ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​ស្ទឹងត្រែង​ស្នើសុំ​សិទ្ធិ​គ្រប់គ្រង​ដី​ព្រៃ​សហគមន៍

ពលរដ្ឋ​រស់នៅ​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ស្នើ​អាជ្ញាធរ​ខេត្ត​ផ្តល់​សិទ្ធិ​គ្រប់គ្រង​ដី​ព្រៃ​សហគមន៍​ជា​ថ្មី បន្ទាប់​ពី​អ្នក​ភូមិ​ប្រមាណ​ជាង ២០០​នាក់ បាន​បោះ​ឆ្នោត​បង្កើត​ជា​សហគមន៍​ការពារ​ព្រៃ​ឈើ​កាល​ពី​ថ្ងៃ​ទី​៨ ធ្នូ។ សំណើ​នេះ បន្ទាប់​ពី​ព្រៃ​ឈើ​នៅ​តំបន់​នោះ រង​ការ​កាប់​បំផ្លាញ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច និង​ឈ្មួញ ជាពិសេស​ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគ​តិច។

អ្នក​ភូមិ​កំពុង​រក​មធ្យោបាយ​អភិរក្ស​ព្រៃ​ឈើ និង​ដើម​ឈើ​ផលិត​ជ័រ​ទឹក ដោយ​បង្កើត​ជា​សហគមន៍​ការពារ​ព្រៃ​ឈើ បន្ទាប់​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ទ្រី ភាព និង​ក្រុមហ៊ុន គ្រឺន ស៊ី នៅ​តែ​បន្ត​កាប់​ព្រៃ។

ប្រធាន​សហគមន៍​ការពារ​ព្រៃ​ដែល​ទើប​ជាប់​ឆ្នោត លោក ទា សន ប្ដេជ្ញា​ថា​នឹង​ស្វែង​រក​មធ្យោបាយ​អភិរក្ស​ព្រៃ​ឈើ​ក្នុង​នាម​ជា​ប្រធាន​សហគមន៍ និង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​គ្រប់គ្រង​ការពារ​ព្រៃ​សហគមន៍​ចំណុច​អូរ​រ៉ុង៖ «សន្យា​ថា បើ​ខ្ញុំ​ធ្វើ​មិន​កើត​ទេ សុខ​ចិត្ត​ចុះ​ចេញ។ ធ្វើ​អី គឺ​អាស្រ័យ​លើ​ច្បាប់ បើ​ថា​ច្បាប់​ប៉ៃឡាំ​ហើយ លោក​មក​ពី​ទេវតា​ក៏​ទៅ​អត់​រួច​ដែរ»

សហគមន៍​ការពារ​ព្រៃ​ឈើ​ចំណុច​អូរ​រ៉ូង ចែក​ចេញ​ជា​បី​ផ្នែក រួម​មាន សហគមន៍​ការពារ​ព្រៃ​ឈើ​កំភោគ សហគមន៍​ព្រៃ​ឈើ​ខិះ​ក្រោម និង​សហគមន៍​ព្រៃ​ឈើ​ខិះ​ស្វាយ ហើយ​ផ្នែក​នីមួយៗ​មាន​សមាជិក​ស្ម័គ្រ​ចិត្ត​ពី​អ្នក​ភូមិ​ចាប់​ពី​ជាង ៥០​នាក់​ដល់​ជាង ១០០​នាក់ និង​បែង​ចែក​ដាក់​វេន​គ្នា​ចុះ​ល្បាត​ជា​ប្រចាំ។ យ៉ាង​ណា សហគមន៍​មិន​ទាន់​កំណត់​ផ្ទៃ​ដី​ព្រៃ​សម្រាប់​សហគមន៍​គ្រប់គ្រង​នៅ​ឡើយ។ សហគមន៍​បាន​ស្នើ​គ្រប់គ្រង​ដី​ព្រៃ​សមូហភាព​ប្រមាណ​ជាង ៣​ពាន់​ហិកតារ ក្នុង​នោះ​មាន​ដើម​ឈើ​ផលិត​ជ័រ​ទឹក​រាប់​ម៉ឺន​ដើម។

ជនជាតិ​ដើម​ភាគ​តិច​ដែល​ចូលរួម​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​បង្កើត​សហគមន៍​ការពារ​ព្រៃ​ឈើ លោកស្រី ទា ណន កត់​សម្គាល់​ថា ចាប់​តាំង​ពី​មាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មក ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​អ្នក​ភូមិ​រាប់​ម៉ឺន​ដើម ត្រូវ​គេ​កាប់​បំផ្លាញ បង្ក​ឲ្យ​បាត់​ចំណូល​សេដ្ឋកិច្ច​គ្រួសារ​ពួក​គាត់។ លោកស្រី​មាន​ជំនឿ​ថា ដើម​ឈើ​ផលិត​ជ័រ​ទឹក​ដែល​នៅ​សេសសល់​ពី​ការ​កាប់​បំផ្លាញ​ពី​ក្រុមហ៊ុន នឹង​គង់វង្ស បើ​ដី​ព្រៃ​មួយ​ផ្នែក​គ្រប់គ្រង​ដោយ​សហគមន៍៖ «ត្រង់​ណា​ក៏​ដី​ក្រុមហ៊ុន។ ពិបាក​មែន​ទែន​ទោះ​បី​ថា​ហូប​ចុក​តិចតួច ពិបាក​ណាស់​សព្វថ្ងៃ។ ពី​មុន​ក្រុមហ៊ុន​មិន​ទាន់​មក​គ្រាន់​បើ​ខ្លះ រក​ស៊ី​ធូរធារ»

