ផ្លាស់ប្តូរ​អភិបាលខេត្ត​ស្ទឹងត្រែង ដក​លោក កុល សំអុល ដាក់​លោក មុំ សារឿន​

ភ្នំពេញ: លោក មុំ សារឿន អភិបាលរង​ខេត្តស្ទឹងត្រែង ត្រូវបាន​ព្រះមហាក្សត្រ សម្រេច​តែងតាំង​ជា​អភិបាលខេត្ត​ស្ទឹងត្រែង ជំនួស​លោក កុល សំអុល ដែល​ត្រូវ​ផ្លាស់​ទៅ​បំរើការ​ងារ​នៅ​ក្រសួងមហាផ្ទៃ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​អគ្គ​នាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥​។​

​ពិធី​ផ្ទេរតំណែង​អភិបាលខេត្ត​ស្ទឹងត្រែង នឹងធ្វើ​ឡើង នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​
    
​សូម​រម្លឹកថា អភិបាលខេត្ត​ព្រៃវែង ក៏​ត្រូវបាន​ផ្លាស់ប្តូរ​ផងដែរ​។ នោះ​គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា សុ​មេធី កូនប្រុស​ពៅ​របស់​សម្តេច​ជាស៊ីម ត្រូវបាន​ព្រះមហាក្សត្រ តែងតាំង​ជា​អភិបាលខេត្ត​ព្រៃវែង ជំនួស​លោក ហាស់ សារ៉េត ដែល​ត្រូវ​ចូលនិវត្តន៍​។ ព្រះរាជក្រឹត្យ តែងតាំង​លោក ជា សុ​មេធី ជា​អភិបាល​ខេត្តព្រៃវែង ចុះ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ ហើយ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​ដល់​អ្នកកាសែត នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥៕​