រថយន្តដឹក​ទឹកបរិសុទ្ធ​ផ្ទុះ​កង់​ក្រឡាប់​កណ្ដាល​ថ្នល់​ របួស​០៣​នាក់

ខេត្តពោធិ៍សាត់​ ៖​ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​បាន​ផ្ទុះ​កង់​ក្រឡាប់​កណ្ដាល​ថ្នល់​បណ្ដាល​ឲ្យ​មនុស្ស​ដែល​ជិះ​លើ​រថយន្ត​នោះ​របួសស្រាល​ចំនួន​០៣​នាក់ ​ប៉ុន្តែ​អ្នកបើកបរ​មិន​រង​របួស​ឡើយ ។​

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើងកាល​ពីវេលា​ម៉ោង​០៩​ និង​៤០​នាទី​ព្រឹក​ ​ថ្ងៃ​ទី​២៧​ ធ្នូ​ ​២០១៥​​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុងភូមិ​ក្រពើ​រោ​ទិ៍​ ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន​​​។

ប៉ូ​លី​ស​ឲ្យ​ដឹង​ថា​ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ​ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2D.4270​ បើកបរ​ដោយ​ឈ្មោះ​អ៊ី​ត ស្លេះ ​ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជាជនជាតិ​ខ្មែរអ៊ិស្លាម ​រស់នៅ​សង្កាត់​រលាប ​ក្រុង​ពោធិ៍សាត់​។​

នៅ​ព្រឹក​នោះ​រថយន្ត​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​ដែល​មាន​ដឹក​ទឹកបរិសុទ្ធ​ និង​អ្នក​រួម​ដំណើរ​ចំនួន​០៣​នាក់​ទៀត​។ ​គេ​ឃើញ​រថយន្ដ​បើក​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​ផ្ទុះ​កង់​ក្រោយ​ខាងស្ដាំ​ក្រឡាប់​នៅ​លើ​ផ្លូវ​ចាក់​មនុស្ស​ និង​ទឹកបរិសុទ្ធ​ចោល​រាយ​ប៉ាយ​ពេញ​លើ​ថ្នល់​។​

អ្នកបើកបរ​ពុំ​មាន​រង​របួស​អ្វី​ទេ​ ចំណែក​អ្នក​រួម​ដំណើរ​ជា​ព្រូ​រថយន្ត​ទាំង​០៣​នាក់​នោះ​រង​របួសស្រាល ១-ឈ្មោះ​រ៉ូ​ន លី​ប​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ ២-ឈ្មោះ​លី រី​​ភេទ​ប្រុស​​អាយុ​២៥​ឆ្នាំ និង​៣-ឈ្មោះ​ផល សុខ​ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ទាំងអស់​គ្នា​រស់នៅ​ភូមិ-​សង្កាត់​កើតហេតុ​ខាងលើ​។

ប៉ូ​លី​ស​ឲ្យ​ដឹង​ថា​ រថយន្ត​ខាងលើ​ជា​របស់​សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ​ដែល​មាន​យីហោ​ហេង​ហេង​នៅ​ក្នុង​ខេត្តពោធិ៍សាត់​​​៕ ​