MATRADE ស្វែងរក​ឱកាស​ជំនួញ​ផ្នែក​វិស័យ​សំណង់​ក្នុង​ប្រទេស​កម្ពុជា

រាជធានី​ភ្នំពេញ ៖ វិស័យ​សំណង់​នៅ កម្ពុជា​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ដែល​ជា​ឱកាស​សម្រាប់​វិនិយោគិន​ក្នុង​និង​ក្រៅប្រទេស​ធ្វើការ​វិនិយោគ ខណៈ​ដែល​វិស័យ​នេះ​បាន​ក្លាយជា​វិស័យ​ឈានមុខ​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ​។

ក្នុង​ខណៈ​ដែល​វិស័យ​នេះ​កំពុង​តែ​មានការ​លូតលាស់​ខ្លាំង​នោះ សាជីវកម្ម​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី  ហៅ​កាត់​ថា MATRADE បាន​ចាប់ផ្តើម​ស្វែងរក​ឱកាស​ជំនួញ​ផ្នែក​វិស័យ​សំណង់​នៅ​កម្ពុជា បន្ទាប់​ពី​ទទួល​ជោគជ័យ​លើ​ផ្នែក​សាងសង់​ស្តង់ដា​អន្តរជាតិ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។

ផ្តើម​ពី​ឱកាស​ជំនួញ​នេះ សាជីវកម្ម​អភិវឌ្ឍន៍​ពាណិជ​កម្ម​មួយ​នេះ បាន​ធ្វើ​សិក្ខាសាលា​មួយ​ស្តី​ពី « ឱកាស​ជំនួញ​ក្នុង​វិស័យ​សំណង់​រវាង​ម៉ា​ឡេ​ស៊ី និង កម្ពុជា » កាលពី​ថ្ងៃ​ទី​២៣ ធ្នូ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ដែល​សហការ​ដោយ​សភាពាណិជ្ជកម្ម​កម្ពុជា ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ដល់​បណ្តាល​ក្រុមហ៊ុន​សាងសង់​កម្ពុជា ដែល​មាន​ចំណាប់អារម្មណ៍​ស្វែងរក​ផលិតផល និង​បច្ចេកវិទ្យា​ថ្មី​ៗ​ក្នុង​ការ​សាងសង់​អគារ ជាមួយ​ដៃគូ​ដ៏​ស័ក្តិសម​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន។

សិក្ខាសាលា​នេះ MATRADE ណែនាំ​ដោយ​ក្រុមហ៊ុន​ឈានមុខ​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​មាន​សមត្ថភាព បទ​ពិសោធន៍ និង​ជំនាញ​ជា​ច្រើន និង​បាន​ទទួល​ជោគជ័យ​លើ​ផ្នែក​សាងសង់​ដូច​ជា ផ្លូវថ្នល់ អគារ កំពង់​ផែ ព្រ​លាន​យន្តហោះ ផ្គត់ផ្គង់​ទឹក ប្រព័ន្ធ​ថាមពល ទូរគមនាគមន៍ និង​មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​មាន​ល្បឿន​លឿន ។ បច្ចុប្បន្ន​នេះ រួម​ជាមួយនឹង​បទ​ពិសោធន៍ និង​សមត្ថភាព ក្រុម​ទទួល​ម៉ៅ​ការ​សំណង់​ម៉ា​ឡេ​ស៊ី បាន​រៀបចំ​យ៉ាង​ត្រឹមត្រូវ​ទៅ​តាម​ស្តង់ដា​អន្តរជាតិ ហើយ​ក៏​បាន​ជាប់​ចំណាត់ថ្នាក់​ជា​អ្នក​ផ្គត់ផ្គង់​សេវា​សាងសង់​លំដាប់ថ្នាក់​ពិភពលោក​ផង​ដែរ ។

ចាប់ពី​ឆ្នាំ​១៩៨៦ ដល់​ចុងឆ្នាំ​២០១២ ក្រុមហ៊ុន​របស់​ម៉ា​ឡេ​ស៊ី​ទទួល​បាន​គម្រោង​ចំនួន​៦៩១ មក​ពី​៤៩​ប្រទេស សរុប​ជា​ទឹកប្រាក់​ចំនួន​៩៥.៤០​ពាន់​លាន​រីង​ហ្គី​ត ។ ជាមួយនឹង​ចំណេះដឹង​ដ៏​ខ្ពង់ខ្ពស់ និង​ជំនាញ​បទ​ពិសោធន៍ វិស្វករ​ម៉ា​ឡេ​ស៊ី​មាន​ភាព​ល្បីល្បាញ​ក្នុង​ការ​បំពេញតម្រូវការ​សាងសង់​ដែល​មាន​ដូច​ជា ការ​រចនា​ផ្ទៃ​ខាងក្នុង លំនៅ​ឋាន​ឯកជន​សិទ្ធិ​ពិសេស គម្រោង​អភិវឌ្ឍន៍​អគារ​ខ្ពស់​ៗ ខុន​ដូ ការ​ធ្វើ​គម្រោង​មេ​នៃ​ការ​សាងសង់​លំនៅ​ឋាន ទីក្រុង​រណប មន្ទីរ​វប្បធម៌ ទេសចរណ៍ និង​កីឡា ។​ល​។ វិស្វករ​ម៉ា​ឡេ​ស៊ី​បាន​សម្រេច​គម្រោង​ក្រៅ​ស្រុក​ដែល​មាន​កិត្យានុភាព​ជា​ច្រើន ដែល​មាន​ចាប់ពី​លំនៅ​ឋាន ខុន​ដូ សណ្ឋាគារ ផ្សារ​ទំនើប ផែនការមេ​ជុំវិញ​ពិភពលោក ដូច​ជា សិង្ហ​បុរី វៀតណាម ចិន ឥណ្ឌា ប៉ា​គី​ស្ថាន អា​រ៉ាប់​រួម និង​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត ។

ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី គឺជា​ក្រុមហ៊ុន​ដំបូង​គេ​បំផុត​ប្រចាំ​អាស៊ី​អាគ្នេយ៍​ដែល​បាន​ចូលរួម​ក្រុមចម្រុះ​អន្តរជាតិ ដែល​បាន​ធ្វើ​ពហុ​កីឡដ្ឋាន Khalifa សម្រាប់ Asian Game 2006 នៅ​ដូ​ហា រួម​ទាំង​គម្រោង​ប្រវត្តិសាស្ត្រ​ដែល​មានការ​ច្នៃប្រឌិត​ដោយ​វិស្វករ​ម៉ា​ឡេ​ស៊ី ក្នុង​នោះ​មាន​អគារ​ជា​ច្រើន​នៅ​តាម​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី និង​អា​រ៉ាប់​ផង​ដែរ ។
លោក​អគ្គរាជទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ៖ «​កម្ពុជា​នឹង​ទទួល​បាន​វិនិយោគិន​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ច្រើន​បន្ថែម​ទៀត បន្ទាប់​ពី​សមាហរណកម្ម​អាស៊ាន ។ បច្ចុប្បន្ន​វិនិយោគិន​ម៉ា​ឡេ​ស៊ី កំពុង​សម្លឹង​ឃើញ​កម្ពុជា​ជាទី​ផ្សារ​ធំ​សម្រាប់​ការ​វិនិយោគ​ពេល​ចូល​សមាហរណកម្ម ជា​ពិសេស​គឺ​ពេល​អនាគត​លើ​មុខ​ទៅ​លើ​វិស័យ​សំណង់​របស់​កម្ពុជា​ដែល​កំពុង​មាន​សន្ទុះ​ខ្លាំង​នេះ​» ៕