បក្សប្រឆាំង​ព្យាយាម កេងចំណេញ​រឿង​ព្រំដែន​ ប៉ុន្តែ​កុំអោយ​ជ្រុលពេក​

ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្សី រិះគន់ថា ការផ្តល់សម្បទានដីរាប់ម៉ឺនហិកតា ក្នុងខេត្តរតនគីរី ទៅអោយក្រុមហ៊ុនវៀតណាម ជាកំហុសមួយធ្ងន់ណាស់ ចំពោះប្រទេសជាតិ។

លោក សម រង្ស៊ី បានសរសេរលើបណ្តាញរបស់លោកកាលពីថ្ងៃទី២៥ធ្នូថា “ការផ្តល់សម្បទានរយៈពេល៩៩ ឆ្នាំ លើផ្ទៃរាប់ម៉ឺនហិកតា ក្នុងខេត្តរតនគីរី ជាប់ព្រំប្រទល់ដែនកម្ពុជា-វៀតណាម ជាកំហុសមួយធ្ងន់ណាស់ចំពោះប្រទេសជាតិ”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន្ត យល់ថា ពាក្យចោទរបស់ប្រធានគណបក្សប្រឆាំងនោះជារឿងធម្មតា ទោះជាមាន ឬមិនមានក៏បក្សប្រឆាំងអាចនិយាយបាន។ ទន្ទឹមជាមួយគ្នានោះ រាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តការពារទឹកដីមិនអោយបាត់មួយមីលីម៉ែត្រ។

លោកសុខ ឥសាន្ត” រាជរដ្ឋាភិបាលរបស់បក្សកាន់អំណាច ដាច់ខាតធានាការពារបូរណភាពទឹកដី ដោយសន្តិវិធី និងខំប្រឹងអោយមានខ្សែបន្ទាត់ព្រំដែនជាក់លាក់ ដើម្បីការងារទឹកដី ការចោទរបស់ ឯកឧត្តម សម រង្សី នោះគឺជាការចោទជារឿងរបស់គេ កុំចាត់ទុកជារឿងពិតហីបាត់រាប់ម៉ឺនគីឡូ អានឹងរដ្ឋាភិបាលបានប្តេជ្ញាហើយថា សូម្បីបាត់មួយមីលីម៉ែត្រ ក៏មិនអោយបាត់ដែរ ដល់ចោទថា បាត់ដល់ជាង៤ម៉ឺនហិកតា កាន់តែជាការហួសចិត្ត ក្នុងនាមខ្ញុំជាមន្រ្តីបក្សកាន់អំណាចមិនជឿទេ ព្រោះការបោះព្រំដែន ជិតហើយ ១០០%ហើយ ដូចកាលពីមុនគេចោទថា រដ្ឋាភិបាលប្រើប្រាស់ ផែនទីក្លែងក្លាយ អាលូវរកឃើញថា ពិតជាត្រឹមត្រូវ តែបក្សប្រឆាំងនៅតែ ព្យាយាមកេងចំណេញ ខាងផ្នែកនយោបាយ។ អានឹងជាសិទ្ឋនយោបាយរបស់គេ ប៉ុន្តែរឿងខ្លះសូមកុំអោយជ្រុកពេក”។