បក្សធំ​ទាំង២​ គ្មានជំនួប​ជាសំងាត់​​ ដាក់បេក្ខភាពថ្មី​ជំនួស​តំណែង​ លោក កឹម សុខា ជាថ្នូ​នឹង​ការដោះលែង អ្នកគាំទ្រ​បក្សប្រឆាំង​

ភ្នំពេញ៖ រលកនយោបាយ ហាក់ស្ងប់ស្ងាត់បន្តិច បន្ទាប់ពីបក្សប្រឆាំង ព្រមចូលប្រជុំក្នុងសភាវិញ។ ការវិលចូលប្រជុំសភា នៅថ្ងៃទី១៦ធ្នូវិញនេះ ក៏បន្ទាប់ពីមាន ការអនុញ្ញាតិ ពីប្រធានបក្សជំទាស់នៅកម្ពុជាឯកឧត្តមសមរង្សី និងបន្ទាប់ពីមានជំនួបជាថ្មី ម្តងទៀតរវាងសម្តេចស ខេង និងលោកកឹមសុខា។ អ្វីជាការកត់សំគាល់ និងចាប់អារម្មណ៍ លោកកឹម សុខា អតីតអនុប្រធានទី១រដ្ឋសភា មកពីបក្សប្រឆាំង គឺអង្គុយនៅជួរជាមួយតំណាងរាស្រ្តផ្សេងទៀត។ លោកកឹម សុខា ត្រូវបានតំណាងរាស្រ្ត បក្សកាន់អំណាចក្នុងសភា បោះឆ្នោតទំលាក់ចេញពីតំណែង កាលពីថ្ងៃទី៣០តុលា ក្រោយមានការតវ៉ាពីក្រុមអ្នកគាំទ្របក្សដឹកនាំប្រទេស ឲ្យចុះចេញពីតំណែង។

កិច្ចព្រមព្រៀងនយោបាយ២២កក្តដាឆ្នាំ២០១៤ នៅមិនទាន់ដើរស្របគ្នាសោះ បញ្ហាចេះតែកើតមានឡើងរវាងគណបក្សទាំង២។ ពេលវេលាបានអូសបន្លាយអស់រយៈពេលជាង១ខែទៀតហើយ បន្ទាប់ពីលោកកឹម សុខាត្រូវបានដកចេញពីតំណែង។ រូបភាពខាងក្រៅនៅតែមិនទាន់ឃើញមានអ្វីថ្មី។ ប៉ុន្តែរូបភាពខាងក្នុងអ្នកខាងក្រៅក៏សឹងតែមើលមិនយល់។

ចំងល់មួយបានចោទសួរថា តើគណបក្សទាំង២នឹងជួបគ្នាជាសំងាត់ ដើម្បីដាក់បេក្ខភាពថ្មីជំនួសលោកកឹម សុខា? បើសីនជាដាក់បេក្ខភាពថ្មីទៅហើយ តើអ្នកគាំទ្ររបស់បក្សប្រឆាំង ដែលកំពុងជាប់ក្នុងគុកព្រៃសនោះ នឹងដោះលេងទេ?សរុបមកវិញតើនេះជាធ្នូរនយោបាយ?
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន្ត សង្កត់ធ្ងន់ថា គ្មានជំនួបសំងាត់ទេ ព្រោះប្រធានរដ្ឋសភា បានផ្ញើរលិខិតមួយច្បាប់ទៅកាន់ប្រធានគណបក្សប្រឆាំងរួចហើយ ដើម្បីអោយបញ្ជូនបេក្ខជនមកកាន់ក្នុងតំណែង ជំនួសលោកកឹម សុខា។

