ឌុ​ម កែវ​ដា យក​បាន​៣​ពិន្ទុ​បន្ថែម​ពី​ឆាយ មាស

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​ដណ្តើម​ពានរង្វាន់​ជើងឯក​«​អធិរាជ​ស៊ីម៉ងត៍​អូដ្ឋ​» របស់​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ធ្នូ ម្សិល​ម៉្ងៃ បាន​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ​យ៉ាង​ខ្លាំង​ក្នុង​ក្រសែភ្នែក​មហាជន ។ កីឡាករ​ឌុ​ម កែវ​ដា បាន​បើក​ប្រវត្តិសាស្ត្រ​វាយបំបាក់​ជើង​ខ្លាំង​ឆាយ មាស បាន​ដូច​បំណង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដើម្បី​ទទួល​បាន​៣​ពិន្ទុ​បន្ថែម ហើយ​បន្ត​ឈរ​លេខ​រៀង​ខ្ពស់​មួយ​ក្នុង​ពូ​ល បើ​ទោះជា​មុន​ឈាន​ដល់​ជោគជ័យ​គឺ​វេទនា​បន្តិច​ក្ដី ។

ការ​ប្រកួត​ដែល​ត្រូវ​គេ​កត់​សម្គាល់ថា​ឈាន​ដល់​ដំណាក់កាល​សំខាន់​នោះ កីឡាករ​៤​រូប​នៅ​ក្នុង​ពូ​ល​A បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​បុក​ពោះ​ផង ហ៊ោកញ្ជ្រៀវ​ផង​ដោយសារ​តែ​ការ​ប្រកួត​គឺ​ពោរពេញ​ដោយ​ភាព​រស់​រវើក ។ កីឡាករ​ឆាយ មាស មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង និង​កីឡាករ ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ គឺជា​គូប្រកួត​ដែល​ធ្វើ​ឲ្យ​មហាជន​ផ្អៀងផ្អង​ជាងគេ​តាំងពី​ដើម​ទី​រហូត​ឈាន​ដល់កំណត់​បាន​ចាញ់​ឈ្នះ ។ អ្នក​ទាំង​ពីរ​នេះ​ឌុ​ម កែវ​ដា បង្គោល​ខៀវ​ក៏​មិន​អន់ ហើយ​ឆាយ មាស ដែល​ឈរ​នៅ​បង្គោល​ក្រហម​ក៏​មិន​អន់ បើ​ទោះជា​ក្នុង​ការ​ប្រកួត​ជុំ​ទី​១​កីឡាករ​ឆាយ មាស មិន​ទទួល​បាន​ជ័យជម្នះ ដោយសារ​តែ​ប៉ះ​គូប្រកួត​ជា​ជើង​ខ្លាំង​នោះ​ក៏​ដោយ ។

ងាក​មក​កាន់ការ​ប្រកួត​នៅ​លើ​សង្វៀន​នោះ​វិញ កីឡាករ​ឆាយ មាស ប្រឹងប្រែង​សំបើម​ណាស់ ដោយសារ​តែ​គេ​ទើបតែ​មាន​១​ពិន្ទុ​ហើយ​ត្រូវការ​ឈ្នះ​ដាច់ខាត ដើម្បី​ប្រទាញ​យក​ឱកាស​បោះ​ជំហាន​ទៅ​មុខ​បន្ត​សម្រាប់​តំណែង​ជើងឯក និង​បាន​ប្រាក់​លាន ។ មិន​ខុស​គ្នា​ដែរ ឌុ​ម កែវ​ដា ដែល​ជា​គោស្ទាវ​ទើបតែ​ឡើងក​ក៏​ត្រូវ​បង្កើន​ថាមពល​ហួស​ពី​ការ​ស្មាន​ធៀប​នឹង​ការ​ប្រកួត​កាលពី​លើក​មុន​ផង​ដែរ ដើម្បី​ដណ្ដើម​យក​ឲ្យ​បាន​៣​ពិន្ទុ​បន្ថែម ។ ក្នុង​វិនាទី​ដំបូង បើ​ទោះជា​ត្រូវ​ប្រើ​ពេល​ស្ទាបស្ទង់​គ្នា​បន្តិច ក៏​ភាគី​ម្ខាង​ៗ​ស្ទុះ​លោ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ញាក់សាច់​ជំនួស​នោះ​ដែរ ។ ចាប់ពី​ទឹក​ទី​៣​ឡើង​មា​៉​ស៊ី​ន​ទាំង​សងខាង​ដំឡើង​កម្ដៅ​ទ្វេ​ដង ធ្វើ​ឲ្យ​អ្នកគាំទ្រ​ទាំង​អ្នក​ទស្សនា​ផ្ទាល់ និង​តាម​កញ្ចក់​ទូរទស្សន៍​ជក់ចិត្ត​មិន​ហ៊ាន​ដក​ភ្នែក​មើលទៅ​ណា​។ ឌុ​ម កែវ​ដា បាន​បើក​ឆាកប្រយុទ្ធ​វាយ​កែង និង​ម៉ាត់​ចំ​ៗ​ទៅ​លើ​គូប្រកួត​នៅ​វិនាទី​ចុង​ក្រោយ ទើប​ធ្វើ​ឱ្យ​ឆាយ មាស ក្លាយជា​អ្នក​ចាញ់​ការ​ប្រកួត​ហើយ​ក៏​ជា​លទ្ធផល​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​ក្អួត​ឈាម​ណាស់​ដែរ ។

ផ្អែក​តាម​ការ​ប្រកួត អ្នក​ចាញ់​មិន​ត្រឹមតែ​បាក់មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​បាត់បង់​ឱកាស​បន្ត​ទៅ​កាន់​វគ្គ​ខ្វែង​ផង​ដែរ បើ​ទោះជា​ការ​ប្រកួត​មួយ​ប្រកួត​ចុង​ក្រោយ​អាច​នៅ​មាន​សង្ឃឹម បើ​ឌុ​ម កែវ​ដា និង​កីឡាករ​ដែល​មាន​ពិន្ទុ​ខ្ពស់​ម្នាក់​ទៀត បែរជា​ចាញ់​ព្រម​គ្នា​សម្រាប់​ជុំ​ទី​៣ ។ ទោះបី​យ៉ាងណា​មានការ​ព្យាករ​ថា ក្ដី​សង្ឃឹម​នោះ​នឹង​មិន​អាច​កើតឡើង​បាន​ទេ​ដោយសារ​តែ​ជុំ​ទី​៣​ដែល​ជា​ជុំ​ចុង​ក្រោយ​របស់​ភាគី​នីមួយ​ៗ គឺ​ឌុ​ម កែវ​ដា និង​កីឡាករ​ដែល​មាន​ពិន្ទុ​នាំមុខ​ម្នាក់​ទៀត សុទ្ធតែ​ប៉ះ​ជាមួយ​អ្នក​ខ្សោយ​ក្នុង​ពូ​ល ។ លទ្ធផល​នេះ ក៏​បង្ហាញ​ថា​ឆាយ មាស បាន​បើក​ប្រវត្តិសាស្ត្រ​វាយ​ចាញ់ឌុ​ម កែវ​ដា ដែល​ជា​ជើង​ថ្មី​និង​ជា​សិស្ស​ប្អូន​ស្រករ​ក្រោយ​របស់​ខ្លួន​នោះ​ផង​ដែរ ។

មិន​ខុស​គ្នា​ដែរ​កីឡាករ​សេក គឹ​ម​រួន មក​ពី ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ក៏​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដណ្ដើម​បាន​៣​ពិន្ទុ​ពី​កីឡាករ​ថៃ Pich Phanom ដែល​ស្ថិត​នៅ​ក្នុង​ពូ​ល​ដូច​គ្នា​នោះ​ដែរ ។ នេះ​ជា​លទ្ធផល​ដែល​បាន​បង្ហាញ​ថា ឌុ​ម កែវ​ដា និង​សេក គឹ​ម​រួន មាន​៦​ពិន្ទុ​ស្មើគ្នា បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ប្រកួត​ឈ្នះ​រៀងខ្លួន​ទាំង​២​ប្រកួត​។  ការ​ប្រកួត​ក្នុង​ជុំ​ទី​៣ កីឡាករ​ទាំង​ពីរ​នឹង​ត្រូវ​ប៉ះ​គ្នា ដោយ​អ្នក​ឈ្នះ​នឹង​ឈរ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល ហើយ​អ្នក​ចាញ់​ឈរ​ចំណាត់ថ្នាក់​លេខ​២ ប៉ុន្តែ​មិន​មាន​ម្នាក់​ណា​ត្រូវ​ហាលអាវ​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ កីឡាករ​ឆាយ មាស និង​កីឡាករ​ថៃ ដ្បិតថា​សល់​មួយ​ប្រកួត​ចុង​ក្រោយ ក៏​ត្រូវ​ធ្លាក់​១០០%​ដូច​គ្នា ។