ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​កំពុង​យកចិត្តទុកដាក់​បរិស្ថាន​បៃតង

ប្រទេស​វៀតណាម ៖ ស្រប​ពេល​មានការ​អភិវឌ្ឍ​ខាង​វិស័យ​អចលនទ្រព្យ ខណៈ​ប្រាក់​ចំណូល​កើនឡើង​នោះ​បាន​ជំរុញ​ដល់​អ្នក​រស់នៅ​តំបន់​ទីក្រុង​ឱ្យ​បង្កើន​ការ​យកចិត្តទុក​ដាក់​អំពី​បញ្ហា​សុខភាព និង​គុណភាព​នៃ​បរិយាកាស​ជីវភាព​រស់នៅ​របស់​ពួក​គេ ។

ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ជា​ច្រើន​បាន​បង្កើត​ជា​តំបន់​លំនៅ​ឋាន​ឯកជន​ទំនើប​ៗ មាន​បរិស្ថាន​បៃតង​ដ៏​ស្រស់បំព្រង ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​នៅ​ទីក្រុង ដែល​ចង់​រស់នៅ​ផ្ទះ​មាន​បរិស្ថាន​បៃតង ហើយ​ផ្តល់​នូវ​បរិយាកាស​ល្អ​សម្រាប់​ការ​រស់នៅ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ខណៈ​ចង់​គេចវេះ​ពី​សភាព​មមាញឹក និង​មាន​ធូលី​ច្រើន​នៅ​ក្នុង​ទីក្រុង ។

តំបន់​ទីក្រុង​ថ្មី និង​ច្រក​ទ្វារ​ចូល សហគមន៍ ដូច​ជា Ciputra, The Manor ក្នុង​ក្រុង​ហាណូយ ឬ Phu My Hung ក្នុង​ក្រុង​ហូ​ជី​មិ​ញ កំពុង​តែ​ទាក់ទាញ​នូវ​ចំណាប់អារម្មណ៍​ពី​អតិថិជន ខណៈ​គម្រោង​ទាំងនោះ​សម​ស្រប​នឹង​ប្រាក់​ចំណូល​ខ្ពស់​របស់​អ្នក​រស់នៅ​ទីក្រុង ។

BIM Group ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ឈានមុខ​មួយ​នៅ​វៀតណាម ថ្មី​ៗ​នេះ​បាន​បង្ហាញ​ម៉ូ​ដែល​នៃ​ច្រក​ទ្វារ​ចូល​សហគមន៍​នៅ​ក្រុង​ហា​ឡុ​ង ខេត្ត​ភាគ​ខាងជើង Quang Ninh ព្រមទាំង​គម្រោង Green Bay Village កាលពី​ដើមខែ​នេះ សម្រាប់​ក្តី​រំពឹង​នៃ​ភាព​សុទិដ្ឋិនិយម​នៃ​ស្តង់ដា​គុណភាព​រស់នៅ ។

លោក Doan Quoc Huy អនុប្រធាន​ក្រុមហ៊ុន BIM Group មាន​ប្រសាសន៍​ថា ៖ « ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ឋាន និង​ស្តង់ដា​ជីវភាព​រស់នៅ​ខ្ពស់​នៅ​ក្នុង​ទីក្រុង​ហា​ឡុ​ង គឺ​មាន​សារសំខាន់​ណាស់ ដែល​អាច​ផ្តល់​នូវ​កំណើនសេដ្ឋកិច្ច​យ៉ាង​លឿន​របស់​ទីក្រុង​ទេសចរណ៍​មួយ​នេះ និង​ការ​កើនឡើង​នៃ​អត្រា​ប្រជាជន​ផង​ដែរ » ។

ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ​ឲ្យ​ដឹង​ទៀត​ថា នៅ​ទីតាំង​ក្នុង​តំបន់ Halong Marina New Urban Area, គម្រោង Green Bay Village បាន​ផ្តល់​នូវ​ផ្ទះល្វែង​ទំនើប​ចំនួន​១៤៤​ខ្នង​ផ្ទះ ដែល​នឹង​ក្លាយជា​ខ្នាត​គំរូ​នៃ​បរិស្ថាន​រស់នៅ​មួយ ។

លើស​ពី​នេះ​ទៀត Green Bay Village ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​បាន​អភិវឌ្ឍន៍​បញ្ចូល​ទៅ​ក្នុង​សហគមន៍​ដែល​ស៊ី​វី​ល័យ ឬ​រីក​ចម្រើន​ជាងគេ​បំផុត​ក្នុង​ក្រុង​ហា​ឡុ​ង ដោយ​ផ្តោត​លើ​ការ​អភិវឌ្ឍ​បរិយាកាស​នៃ​បរិស្ថាន​បៃតង ដើម្បី​ធានា​បាន​នូវ​ខ្យល់អាកាស​បរិសុទ្ធ​បន្ថែម​ពីលើ​សន្តិសុខ និង​ភាព​ទំនើប​គួរ​ជាទី​គាប់ចិត្ត ។

លោក Doan Quoc Huy ឱ្យ​ដឹង​ថា ៖ « ក្រុមហ៊ុន BIM Group កំពុង​តែ​ខំប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើត​នូវ​បរិយាកាស​នៃ​ស្តង់ដា​ជីវភាព​រស់នៅ និង​លក្ខខណ្ឌ​សម្រាប់​អ្នក​តាំង​ទីលំនៅ​ដើម្បី​ទទួល​បាន​ជីវភាព​រស់នៅ​ប្រកបដោយ​ផាសុកភាព បរិយាកាស​រស់នៅ​ប្រកបដោយ​បរិស្ថាន​បៃតង ដែល​អាច​ជួយ​កាត់​បន្ថយ​ស្ត្រេ​ស និង​ហានិភ័យ​នៃ​ជំងឺ ខណៈ​មានការ​ប្រសើរ​ឡើង​នៃ​ផលិតភាព » ៕