ម៉​ន ភារ​ម្យ សន្លប់​ក្រោម​កណ្ដាប់ដៃ​ថៃ​ត្រឹម​ទឹក​ទី​២ ខណៈ​ង៉ែ​ត្រ រ​ដ្ធា ចាញ់​ពិន្ទុ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្ដរជាតិ​កម្ពុជា​-​ថៃ នៅ​លើ​សង្វៀន​ស៊ី​ធី​អិន កាលពី​ថ្ងៃ​សៅរ៍​ទី​២៦ ធ្នូ កន្លង​មកនេះ កីឡាករ​ជើង​ខ្លាំង​កម្ពុជា ២​រូប​សុទ្ធតែ​ចាញ់​ក្រោម​កណ្ដាប់ដៃ​កីឡាករ​ថៃ​ទាំងអស់ ។

ម៉​ន ភារ​ម្យ មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ត្រូវ​កីឡាករ​ថៃ​ឈ្មោះ​វី​ហ្គោ ស​.​ដាន​ឆ័​យ ទាត់​ឱ្យ​ខូច​ជើង​ឆ្វេង​ប្រកួត​លែង​កើត​នៅ​ត្រឹម​ទឹក​ទី​២ ។ នៅ​ទឹក​ទី​១ កីឡាករ​ថៃ បាន​វាយ និង​ទាត់​យ៉ាង​សន្ធាប់​ទៅ​លើ​ជើង​ឆ្វេង​ម៉​ន ភារ​ម្យ ស្ទើរតែ​មិន​អាច​ស៊ូ​ប្រកួត​បាន​ម្ដង​ៗ​ទៅ​ហើយ ។ ចូល​ដល់​ទឹក​ទី​២ កីឡាករ​ថៃ បាន​ព្យាយាម​ដើរ​ចូល​វាយ​សា​ជា​ថ្មី ដោយ​បាន​ទាត់ និង​ម៉ាត់​ចូល​មុខ​ពេញ​ៗ​បង្ខំ​ឱ្យ​ម៉​ន ភារ​ម្យ​ដល​ថយ​អែប​ខ្សែ​រេញ​ជា​ញឹកញាប់ ។ មិន​បាន​ពាក់កណ្ដាល​ទឹក​ទី​២​ស្រួលបួល​ផង​វី​ហ្គោ ស​.​ដាន​ឆ័​យ បាន​ទាត់​ត្រូវ​ជើង​ឆ្វេង​ម៉​ន ភារ​ម្យ ផ្ទួន​ៗ​បណ្ដាល​ឱ្យ​ដួល​ក្រោក​លែង​រួច​តែ​ម្ដង ។

ចំណែក​ង៉ែ​ត្រ រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រៀង​ញៀន ក៏​មាន​វាសនា​មិន​ខុស​ពី​ម៉​ន ភារ​ម្យ​ប៉​ន្មា​ន​ដែរ ។ នៅ​ក្នុង​ទឹក​ទី​១ ង៉ែ​ត្រ រ​ដ្ឋា មិន​ហាន​ចូល​កៀក​កីឡាករ​ថៃ​ភិត​ណ​យ ពៀក​ខា​ឃែ​រ៍ ទេ ដោយសារ​ពេល​គេ​ចូល​កៀក​ត្រូវ​គូប្រកួត​ទាត់​ជើង​ក្រោម​ឱ្យ​ដួល​ទាំង​ជំហរ​ជា​ច្រើន​លើក​ច្រើន​សា ។ លុះ​ចូល​ដល់​ទឹក​ទី​២ ង៉ែ​ត្រ រ​ដ្ឋា ដែល​ចាញ់​ប្រៀប​កម្ពស់​ស្រាប់​នោះ បាន​ព្យាយាម​ចូល​កៀក​វាយ​សង​វិញ​ដែរ ប៉ុន្ដែ​រាល់​លើក​សុទ្ធតែ​ត្រូវ​កីឡាករ​ថៃ​ទាត់ និង​ធាក់​ឱ្យ​ដួល​ទាំង​ជំហរ ។ ទោះបី​កីឡាករ​ថៃ វាយ​ត្រូវ​ស្ទើរតែ​ទក់​សាច់​ទៅ​ហើយ​ក្ដី ក៏​ង៉ែ​ត្រ រ​ដ្ឋា នៅ​តែ​សម្រុកចូល​វាយ​ទាំង​កំរោល​ដែរ ធ្វើ​ឱ្យ​កីឡាករ​ថៃ​បង្ខំចិត្ត​ដកថយ​លែង​ហា​៊​ន​សម្រុកចូល​ផ្ដេសផ្ដាស​ដូច​មុន​ទៀត ។ គេ​សង្កេត​ឃើញ​ថា ចាប់ពី​ទឹក​ទី​៣ រហូត​ដល់​ទឹក​ទី​៥ ង៉ែ​ត្រ រ​ដ្ឋា និង​កីឡាករ​ថៃ​ភិត​ណ​យ ពៀក​ខា​ឃែ​រ៍ មានឱកាស​វាយបក​ទៅ​វិញ​ទៅ​មក​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត ប៉ុន្ដែ ង៉ែ​ត្រ រ​ដ្ឋា នៅ​តែ​ចាញ់​ប្រៀប​គូប្រកួត​ដដែល ប៉ុន្ដែ​មុន​នឹង​ចាញ់​ពិន្ទុ គេ​ក៏​ធ្វើ​ឱ្យ​កីឡាករ​ថៃ​វេទនា​មិន​តិច​ដែរ ។

ដោយឡែក​គូប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​វិញ​នោះ កីឡាករ​គង់ វិចិត្រ​មក​ពី​ក្លិប​កងពលតូច​លេខ​៧០ បាន​យកឈ្នះ កីឡាករ​ធន វណ្ណៈ មក​ពី​មជ្ឈមណ្ឌល​កីឡា​ខ​.​ភ​.​ម ដោយ​ពិន្ទុ និង​កីឡាករ​វ៉ា​ន់ ចាន់​វ៉េ​ត មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ផ្ដួល​កីឡាករ​នេន វ​ណ្ណា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ឱ្យ​សន្លប់​នៅ​ទឹក​ទី​៣ ៕