លោក​ឧកញ៉ា មុន្នី កំពុង​យក​យីហោ​ក្រុមហ៊ុន​ទ្រី​ភាព​ធ្វើ​ខែល​ឲ្យ​មេការ​ឈ្មោះ​សាល កេណ្ឌ​មនុស្ស​កាប់ និង​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​យ៉ាង​អនាធិបតេយ្យ

​ខេត្ត​មណ្ឌល​គ​រី​៖ លោក​ឧកញ៉ា មុន្នី កំពុង​យក​ក្រុមហ៊ុន​ទ្រី​ភាព​ធ្វើ​ខែល អោយ​មេការ​ឈ្មោះ​សាល ប្រមូល​ទិញ​ឈើ​ខុសច្បាប់​ក្រៅ​ដែនដី​សម្បទាន​របស់​ក្រុមហ៊ុន​ដាយ​ណា​ម មាន​ទីតាំង​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច គ្មាន​ការបង្ក្រាប​ពី​មន្ត្រី​ជំនាញ ដែល​គេ​សង្ស័យថា លោក សំ​រ៉ង ឌី​វិ​ត្រ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​លោក ឈិ​ត សុផល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ទទួលបាន​សំណែន​យ៉ាង​ក្រាស់ក្រែល​ហើយ​ទើប​នាំគ្នា​សំងំស្ងៀម​មិន​បង្ក្រាប​។

​សកម្មជន​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​បាន​រាយការណ៍​មក​ថា ឈ្មួញ​ឈើ​ដុះ​ស្លែ​ឈ្មោះ​សាល កំពុង​កាក់កប​ជាមួយ បទល្មើស​ព្រៃឈើ​ដោយ​យក​យីហោ​ឈ្មោះ​ក្រុមហ៊ុន​លោក​ឧកញ៉ា ទ្រី ភាព ដើរ​កាប់​ឈើ​ពាសវាល​ពាសកាល​ពេញ​ព្រៃ​នៅក្នុង​ទឹកដី​ស្រុក​កែវ​សីមា ស្រុក​អូររាំង និង​មួយផ្នែក​ទៀត​នៅក្នុង​ភូមិ​អ​ន្ទ្រ​ង ឃុំ​ពូ​ជ្រៃ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ឈ្មួញ​ឈ្មោះ សាល​ដែល​គេ​ស្គាល់​ថា​ជា​មេកា​របស់​ក្រុមហ៊ុន​ដាយ​ណា​ម បាន​យកឈ្មោះ​ក្រុមហ៊ុន​ទ្រី​ភាព​ទៅធ្វើជា​ខែល​ដើម្បី​កាប់​ឈើ​ប្រណីត ខណៈដែល​ក្រុមហ៊ុន​ទ្រី​ភាព​ធ្លាប់បាន​ប្រកាស​ច្រើនដង​ហើយ​ថា​ក្រុមហ៊ុន​ខ្លួន មិន​ជាប់​ពាក់ព័ន្ធ​នឹង ជំនួញ​ឈើ​ទៀត​ទេ​។​

​ប្រភពព័ត៌មាន​ពី​ខេត្តមណ្ឌលគិរី​បានបញ្ជាក់​ទៀតថា សកម្មភាព​កាប់​ឈើ​បាន​ប្រព្រឹត្ត​រាល់ថ្ងៃ ពី​សំណាក់​ឈ្មួញ​ច្រើន​នាក់ តែ​អ្នក​ដែលមាន​ឥទ្ធិពល​វ៉ាងទី​កាប់​គគ្រឹកគគ្រេង​ជាងគេ​គឺ​ឈ្មួញ​ឈ្មោះ សាល ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​បទល្មើស​ព្រៃ​ឈើ​ពេញបន្ទុក​បានកើត​ឡើង​នៅ​ចំណុច​ភូមិសាស្ត្រ ក្បាល អូរ​ម៉ែ​ធុ ក្រង់​គុយ ក្រង់​ត្រាច ពាម​ក្រាយ ពាម​អូរ​តូ ភ្នំ​ង៉​ត ក្បាល​អូរ​ខ្ញែ​ង អូរ​ម៉ាញ និង​តា​ប៉ោក​ជាដើម​។

​សកម្មជន​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​បាន​បញ្ជាក់ថា សព្វថ្ងៃនេះ​មាន​រណារយន្ត​កំពុង​កាត់ឈើ​ប្រមាណ​ជាង​៤០០​គ្រឿង ត្រូវ​ឈ្មួញ​នាំចូល​ក្នុងព្រៃ​អារច្រៀក​យ៉ាង​អនាធិបតេយ្យ​លាន់​យ៉ាង​ទ្រ​ហឹ​ក​អឺ​កង ហើយ​ឈើ​ភាគច្រើន​ជា​ប្រភេទ​សុ​ក្រំ ផ្ចឹក និង ធ្នង់ បេង នាងនួន​ជាដើម​។ ប៉ុន្តែ​ទោះជា​សកម្មភាព​លួច​កាប់បំផ្លាញ​ព្រៃឈើ​ធ្វើឡើង​រង្គើ​ព្រៃ​និង​សម្លេង​រណា​យន្ត​រោទ៍​លាន់ឮ​យ៉ាងណាក៏ដោយ​ក៏​មិនបាន​រំខាន​ដល់​អស់លោក​ដែលមាន​ភារកិច្ច​បង្ក្រាប់​នោះដែរ ។ ឦសាន​២ ​

KA-27-12-15-05KA-27-12-2015-04