជ័យ​20​ឆ្នាំ​នៅ​វៀតណាម

ប្រទេស​វៀតណាម ៖ ក្រុមហ៊ុន Amata Corporation បាន​សម្លឹង​ឃើញ​ការ​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​សមាជិក​អាស៊ាន ដែល​ស្ថិត​នៅ​ភាគ​ខាងលិច​ប្រទេស​ថៃ ។
លោកស្រី Somhathai Panichewa នាយិកា​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amata VN ថ្លែង​ថា ៖ « យើង​កំពុង​សម្រេចចិត្ត​អភិវឌ្ឍន៍​នូវ​គម្រោង​អចលនទ្រព្យ​ឧស្សាហកម្ម​នៅ​ទីក្រុង​តូច​មួយ​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​ស្ថិត​នៅ​ក្បែរ Kanchanaburi » ។

លោកស្រី​បាន​បន្ថែម​ជុំវិញ​ព័ត៌មាន​លម្អិត ដែល​គួរតែ​ចេញ​រូបរាង​នៅ​ខែមេសា បន្ទាប់​ពី​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​មាន​ស្ថិរភាព ។ ប្រសិនជា​អាច​ធ្វើ​បាន ក្រុមហ៊ុន​នឹង​វិនិយោគ​តាម​ក្រុមហ៊ុន​សាខា​របស់​ខ្លួន​ដទៃ​ទៀត​ក្នុង​ប្រទេស​សិង្ហ​បុរី ។

Amata Vietnam កាលពី​ស​ប្តា​ហ៍​មុន​បាន​ប្រារព្ធ​នូវ​ខួប​ប្រតិបត្តិការ​ឆ្នាំ​ទី​២០ របស់​ខ្លួន​ក្នុង​ប្រទេស​នេះ ដែល​មាន​បណ្តា​វិនិយោគិន​នានា​ពី​បណ្តា​ប្រទេស​ចំនួន​២១ មក​ចូលរួម​អភិវឌ្ឍន៍​ជាមួយ​ក្រុមហ៊ុន Amata City Bien Hoa ដែល​មា​នទី​តាំងនៅ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម ។

Amata City Bien Hoa បាន​ចាប់ផ្តើម​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៥ ជា​ក្រុមហ៊ុន​បរទេស​ដំបូង​គេ​ដែល​វិនិយោគ​ទៅ​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​វៀតណាម ។ គម្រោង​នោះ​បាន​នាំ​មក​នូវ​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន​២,៣៤​ប៊ី​លាន​ដុល្លារ ដែល​ភាគច្រើន​ជា​វិនិយោគិន​មក​ពី​វិស័យ​ទំនិញប្រើប្រាស់​ដូច​ជា ក្រុមហ៊ុន Nestle , PepsiCo, Toshiba, Shiseido, Kao និង Ritek ។

Amata Vietnam គឺជា​ក្រុមហ៊ុន​សម្ព័ន្ធ​អាជីវកម្ម​រវាង Amata Corp និង Sonadezi Bien Hoa ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឧស្សាហកម្ម​អចលនទ្រព្យ​របស់​រដ្ឋ​ក្នុង​ខេត្ត Dong Nai ភាគ​ឦសាន​ទីក្រុង​ហូ​ជី​មិ​ញ ដែល​អភិវឌ្ឍន៍​លើ​ឧទ្យាន​ឧស្សាហកម្ម​ដែល​មាន​ផ្ទៃដី​៧០០​ហិ​កតា​ក្នុង​ខេត្ត Bien Hao ។

ជាមួយនឹង​វត្តមាន​រោងចក្រ​ចំនួន​១៤៥ ដែល​បង្កើត​បាន​នូវ​ការ​វិនិយោគ​ទំហំ​ទឹកប្រាក់​៨៤​ប៊ី​លាន​បាត ក្រុមហ៊ុន Amata គ្រោង​នឹង​លក់​ដី​ដែល​នៅ​សេសសល់​២០% ក្នុង Amata City Bien Hoa នៅ​ឆ្នាំ​២០១៩ ។

ជាង​នេះ​ទៀត ក្រុមហ៊ុន​គ្រោង​នឹង​វិនិយោគ​ក្នុង​ផ្ទៃដី​១២៨៥​ហិ​កតា​ក្នុង​ទីក្រុង Long Thanh ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចាប់ផ្តើម​អភិវឌ្ឍន៍​នៅ​ឆ្នាំ​ក្រោយ ហើយ​អាច​រកបាន​សម្រាប់​ដាក់​លក់​នៅ​ក្នុង​ឆ្នាំ​២០១៧ ។

តំបន់​នោះ​នឹង​ត្រូវ​បាន​បែងចែក​ជា​បី​គម្រោង​ខុស​ៗ​គ្នា​គឺ ១-​គម្រោង Amata City Long Thanh ដែល​មាន​ទំហំ​ផ្ទៃដី​វិនិយោគ​៤១០​ហិ​កតា នឹង​ត្រូវ​បាន​អភិវឌ្ឍន៍​ជា​ឧទ្យាន​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់​ដែល​មាន​ទិស​ដៅ​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​តម្លៃបន្ថែម​ខ្ពស់ ។ គម្រោង​នេះ​ត្រូវ​បាន​ទទួល​ការ​អនុញ្ញាត​ដោយ​រដ្ឋាភិបាល​វៀតណាម ។ ចំណែក​គម្រោង​ពីរ​ទៀត​រង់ចាំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល គឺ Amata Service City Long Thanh នៅ​លើ​ផ្ទៃដី​១២២​ហិ​កតា និង​គម្រោង Amata Township Long Thanh មាន​ផ្ទៃដី​៧៥៣​ហិ​កតា ។

លោកស្រី Somhathai Panichewa ឱ្យ​ដឹង​ថា ៖ « ការ​វិនិយោគ​នេះ​ត្រូវ​បាន​គេ​ព្យាករ​ទុក​ថា គឺ​ស្ថិត​ក្នុង​អត្រា​២៣​ប៊ី​លាន​បាត​ក្នុង​រយៈពេល​១០​ឆ្នាំ » ។

Amata VN ក៏​គ្រោង​នឹង​អភិវឌ្ឍន៍​នូវ​ឧទ្យាន​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់​មួយ​នៅ​ខេត្ត​ភាគ​ខាងជើង​វៀតណាម Quang Ninh ដែល​គេ​ឲ្យ​ឈ្មោះ​ថា Amata City Halong ដោយ​គ្របដណ្តប់​លើ​ផ្ទៃដី​៥.៧៨៩​ហិ​កតា ជាមួយ​ការ​វិនិយោគ​ប្រមាណ​ជា​១,៦​ប៊ី​លាន​ដុល្លារ ។

លោកស្រី​បន្ត​ថា ៖ « គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អភិវឌ្ឍន៍​ឡើង​ក្រោយ​ឆ្នាំ​២០១៧​។ ម្យ៉ាងទៀត ឧទ្យាន​ឧស្សាហកម្ម​នេះ​នឹង​ផ្តោត​លើ​ការ​ទាក់ទាញ​វិនិយោគិន​ដែល​ស្ថិត​ក្នុង​វិស័យ​នោះ​ដូច​ជា បច្ចេកវិទ្យា​ស្វ័យប្រវត្តិកម្ម ជីវ​បច្ចេកវិទ្យា (​ការ​សិក្សា​ពី​គ្រឿងចក្រ​) បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​គ្រឿង​អេ​ឡិច​ត្រូ​និក » ។

លោកស្រី​បញ្ជាក់​ថា ៖ « វៀតណាម គឺជា​ផ្នែក​មួយ​នៃ​សមាគម​សេដ្ឋកិច្ច​អាស៊ាន កិច្ចព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក ហើយ​នៅ​គ្រានោះ​ដែរ វៀតណាម​កំពុង​រីករាយ​ជាមួយនឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពិសេស​របស់​សហគមន៍​អឺរ៉ុប​ផង​ដែរ ដែល​ទាំង​អស់នេះ​សុទ្ធតែ​ជា​គុណប្រយោជន៍​សម្រាប់​វិនិយោគិន​ដែល​ចង់​ប្រើប្រាស់​វៀតណាម​ជា​មូលដ្ឋាន​នាំ​ចេញ » ៕