បែ មករា បញ្ជាក់​ថា Gbenga មិន​ទាន់​ចុះ​កុងត្រា​ជាមួយ​ក្លិប​ថៃ​ទេ

បែ មករា បញ្ជាក់​ថា Gbenga មិន​ទាន់​ចុះ​កុងត្រា​ជាមួយ​ក្លិប​ថៃ​ទេ

មាន​ដំណឹង​មួយ​ចំនួន​លេចឮ​ពី​សារព័ត៌មាន​នៃ​ប្រទេស​ថៃ​មក​ថា ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​នីហ្សេរីយ៉ា​របស់​ក្លឹប​បឹងកេត​អង្គរ Samuel Gbenga Ajayi បាន​ផ្លាស់​ទៅ​លេង​ក្នុង​ប្រទេស​ថៃ​វិញ​ហើយ ពោល​គឺ​ចូល​រួម​ជាមួយ​ក្លឹប Sukhothai FC ដែល​ស្ថិត​ក្នុង​លីគ Thai Division 1(លីគ​លំដាប់​ទី២)។

 

បែ មករា បញ្ជាក់​ថា Gbenga មិន​ទាន់​ចុះ​កុងត្រា​ជាមួយ​ក្លិប​ថៃ​ទេ

 កីឡាករ Samuel Gbenga Ajayi (ក្រហម)

 

សារព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ថៃ​បាន​ចុះ​ផ្សាយ​ថា កីឡាករ Samuel Gbenga Ajayi បាន​ផ្លាស់​ទៅ​លេង​ប្រទេស​ថៃ​វិញ​ហើយ បន្ទាប់​ពី​លេង​ឲ្យ​ក្លឹប​បឹងកេត​អង្គរ​មួយ​រដូវ​កាល​ពេញ​ក្នុង​ឆ្នាំ​២០១៥ ដោយ​ជួយ​ឲ្យ​ក្រុម​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​លីក​កំពូល និង​ជើង​ឯក​រង​នៃ​ពាន​រង្វាន់ Toyota Mekong Club Championship 2015។

 

ទាក់​ទង​នឹង​ព័ត៌មាន​នេះ លោក បែ មករា អ្នក​ចាត់​ការ​​ក្លឹប​បឹងកេត​អង្គរ​បាន​បញ្ជាក់​ថា វា​ពុំ​មែន​ជា​ការ​ពិត​ឡើយ។ លោក​បាន​អះ​អាង​ថា កីឡាករ​ពាក់​លេខ៩៩ នៅ​ក្លឹប​បឹង​កេតអង្គរ​ Samuel Gbenga Ajayi មិន​ទាន់​ចុះ​​កុងត្រា​នៅ​ឡើយ​ទេ ដោយ​ស្ថិត​នៅ​ក្នុង​ការ​ចរចា​នៅ​ឡើយ។ អ្នក​ចាត់​ការ​រូប​នេះ​​ថែម​ទាំង​អះ​អាង​ថា Gbenga មាន​បំណង​ចង់​បន្ត​អាជីព​នៅ​កម្ពុជា ប៉ុន្តែ​លោក​មិន​ទាន់​សម្រេច​ចិត្ត។

 

​​​​​ទោះ​មាន​ការ​អះ​អាង​បែប​នេះ ទំព័រ Football Forward Thailand បាន​បង្ហោះ​ឡើង​​ថា កីឡាករ Samuel Gbenga Ajayi ពិត​ជា​ចុះ​កុង​ត្រា​លេង​ឲ្យ​ក្លិប​ថៃ​មែន តាម​រយៈ​ការ​ចុះ​ផ្សាយ​លើ​សារព័ត៌មាន smmsport Siamsport និង​ប្រភព​ពី​ក្លិប Sukhothai FC ផ្ទាល់​តែ​ម្ដង។ ពេល​ចាប់​ផ្ដើម​អាជីព​ជាមួយ​បឹងកេត​អង្គរ Gbenga ក៏​ធ្លាប់​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​លេង​នៅ​កម្ពុជា​មួយ​រដូវកាល​នឹង​វិល​ត្រលប់​ទៅ​ថៃ​​វិញ ប្រសិន​ទទួល​បាន​ទិដ្ឋាការ។ បច្ចុប្បន្ន​កីឡាករ​រូប​នេះ​កំពុង​ស្ថិត​នៅ​ប្រទេស​ថៃ៕

អត្ថបទ៖ គង់ វិសាល