អារ​ដើមឈើ​រំលំ​ រត់​មិន​ទាន់​ សង្កត់​ស្លាប់​ម្នាក់ ​នៅ​ស្រុក​វាល​វែង

ខេត្តពោធិ៍សាត់ ​៖ ​បុរស​ជា​អ្នកចំការ​ម្នាក់​ត្រូវ​ដើមឈើ​រលំ​សង្កត់​លើ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ខ​ណៈពេល​ដែល​បុរស​រូប​នោះ​អារ​រំលំ​ដើមឈើ​មួយ​ដើម​ដើម្បី​​យក​កន្លែង​ធ្វើ​ចំការ ​​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីវេលា​ម៉ោង​៣ និង​៤៥​នាទី​រសៀល​​ ថ្ងៃ​ទី​២៥ ធ្នូ​ ២០១៥​ នៅ​ក្នុង​ព្រៃ​ម្ដុំ​ចំណុច​ស្ទឹង​ខៀវ​ ស្ថិត​ក្នុងភូមិ​ចំការ​ជ្រៃ​ខាងជើង​ ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ​ខេត្តពោធិ៍សាត់​។

​លោក​វរសេនីយ៍ត្រី ធាង ឡេ​ង អធិការ​នគរបាល​ស្រុក​វាល​វែង​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ម៉ៅ កែវ​មុនី ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ រស់នៅ​ស្រុក​វាល​វែង​ ​មានមុខរ​បរជា​អ្នក​ធ្វើ​ចំការ​។

​សមត្ថកិច្ច​​បាន​ទៅ​ដល់​ត្រឹមតែ​ផ្ទះ​ជន​រង​គ្រោះ​ប៉ុណ្ណោះ​ គឺ​ពុំ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​នោះ​ទេ​ ព្រោះ​នៅ​ទីនោះ​ឆ្ងាយ​ពី​ទីប្រជុំជន ​ហើយ​ពុំ​មាន​ផ្លូវ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ ឫ​រថយន្ត​ទៅ​ដល់​ដែរ ​គឺ​ទៅ​បាន​ដោយ​ការ​ដើរ​ឆ្លងកាត់​ព្រៃ​ភ្នំ​ជ្រោះ​ជ្រង​ជ្រលង​ដងអូរ​យ៉ាង​លំបាក​បំផុត​។​

នៅ​ថ្ងៃ​នោះ​ជន​រង​គ្រោះ ​និង​ក្រុម​គ្រួ​សារបាន​ទៅ​កាប់​ឆ្ការព្រៃ​ដើម្បី​វាត​យក​កន្លែង​ធ្វើ​ចំការ​។ ​ជន​រង​គ្រោះ​បាន​ព្យាយាម​អារ​ផ្ដួល​ដើមឈើ​មួយ​ដើម​ធំ ​ហើយ​នៅ​ពេល​រលំ​ជន​រង​គ្រោះ​បាន​គេច​ទៅ​ចំហៀង​ខ្លាច​គល់ឈើ​បុក​ត្រូវ ខ​ណៈនោះ​ដើមឈើ​ទាក់​វ​ល្លិ៍​មិន​ដួល​តាម​គោលដៅ​បែរជា​ដួល​មក​ចំហៀង​វិញ​បណ្ដាល​ឲ្យ​មែកឈើ​វាត់​ចំ​ក្បាល​បុរស​រូប​នោះ ​និង​សង្កត់ពីលើ​ស្លាប់​តែ​ម្ដង​។

​ភ្លាម​ៗ​នោះ​បង​ប្អុ​ន​ក្រុម​គ្រួសារ​ដែល​ទៅ​ជាមួយ​បាន​អារ​មែកឈើ​យក​សាកសព​មក​ធ្វើបុណ្យ​នៅផ្ទះ​ថ្ងៃ​ទី​២៦ ធ្នូ ​ទើប​សមត្ថកិច្ច​​ដឹង​ ដោយសារ​ក្រុម​គ្រួសារ​ពុំ​បាន​រាយ​ការណ៍​ប្រាប់​នោះ​ទេ​។

បន្ទាប់​ពី​ធ្វើ​កោសល្យវិច្ច័យ​រួច​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​មែកឈើ​វាយ​ចំ​ក្បាល​ពិតប្រាកដ​មែន​៕

អារ​ដើមឈើ​រំលំ​ រត់​មិន​ទាន់​ សង្កត់​ស្លាប់​ម្នាក់ ​នៅ​ស្រុក​វាល​វែង
អារ​ដើមឈើ​រំលំ​ រត់​មិន​ទាន់​ សង្កត់​ស្លាប់​ម្នាក់ ​នៅ​ស្រុក​វាល​វែង
អារ​ដើមឈើ​រំលំ​ រត់​មិន​ទាន់​ សង្កត់​ស្លាប់​ម្នាក់ ​នៅ​ស្រុក​វាល​វែង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត