​ឃាត់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀន​៣​នាក់​បញ្ជូន​ទៅ​តុលាការ​​

ខេត្តសៀមរាប ​៖ ​នគរបាល​ប្រឆាំង​គ្រឿង​ញៀ​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ការពារ​ និង​កម្លាំង​នគរបាល​អន្តរាគមន៍​ខេត្ត បាន​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​ករណី​គ្រឿងញៀន​មួយ​កន្លែង ឈាន​ដល់​​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ខណៈ​ពួក​គេ​កំពុង​ចែកចាយនៅ​ក្នុង​ការដ្ឋាន​សំណង់​ក្នុង​ក្រុង​សៀមរាប​។

ការ​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក​ និង​ចាត់ចែង​ឱ្យ​ប្រើប្រាស់ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នេះ​ធ្វើ​ឡើង​កាល​ពីវេលា​ម៉ោង​១​ និង​៤០​នាទី​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ​ធ្នូ ​​២០១៥​ ​​នៅ​ចំណុច​​ការដ្ឋាន​សំណង់​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា​ ក្រោយ​ពី​​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញបាន​​ដកហូត​វត្ថុ​តាង​រួម​មាន ទូរស័ព្ទ​ដៃ​៦​គ្រឿង​,​ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​៧​កញ្ចប់​តូច ស្មើ​​ទម្ងន់​១​ក្រាម និង​ឧ​បករ​ណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ​។​

បច្ចុប្បន្ន​ជនសង្ស័យចំនួន​៣​នាក់​ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាងសំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅថ្ងៃ​ទី​២៧ ​ធ្នូ ​​២០១៥ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​