នគរបាល​ច្រក​ទ្វារ​ក្អម​សំណ​ម្នាក់​បើករថយន្ត​បុក​ម៉ូតូ​របួសធ្ងន់​២​នាក់​រួច​រត់គេច​ខ្លួន​បាត់

ខេត្តកណ្ដាល ៖ មន្ត្រី​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៥០​បុក​ម៉ូតូ​សង់​កូរ៉េ​១​គ្រឿង​ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា​បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​រង​របួស​ធ្ងន់ធ្ងរ ហើយ​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ធ្នូ ២០១៥ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤២-៤៣ ស្ថិត​ក្នុងភូមិ​ក្អម​សំណ ឃុំ​ក្អមសំណ ស្រុក​លើក​ដែក ខេត្តកណ្ដាល ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​ហេតុ​កាណ៍​នេះ​មានឈ្មោះ អាត សា​វ៉ែន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ តាកែវ 1C-6606 បាន​រង​របួស​បាក់​ជើង​ទាំង​សងខាង សន្លប់​ស្តូកស្តឹង និង​អ្នក​រួម​ដំណើរ​ពីក្រោយ​ឈ្មោះ វុ​ទ្ធី វ​ណ្ឌី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្ស រង​រប​យស​ធ្ងន់ធ្ងរ​ដែរ ហើយ​ជន​រង​គ្រោះ​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​កើតហេតុ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ។ ចំណែក​រថយន្ត​បង្ក​ម៉ាក ឡិច​ស៊ី​ស ៤៥០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2H-2007 អ្នកបើកបរ​គេចខ្លួន​បាត់ ប៉ុន្តែ​សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ថា​មានឈ្មោះ ស៊ុន ស៊ិ​ន ភេទ​ប្រុស មុខងារ​ជា​មន្ត្រី​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ មាន​អត្តលេខ 34261 ។

បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​សង់​កូរ៉េ​ឌុ​ប​គ្នា​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខាងស្តាំ​ដៃ ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​រថយន្ត​បង្ក​បើក​មក​ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា​បាន​បត់​បម្រុង​ចូល​ហាង​ហូប​អី​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ពេញទំហឹង​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ទៅ​អន្តរាគមន៍ ហើយ​ក៏​បាន​រាយការណ៍​ប្រាប់​មន្ត្រី​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នក​របាល​ស្រុក​លើក​ដែក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ៕