លោកផ្ញើរសារទៅកាន់គណបក្សប្រឆាំងថា កុំព្រួយបារម្ភថាបក្សកាន់អំណាចយកតំណែងអនុប្រធានរដ្ឋសភាទី១វិញ គឺចំហទុកសំរាប់បក្សប្រឆាំងដដែល។    
លោកបញ្ជាក់ថា “ អត់មានរឿងអីដោះដូរទេតំណែងអនុប្រធានរដ្ឋសភានឹងនោះ ទេ ខ្ញុំមិនចង់និយាយរឿងនឹងវែងឆ្ងាយទេ ហីក៏អត់មានសំងាត់អីទៀតទេ សម្តេចប្រធានរដ្ឋសភា បានធ្វើលិខិតផ្លូវការណ៍ទៅប្រធាបក្សប្រឆាំង ដើម្បីដាក់បេក្ខភាពថ្មីជំនួសឯកឧត្តមកឹម សុខា គ្រាន់តែបញ្ហាសំខាន់នឹងមានការបោះឆ្នោតជាថ្មី បោះជាប់មិនជាប់អាស្រ័យលើសមាជិកក្នុងសភាតើ តាមកិច្ចព្រមព្រៀង២២កក្កដា២០១៤នោះហើយ តំណែងអនុប្រធានទី១សភា ជាកូតារបស់បក្សសង្ក្រោះជាតិ កុំសង្ស័យថា បក្សកាន់អំណាចចង់បានដំណែងនេះអី គ្រាន់តែខ្ញុំបញ្ជាប់ថាប្រធានមកពីបក្សកាន់អំណាច អនុប្រធានទី១មកពីបក្សប្រឆាំង និងអនុប្រធានទី២២មកពីបក្សកាន់អំនាច”។

ឆ្លើយតបនឹងចំងល់ជំនួបជាសំងាត់នេះ លោកអ៊ូ ច័ន្ទរិទ្ឋ មន្រ្តីជាន់ខ្ពស់បក្សឆាំងបដិសេធថា កុំថាឡើយជួបជាសំងាត់ សូម្បីជំនួបជាថ្មីម្តងទៀតទាក់ទិនរឿងនយោបាយក៏មិនទាន់មានព័ត៌មាន។ លោកនិយាយថា “ ខ្ញុំអត់បានទទួលព័ត៌មាននេះទេ ជំនួបនៅថ្ងៃទី២៩ធ្នូនោះ អត់ជជែករឿងនយោបាយទេ គឺនឹងនិយាយទាក់ទងច្បាប់សហជីពតើ មិនមែននិយាយពីរឿងនយោបាយអីទេ ជជែកក្នុងនាមរដ្ឋសភា មិនទាន់មានគំរោងជួបជជែកផ្នែកនយោបាយជាថ្មីទៀតឡើយ”។

អ្នកវិភាគសង្គមលោកបណ្ឌិតមាស នី លើកឡើងថា អ្នកនយោបាយគួរបញ្ចប់ភាពខ្វែងគំនិតគ្នាដោយការវាយប្រហារពាក្យសំដី។ គួរតែជជែកគ្នា ដើម្បីដោះស្រាយបញ្ហារបស់ពលរដ្ឋរបស់ជាតិ ទើបសង្គមរីកចំរើន។ ប៉ុន្តែសំខាន់តើមេបក្សទាំង២គឺសម្តេចតេជោហ៊ុនសែន និងឯកឧត្តមសម រង្សី ពេលណាទើបយល់ចិត្តគ្នា ព្រមរស់នៅក្នុងផ្ទះជាមួយគ្នា ដើម្បីការពារសត្រូវពីគ្រប់ទិសទី។ ទោះបីជាអ្នកទាំង២ត្រូវឬមិនត្រូវគ្នាក៏ដោយ កង្វល់និងបញ្ហាមិនមែនសុទ្ឋតែធ្លាក់ទៅលើអ្នកទាំង២ឡើយ គឺបញ្ហានឹងធ្លាក់ចំពលរដ្ឋនិងប្រទេសជាតិ។ តាមលោកបណ្ឌិតមាសនី “ ទស្សនៈរបស់ខ្ញុំ មានតែការប្រកួតប្រជែងគ្នាតាមសន្លឹកឆ្នោតមួយប៉ុណ្ណោះ ទើបប្រទេសជាតិឆ្ពោះទៅរករបបលិទ្ឋិប្រជាធិបតេយ្យមួយដ៏រឹងមាំ”។

បក្សធំ​ទាំង២​ គ្មានជំនួប​ជាសំងាត់​​ ដាក់បេក្ខភាពថ្មី​ជំនួស​តំណែង​ លោក កឹម សុខា ជាថ្នូ​នឹង​ការដោះលែង អ្នកគាំទ្រ​បក្សប្រឆាំង​