ចាប់ពី​ថ្ងៃ​ទី២៥​ដល់​​២៧ ​ធ្នូ ​​មាន​​នាវា​ទេសចរណ៍​ខ្នាត​យក្ស​៤​គ្រឿងចូល​ចត​​​ជាបន្តបន្ទាប់នៅ​​ខេត្ត​ព្រះ​សីហ​នុ

​ខេត្ត​ព្រះសីហនុ ៖ ​ផ្អែក​ទៅ​តាម​ចក្ខុវិស័យ​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​នាំ​មក​ជូន​ប្រជាពលរដ្ឋ និងប្រទេស​ជាតិនូវ​ការ​បង្រួបបង្រួម​ជាតិ សុខ​សន្តិភាព និងការ​អភិវឌ្ឍ​លើ​គ្រប់​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ ជា​ពិសេស យុទ្ឋ​សាស្ត្រ​បើកចំហ​ជើងមេឃ លើ​វិស័យ​ទេសចរណ៍​ជាតិ និងអន្តរជាតិ ទាំង​ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ។

​នា​ពេល​ថ្មី​ៗ​នេះ យោង​តាម​របាយការណ៍ដែល​ទទួល​បាន​ពី​ លោក​វរ​សេនី​យ៏​ឯក ស៊ា​ង ឡេ​ង ប្រធាន​នគរបាល​អន្តោប្រវេសន៍​កំពង់​ផែ​អន្តរជាតិ ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី២៦ ​ធ្នូ ​២០១៥ កន្លង​មក មាន​នាវា​ទេសចរណ៍​ខ្នាត​យក្ស១​គ្រឿង ឈ្មោះ BIDA BELLA សញ្ជាតិអ៊ី​តា​លី ធ្វើ​ដំណើរ​មក​ពី​ប្រទេស​វៀតណាម បាន​ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិខេត្ត​ព្រះ​សីហ​នុ ​កាល​ពីវេលា​ម៉ោង៧និង១៥​នាទីព្រឹក​ថ្ងៃ​ទី២៦ ​ធ្នូ ​២០១៥ ​។ នាវា​ទេសចរណ៍​ខ្នាត​យក្ស​នេះ នឹងចេញដំណើរ​បន្ត​ឆ្ពោះទៅ​ប្រទេស​ថៃនៅ​វេលា​ម៉ោង៦​​ល្ងាច​នា​ថ្ងៃ​ដដែល​​ ។ នាវា​មាន​ដឹក​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​១.៩៩១​នាក់ ​(​ស្ត្រីចំនួន១.០០១​នាក់) នាវា​នេះ​មាន​បណ្តោយ​ប្រវែង​២៣០​ម៉ែត្រ ​ទទឹង​៣២​ម៉ែត្រ ​និង​មាន​ជម្រៅ​ទឹក៧,៨​ម៉ែត្រ ។

​លោក​​ ស៊ា​ង ឡេ​ង បាន​បន្ត​​ថា ​​មាន​នាវា​ទេសចរណ៍​ខ្នាត​យក្ស១​គ្រឿង​ទៀត ដែល​ដឹក​ភ្ញៀវ​ទេសចរ​អន្តរជាតិ មក​ពី​ប្រទេស​ថៃ បាន​ចូល​ចត​ដល់​កំពង់​ផែ នៅ​វេលា​ម៉ោង៧និង៣០​នាទីព្រឹក​ថ្ងៃ​ទី២៧ ​ធ្នូ ​២០១៥ និងបន្តដំណើរ​ចេញ​ទៅ​ប្រទេស​វៀតណាម នៅ​វេលា​ម៉ោង៦ល្ងាច​​ថ្ងៃ​ដដែល​ ។

លោក​បាន​បញ្ជាក់​ឱ្យ​​ដឹង​ទៀត​ថា នាវា​ខាងលើ​​ឈ្មោះ SUPERSTARVIRGO សញ្ជាតិ BAHAMAS នាវិក​នៅ​លើ​នាវាមាន​ចំនួន១.២៥៩​នាក់ ​(​ស្រ្តី​​ចំនួន៤៦០​នាក់) ។ នាវា​នេះ មាន​បណ្តោយប្រវែង​២៦៨​ម៉ែត្រ ទទឹង៣២​ម៉ែត្រ ​និង​មាន​ជម្រៅ​ទឹក៧,៩​ម៉ែត្រ ដឹក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន១.៨១២​នាក់ មាន២២​សញ្ជាតិ​ (​ស្ត្រី៩៩៩​នាក់) ។ ចំនួន​សញ្ជាតិ​ដែល​​ច្រើន​ជាងគេ រួមមាន ចិន ញ៉ូ​វ​ហ្ស៊ី​ឡែ​ន ហុងកុង អូស្ត្រាលី និង​ឥណ្ឌា ។

គួរ​បញ្ជាក់​ឱ្យ​ដឹង​​ដែរ​ថា ចាប់ពី​ថ្ងៃ​ទី២៥​ដល់​ថ្ងៃ​ទី២៧ ​ធ្នូ ​២០១៥ មាន​នាវា​ទេសចរណ៍​ខ្នាត​យក្សចំនួន៤​គ្រឿង បាន​ចូល​ចត​ជា​បន្តបន្ទាប់នៅ​កំពង់​ផែ​អន្តរជាតិ ខេត្ត​ព្រះ​សីហ​នុ ដោយ​នាំ​យក​ចំនួន​ភ្ញៀវ​ទេសចរ​​សរុប​ចំនួន​៥.០៤០​នាក់ ដែល​បាន​ធ្វើ​ដំណើរ​មក​កម្សាន្ត​ក្នុង​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ ​ស្រប​ពេល​បុណ្យចូលឆ្នាំ​សកល​ជិត​​ឈាន​ចូល​មក​ដល់ ដើម្បី​បាន​ស្វែង​យល់​ពី​សក្តានុពលនៃ​ទឹកដី​សុវណ្ណ​ភូមិ ជា​ពិសេស​បាន​មក​កម្សាន្ត​​នៅ​តាម​តំបន់​ទេសចរណ៍លើ​ឆ្នេរសមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មតិ​អន្តរជាតិ ទទួលស្គាល់​ថា ជា​ឆ្នេរ​ដ៏​ស្រស់​ស្អាត​ជាងគេនៅ​លើ​សកលលោក និងទទួល​សិ​ទ្ឋិ​នាម​ថា «ជាតា​រា​រៈ​នា​ទិស​នារ​តី» ៕