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន ទ្រី ភាព និង​ក្រុមហ៊ុន គ្រឺន ស៊ី ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៥ ធ្នូ។

មេ​ឃុំ​ព្រែកមាស លោក ផូង លុន ទទួល​ស្គាល់​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​បាន​សម្រុក​កាប់​ឈើ​នៅ​តំបន់​នោះ​រយៈពេល​ជិត ៣​ឆ្នាំ​ហើយ និង​បង្ក​ផល​ប៉ះពាល់​ដល់​មុខ​របរ​អ្នក​ភូមិ។ អាជ្ញាធរ​មូលដ្ឋាន​ពុំ​មាន​លទ្ធភាព​ទប់ស្កាត់​ឡើយ។ លោក​រំពឹង​ថា ការ​បង្កើត​សហគមន៍​ការពារ​ព្រៃ​ឈើ​ចំណុច​អូរ​រ៉ុង នឹង​អភិរក្ស​ព្រៃ​ឈើ​មាន​ប្រសិទ្ធភាព បន្ទាប់​ពី​អ្នក​ភូមិ​ជា​សមាជិក​សហគមន៍ គឺ​ជា​ភ្នែក​ច្រមុះ​ឃ្លាំ​មើល​ពី​បទល្មើស​ព្រៃ​ឈើ៖ «ឃើញ​តែ​ដឹក​កាប់​រហូត​តាំង​ពី​ឈើ​ប្រណីត រហូត​ដល់​ឈើ​ធ្វើ​ផ្ទះ។ ធ្នង់​វា​អស់​បាត់​ទៀត​ហើយ»

អភិបាល​រង​ខេត្ត​ស្ទឹងត្រែង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត លោក ដួង ពៅ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​នៅ​មិន​ទាន់​ទទួល​ព័ត៌មាន​ស្ដីពី​ការ​ស្នើសុំ​បង្កើត​សហគមន៍​នៅ​ឡើយ​ទេ ប៉ុន្តែ​រាល់​ការ​អភិរក្ស​ព្រៃ​ឈើ​ជា​ចំណុច​សំខាន់ ដែល​អាជ្ញាធរ​ខេត្ត​បាន​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ឲ្យ​អ្នក​ពាក់ព័ន្ធ ចូលរួម​អភិរក្ស​ដោយ​បង្កើត​ជា​សហគមន៍​ការពារ​ព្រៃ​ឈើ​សមូហភាព។ លោក​ថា អាជ្ញាធរ​ខេត្ត​នឹង​ចូលរួម​សម្រប​សម្រួល​បង្កើត​ទម្រង់​បែបបទ​ឋានានុក្រម​គ្រប់គ្រង និង​ច្បាប់​សហគមន៍ ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​អ្នក​ពាក់ព័ន្ធ សហការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ៖ «គាត់​ត្រូវ​តែ​សហការ​ជាមួយ​អាជ្ញាធរ ជាមួយ​សមត្ថកិច្ច​ជំនាញ ដើម្បី​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស។ ការ​ថែ​រក្សា​ទាំង​ការ​សម្រប​សម្រួល​ផ្នែក​បច្ចេកទេស អង្គភាព​ពាក់ព័ន្ធ​ក៏ដូចជា​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ កសិកម្ម​ត្រូវ​ចូលរួម»

ព្រៃ​ឈើ​នៅ​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង លាត​សន្ធឹង​លើ​ផ្ទៃ​ដី​រាប់​ម៉ឺន​ហិកតារ ជាប់​ព្រំដែន​កម្ពុជា-ឡាវ ហើយ​ព្រៃ​ឈើ​មួយ​ផ្នែក​នៅ​តំបន់​នោះ គ្រប់គ្រង​ដោយ​អង្គការ​អភិរក្ស​សត្វ​ស្លាប​ពិភពលោក។ ឃុំ​នេះ​មាន​ពលរដ្ឋ​រស់នៅ​ជាង ៧០០​គ្រួសារ ស្មើ​នឹង​ពលរដ្ឋ​ជិត ៤​ពាន់​នាក់។ ពលរដ្ឋ​រស់នៅ​ទីនោះ ភាគ​ច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច ដូចជា ខិះ កាវែត និង​ជនជាតិ​ភាគ​តិច​ឡាវ។

អភិបាល​ខេត្ត​ស្ទឹងត្រែង លោក កុល សំអុល ធ្លាប់​ជំរុញ​ឲ្យ​អ្នក​ពាក់ព័ន្ធ យក​ចិត្ត​ទុក​ដាក់​អភិរក្ស​ព្រៃ​ឈើ និង​គាំទ្រ​រាល់​ការ​បង្កើត​សហគមន៍​ការពារ​ព្រៃ​ឈើ។

យ៉ាង​ណា មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) លោក ហូ សំអុល ស្នើ​ឲ្យ​រដ្ឋាភិបាល ពន្លឿន​ការ​ផ្តល់​សិទ្ធិ​គ្រប់គ្រង​ព្រៃ​សហគមន៍​សមូហភាព។ លោក​ថា បើ​នៅ​តែ​ពន្យារ​ពេល ព្រៃ​ឈើ​នៅ​តំបន់​នោះ​នឹង​កាន់​តែ​រង​ការ​កាប់​បំផ្លាញ ជាពិសេស​ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគ​តិច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។