នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​មក​កាន់​ប៉ា​គី​ស្ថាន​ជា​ប្រវត្តិសាស្ត្រ

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក​ណា​រេ​ន​ដ្រា ម៉ូ​ឌី បាន​មក​កាន់​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ទី​២៥ ធ្នូ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​សម​ភាគី​ប៉ា​គី​ស្ថាន លោក​ណា​វ៉ាស់​សា​រេ​ហ្វ ដែល​នោះ​ជា​ទស្សនកិច្ច​គួរ​ឱ្យ​ភ្ញាក់ផ្អើល និង​ជា​ប្រវត្តិសាស្ត្រ​មួយ​របស់​មេដឹកនាំ​ឥណ្ឌា​នៅ​ប្រទេស​នេះ ។

ដោយសារ​ជា​ពិសេស​ជម្លោះ​តាម​ព្រំដែន​រវាង​ប្រទេស​ជាប់​ជិតខាង​ទាំង​២​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០០៤​មក ដែល​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​មួយ​រូប​មក​កាន់​ប៉ា​គី​ស្ថាន ។

រដ្ឋមន្ត្រី​ការ​បរទេស​ប៉ា​គី​ស្ថាន លោក AIZAZ CHAUDHRY ថ្លែង​ថា នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​មក​កាន់​ប៉ា​គី​ស្ថាន​បន្ទាប់​ពី​លោក​វិល​ត្រឡប់​មក​ពី​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​មូ​ស្គូ រួច​បន្ទាប់​មក​ឈៀង​ទៅ​កាន់​ក្រុង​កា​ប៊ុល រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន ។ ពី​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន លោក​ម៉ូ​ឌី បាន​ទូរស័ព្ទ​មក​កាន់​សម​ភាគី​ប៉ា​គី​ស្ថាន លោក​ណា​វ៉ាស់​សារី​ហ្វ នា​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ ដើម្បី​ជូនពរ​ថ្ងៃ​ខួបកំណើត រួច​ស្នើ​សុំ​បើ​អាច​ឈៀង​មក​បំពេញ​ទស្សនកិច្ច​រយៈពេល​ខ្លី​មួយ​នៅ​ប៉ា​គី​ស្ថាន​តាម​ផ្លូវ​វិល​មក​ស្រុក​វិញ ។

ពេល​ជួប​គ្នា​នៅ​ប៉ា​គី​ស្ថាន​ប្រមុខ​រដ្ឋាភិបាល​ទាំង​២​រូប បាន​ពិភាក្សា​គ្នា​រយៈពេល​មួយ​ម៉ោង​កន្លះ រួច​ចូលរួម​ជាមួយ​គ្នា​ក្នុង​ពិធីជប់លៀង​មួយ មុន​ពេល​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ឡើង​យន្តហោះ​ត្រឡប់​មក​ប្រទេស​វិញ ។ ការ​ពិភាក្សា​គ្នា​ផ្តោត​ជា​ពិសេស​លើ​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ព្រមទាំង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ផ្ទាល់ខ្លួន ដើម្បី​អាច​បង្កើត​បរិយាកាស​សម​ស្រប​មួយ​ចំពោះ​ដំណើរការ​សន្តិភាព ៕