ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ត្រៀម​ទប់ទល់​ចំពោះ​ការ​គំរាមកំហែង​របស់​ពួក​ជី​ហា​ដ

ក្នុង​តំបន់​ព្រៃ​ដាច់​ស្រយាល​នៃ​ប្រជុំ​កោះ CELEBES កងទ័ព​ឥណ្ឌូ​ណេ​ស៊ី​កំពុង​រៀបចំ​ធ្វើការ​តាម​ប្រមាញ់​សត្រូវ​សាធារណៈ​លេខ​មួយ​របស់​ប្រទេស គឺ​សកម្មជន​អ៊ិ​ស្លា​ម​និយម SANTOSO ដែល​ជា​ជន​ឥណ្ឌូ​ណេ​ស៊ី​ដំបូង​គេ​ប្រកាស​ខ្លួន​ជា​សាធារណៈ​ចូលរួម​ក្នុង​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម ។

អាជ្ញាធរ​និយាយ​ថា ជន​ឈ្មោះ SANTOSO មាន​ពេល​រហូត​ដល់​ថ្ងៃ​ទី​៩ មក​រា ដើម្បី​ចូល​សារភាព​បើ​ហួស​កាលកំណត់​នេះ កងទ័ព​នឹង​ធ្វើ​សកម្មភាព​ហើយ ។

កាលពី​ស​ប្តា​ហ៍​មុន ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​មួយ​ចំនួន​ត្រូវ​បាន​ធ្វើ​នៅ​កោះ​ជ្វា​ជា​កោះ​សំខាន់​របស់​ឥណ្ឌូ​ណេ​ស៊ី​ផ្អែក​លើ​ព័ត៌មាន​ស៊ើបការណ៍​ទាំងឡាយ​ផ្តល់​ឱ្យ​ជា​ពិសេស​ដោយ​សហរដ្ឋអាមេរិក និង​អូស្ត្រាលី ដែល​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​មនុស្ស​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​៩​នាក់ ហើយ​បើ​តាម​អាជ្ញាធរ​ថា កម្ទេច​គម្រោង​វាយប្រហារ​ភេរវកម្ម​ជា​ច្រើន ។ បណ្តា​សារធាតុ​ដែល​ប្រើ​សម្រាប់​ផលិត​គ្រាប់បែក​ច្នៃ និង​គ្រឿងផ្ទុះ​របស់​ក្រុម​ជី​ហា​ដ​ត្រូវ​បាន​រឹបអូស​នៅ​ភាគ​កណ្តាល និង​ភាគ​ខាងលិច​កោះ​ជ្វា ។

យោង​តាម​កាសែត JAKARTO GLOBE ប្រមុខ​ប៉ូលិស​ឥណ្ឌូ​ណេ​ស៊ី ឧត្តមសេនីយ៍ BADRODIN HAITI ថ្លែង​ថា បណ្តាញភេរវកម្ម​នេះ​រៀបចំ​វាយប្រហារ​ដោយ​គ្រាប់បែក​នានា​តាម​កន្លែង​ផ្សេង​ៗ​នៅ​ឥណ្ឌូ​ណេ​ស៊ី ។ ក្នុង​បណ្តាញ​នេះ មនុស្ស​មួយ​ចំនួន​ជា​សមាជិក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ព្រមទាំង​ពួក​អ្នកគាំទ្រ​ឯទៀត​ៗ ។

ប៉ូលិស​បញ្ជាក់​ថា គោលដៅ​ជា​ច្រើន​ក្នុង​នោះ​រួម​មាន​ទាំង​ប្រធានាធិបតី លោក​ហ្សូ​កូ​វី​ដូ​ដូ ផង ស្ថិត​ក្នុង​គម្រោង​វាយប្រហារ ។ ពួក​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​សុទ្ធតែ​ជា​មនុស្ស​សំខាន់​របស់​ចលនា​អ៊ិ​ស្លា​ម​និយម ។ បណ្តា​ប្រមុខ​ពួក​គេ​នៅ​តែ​មាន​សេរីភាព ហើយ​អាច​បន្ត​រៀបចំ​ការ​វាយប្រហារ​ភេរវកម្ម​នានា ។

