នៅថ្ងៃទី ២៩ធ្នូ គណៈកម្មការ​​ចំពោះ​​កិច្ច បក្សទាំងពីរ នឹង​ជួបពិភាក្សាគ្នា​លើ សេចក្តី​ព្រាងច្បាប់​សហជីព

ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ច មកពី គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកប៉ែន បញ្ញា ជាប្រធាន និងលោកសុនឆ័យ ជាអនុប្រធាន នឹងជួបពិភាក្សាលើ សេចក្តីព្រាងច្បាប់សហជីព នាសប្តាហ៍ ក្រោយចំថ្ងៃទី២៩ធ្នូ ឆ្នាំ២០១៥ខាងមុខនេះ។

លោកសុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃទី២៧ ខែធ្នូនេះថា ក្រុមសហជីពមិនពេញចិត្តចំនួន១០ចំណុច ក្នុងសេចក្តីព្រាងច្បាប់ ដូចជាច្បាប់ការងារ ច្បាប់អង្គការសមាគម និងស្នើរសុំមិនអោយរដ្ឋាភិបាលដឹងពីការចំណាយចំណូលថវិការរបស់អង្គការមួយចំនួន។ បន្ទាប់ពីជួប និងពិនិត្យចប់ ភាគីទាំង២នឹងដាក់ទៅកាន់រដ្ឋសភាដើម្បីអនុម័ត។

លោក សុខ ឥសាន្ត មិនទាន់ប្រាប់ពីពេលវេលាប៉ុន្មាន នៃការជជែករឿងនេះទេ។ កិច្ចពិភាក្សានោះ នឹងមិនមានពិភាក្សាលើបញ្ហាអ្វីផ្សេងទេ ព្រោះខុសពីប្រធានបទ ដែលសហជីពចង់បាន។

លោក សុខ ឥសាន្ត “គណៈកម្មការចំពោះកិច្ច នឹងជួយគ្នាជាបឋមប្រហែងជាលើកយកអំពីចំណុចទាំងឡាយ ដែលសហជីពមួយចំនួនបានលើកឡើងពីកង្វល់របស់ខ្លួន គណៈកម្មការចំពោះកិច្ច យើងទទួលតែភារៈកិច្ចណា ដែលបានផ្ដល់មតិ ទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពតែប៉ុណ្ណោះ គោលបំណងលើកយកចំណុច ដែលសហជីពព្រួយបារម្ភមកពិនិត្យឡើងវិញ”។

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរិទ្ឋ លើកឡើងស្រដៀងលោកសុខឥសាន្តដែរ ប៉ុន្តែខុសត្រង់ថា នៅថ្ងៃទី២៨ធ្នូស្អែកនេះ បក្សប្រឆាំងនឹងជួប ជាមួយសហជីព ដោយឡែកជាមុនសិន ដើម្បីប្រមូលព័ត៌មានថែមទៀតមុនជួបគ្នានៅថ្ងៃទី២៩ធ្នូ។

ប្រធានសហជីពស៊ីខាដូ លោកអាត ធន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថាកិច្ចពិភាក្សារវាងគណកម្មាធិការចំពោះកិច្ច របស់គណបក្សទាំង២នេះ ជាអ្វីដែលក្រុមសហជីពចង់បាន។ លោកគាំទ្របើបក្សទាំង២ ធ្វើការងារជាមួយគ្នាដោយស្រូល ដើម្បីអោយប្រយោជន៍ រត់ទៅរកកម្មករ តែបើនៅតែមិនត្រូវគ្នា ឬប្រែប្រួលយ៉ាងណានោះ អ្នករងគ្រោះគឺជាកម្មករ ហើយការគាំទ្រគណបក្សទាំងនឹងថមថយ។  

ការសំរេចបង្កើតគណៈកម្មការចំពោះកិច្ច ធ្វើឡើងបន្ទាប់ពី សម្តេចក្រឡាហោម ស ខេង និងឯកឧត្តមកឹម សុខា ជួបគ្នាជាថ្មីម្តងទៀត នៅវិមានរដ្ឋសភានៅកាលពីល្ងាចថ្ងៃទី១០ ធ្នូ។ ភាគីទាំង២បានបង្ហាញលទ្ឋផលចំនួន៤ចំនុចៈ
 
១-ចំពោះមុខនេះ បង្កើតគណៈកម្មការចំពោះកិច្ចដែលចូលរួមដោយគណបក្សទាំងពីរ ដើម្បីពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសហជីព។
២-បង្កើតក្រុមការងារដែឡចូលរួមដោយគណបក្សទាំងពីរ ដើម្បីសិក្សាស្រាវជ្រាវពិនិត្យលទ្ធភាពដំឡើងកម្រិតនៃវប្បធម៌សន្ទនា ដោយឈរលើស្មារតី នៃសេចក្តីថ្លែងការណ៍រួមរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥សំដៅឲ្យមានការជឿទុកចិត្តគ្នា រវាងគណបក្សនយោបាយ នៅក្នុងរដ្ឋសភា ក្នុងការផ្សះផ្សាបង្រួបបង្រួមជាតិឲ្យបានស្ថិតស្ថេរយូរអង្វែង។
៣-ពង្រឹងរបៀបរបបការងារ និងទំនាក់ទំនងការងារព្រមទាំងការផ្តល់មធ្យោបាយសំរាប់ថ្នាក់ដឹកនាំ តំណាងរាស្ត្រនៃគណបក្សនយោបាយក្នុងរដ្ឋសភា សំដៅរួមគ្នាលើកកម្ពស់ប្រសិទ្ធភាពនៃស្ថាប័នរដ្ឋសភា។
៤-បន្តដោះស្រាយបញ្ហានានាដែលនៅសេសសល់ ដោយឈរលើស្មារតី បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងនីតិរដ្ឋ៕

នៅថ្ងៃទី ២៩ធ្នូ គណៈកម្មការ​​ចំពោះ​​កិច្ច បក្សទាំងពីរ នឹង​ជួបពិភាក្សាគ្នា​លើ សេចក្តី​ព្រាងច្បាប់​សហជីព