AXIS សហការ​ជាមួយ PHILLIP BANK ទាក់ទាញ​ការ​វិនិយោគ​វិស័យ​ខុន​ដូ​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ AXIS ជា​គម្រោង​ខុន​ដូ​មួយ​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ និង​ជា​ខុន​ដូ​ដែល​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​សំណាក់​វិនិយោគិន​ក្រៅប្រទេស ដោយ​បាន​សហការ​ជាមួយ​ធនាគារ Phillip របស់​ប្រទេស​សិង្ហ​បុរី ក្នុង​ការ​ផ្ដល់​ព័ត៌មាន​បឋម​ដល់​វិនិយោគិន​បរទេស​នៅ​បណ្ដា​ប្រទេស​នានា ដែល​មាន​សាខា​ការិយាល័យ​របស់​ធនាគារ Phillip ។ កាលពី​ស​ប្ដា​ហ៍​មុន​នេះ AXIS និង​ធនាគារ Phillip ក៏​បាន​រៀបចំ​កម្មវិធី​ជួបជុំ​រវាង​អតិថិជន​ពិសេស​របស់​ធនាគារ Phillip និង AXIS ផង​ដែរ ដើម្បី​ទទួល​ព័ត៌មាន​លម្អិត​ពី​គម្រោង​ខុន​ដូ AXIS នៅ​ការិយាល័យ​លក់ ។

ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៃ​គម្រោង​ខុន​ដូ AXIS របស់​ក្រុមហ៊ុន Spring CJW Development PTE LTD លោក សំ សុខ​នឿ​ន បាន​មាន​ប្រសាសន៍​ថា ៖ « កិច្ចសហការ​រវាង Phillip និង AXIS គឺ​មាន​គោលបំណង​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ចង់ឱ្យ​អ្នក​វិនិយោគ​ទាំង​នៅ​ស្រុក​ខ្មែរ ទាំង​នៅ​ក្រៅ​ស្រុក​មក​ទទួលយក​ព័ត៌មាន​ថ្មី​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​ស្រុក​ខ្មែរ និង​ដើម្បី​ឱ្យ​ដឹង​ថា មូលហេតុ​អ្វី​ទើប​ពួក​គេ​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ ។ មួយវិញទៀត ធនាគារ Phillip ចង់ឱ្យ​ជនបរទេស​ដែល​មាន​បំណង​មក​វិនិយោគ​ក្នុង​វិស័យ​ខុន​ដូ និង​អចលនទ្រព្យ​នៅ​ស្រុក​ខ្មែរ បានដឹង​ពី​នីតិវិធី​នៃ​ការ​វិនិយោគ​នេះ » ។

លោក​បន្ត​ថា ៖ « អ្នក​វិនិយោគ​នៅ​ក្រៅ​ស្រុក​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​វិស័យ​ខុន​ដូ និង​អចលនទ្រព្យ​នៅ​កម្ពុជា ឬ​ចាប់អារម្មណ៍​គម្រោង​ខុន​ដូ AXIS អាច​ទាក់ទង​សួរ​ព័ត៌មាន​បឋម​ពី​សាខា​ការិយាល័យ​ធនាគារ Phillip  នៅ​បណ្ដា​ប្រទេស​ដែល​មាន​ការិយាល័យ​របស់​ធនាគារ Phillip បាន ហើយ​បើ​ចង់​ដឹង​ព័ត៌មាន​បន្ថែម​ទៀត អតិថិជន ក៏​ដូច​ជា​អ្នក​វិនិយោគ​អាច​មក​ទំនាក់ទំនង​នៅ​ការិយាល័យ​ផ្ទាល់​របស់ AXIS » ។

លោក​បន្ថែម​ថា ៖ « សព្វ​ថ្ងៃនេះ ការ​លក់​គម្រោង​ខុន​ដូ​បាន​សម្រេច​ប្រមាណ​៦៥%​ហើយ ក្នុង​នោះ​ភាគច្រើន​នៃ​អ្នកគាំទ្រ និង​ទិញ​គម្រោង​របស់ AXIS គឺជា​ជនបរទេស ហើយ​ក៏​មាន​ខ្មែរ​យើង​មួយ​ចំនួន​ចាប់ផ្ដើម​ទិញ​គម្រោង​នេះ​ជា​បន្តបន្ទាប់​ដែរ ។ កាលពីមុន អតិថិជន​ខ្មែរ​ដែល​ទិញ​គម្រោង​ខុន​ដូ AXIS មាន​ប្រមាណ​តែ​១០​ប៉ុណ្ណោះ តែ​មក​ដល់​ពេល​នេះ អតិថិជន​ខ្មែរ​បាន​ចាប់ផ្ដើម​យល់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​ស្នាក់​នៅ​ក្នុង​ខុន​ដូ​ច្រើន និង​ចាប់ផ្ដើម​ទិញ​គម្រោង​ខុន​ដូ ក៏​ច្រើន​ដែរ ។ ជាក់ស្ដែង គម្រោង​ខុន​ដូ AXIS ពេល​នេះ​មាន​អតិថិជន​ជា​ជនជាតិ​ខ្មែរ​ប្រមាណ​២០% ដែរ​ហើយ ។ គម្រោង​ខុន​ដូ AXIS សព្វថ្ងៃ​សម្រេច​បានការ​សាងសង់​សរុប​ប្រមាណ​៥% ដោយពេល​នេះ​ជិត​បញ្ចប់​ការ​បុក​គ្រឹះ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែកក្កដា ឆ្នាំ​២០១៨ » ។

ចំណែក​លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា មាន​ប្រសាសន៍​ដែរ​ថា ៖ « ការ​ព្យាករ​នៅ​ឆ្នាំ​២០១៦ គឺជា​ឆ្នាំ​ដែល​មានការ​សាងសង់​ខុន​ដូ​ច្រើន តែបើ​ការ​លក់​វិញ​អាច​នឹង​មិន​ច្រើន ។ ខ្ញុំ​មើលទៅ​ឆ្នាំ​២០១៦ ជា​ឆ្នាំ​ដែល​មានការ​សាងសង់​ខុន​ដូ​ច្រើន តែបើ​ការ​លក់​ខុន​ដូ វា​មិនជា​ល្អ​ប៉ុន្មាន​ទេ ព្រោះ​សង់​ច្រើន​ពេក ហើយ​អ្នក​ដែល​ចង់​ទិញ​ខុន​ដូ គេ​ទិញ​រួច​ហើយ នៅ​តែ​អ្នក​ដែល​ចង់​ទិញ តែ​មិន​មាន​លុយ ។ មួយវិញទៀត តម្លៃ​ខុន​ដូ​វិញ យើង​អាច​មើល​ដឹង​ដោយ​ខ្លួនឯង​បាន​។ សព្វ​ថ្ងៃនេះ អ្នកទិញ​តិច ឯ​អ្នកលក់​ច្រើន » ៕