ជា​សញ្ញា​នៃ​ការ​ព្រួយបារម្ភ​សមាជិក​កងកម្លាំង​សន្តិសុខ​ដល់​ទៅ​១៥០.០០០​នាក់​ត្រូវ​បាន​ប្រមូល​នា​ចុងឆ្នាំ​នេះ ដើម្បី​ការពារ​បណ្តា​ទីតាំង​សាធារណៈ និង​បណ្តា​ទីតាំង​សាសនា​របស់​ក្រុម​អ្នក​កាន់សាសនា​ឯទៀត​ៗ ។ នៅ​ឥណ្ឌូ​ណេ​ស៊ី​មាន​អ្នក​កាន់សាសនា​គ្រឹ​ស្តប្រមាណ​ជា​១០% និង​ជិត​២%​ជា​ពួក​ហិណ្ឌូ ។

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ជាទី​លាន​នៃ​រលក​វាយប្រហារ​ភេរវកម្ម​កាលពី​ទស​វត្ស​ឆ្នាំ​២០០០ ពិសេស​គឺ​កាលពី​ខែតុលា ឆ្នាំ​២០០២ គឺ​ការ​វាយប្រហារ​ក្នុង​សង្កាត់​សម្បូរ​ក្លិប​រាត្រី KUTA BEACH កោះ​បាលី ។ គ្រាប់បែក​ជា​ច្រើន​គ្រាប់​បាន​ផ្ទុះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២០២​នាក់ ក្នុង​នោះ​មាន​អ្នកទេសចរ​អូស្ត្រាលី​៨៨​នាក់ ។ ការ​វាយប្រហារ​នេះ​ជា​ស្នាដៃ​របស់​ចលនា JAMAAH ISLAMIYAH (JI) ។

ការ​វាយប្រហារ​ភេរវកម្ម​ឯទៀត​ៗ នា​សម័យ​កាលនោះ មាននៅ​ក្រុង​ហ្សា​ការ​តា​ដូច​ជា​ការ​វាយប្រហារ​ដោយ​គ្រឿងផ្ទុះ​ប្រឆាំង​សណ្ឋាគារ MARRIOTT នា​ខែសីហា ឆ្នាំ​២០០៣ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១០​នាក់ ឬ​ការ​វាយប្រហារ​បំផ្ទុះ​រថយន្ត​ប្រឆាំង​ស្ថានទូត​អូស្ត្រាលី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១០​នាក់​កាលពី​ខែកញ្ញា ឆ្នាំ​២០០៤ ។ នៅ​កោះ​បាលី ការ​វាយប្រហារ​ភេរវកម្ម​ដែល​មានការ​សម្របសម្រួល​គ្នា​មួយ​ចំនួន​ប្រឆាំង​បណ្តា​ភោជនីយដ្ឋាន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២០​នាក់ ថែម​ទៀត នា​ខែតុលា ឆ្នាំ​២០០៥ ។ ក្នុង​ឆ្នាំ​២០០៩ សណ្ឋាគារ​២​នៅ​ក្រុង​ហ្សា​ការ​តា​រង​ការ​វាយប្រហារ​ដោយ​គ្រាប់បែក ។

ក្នុង​បណ្តា​ឆ្នាំ​បន្ទាប់​ក្រុម JEMAAH ISLAMIYAH ត្រូវ​កម្ទេច​មួយ​ផ្នែក ហើយ​ប្រមុខ​សំខាន់​ៗ​របស់​ក្រុម​នេះ​ត្រូវ​ចាប់ខ្លួន ឬ​ត្រូវ​សម្លាប់​។ ក៏​ប៉ុន្តែ​អាជ្ញាធរ​សង្ស័យ​ការ​ងើបឡើង​វិញ​នៃ​អំពើ​ហិង្សា​អ៊ិ​ស្លា​ម​និយម​ដែល​លើក​នេះ​បញ្ចូល​មក​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

កាលពី​ថ្ងៃ​ទី​២១ ធ្នូ កន្លង​មកនេះ ប៉ូលិស​ឥណ្ឌូ​ណេ​ស៊ី​លាតត្រដាង​ថា ពួក​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​នៅ​កោះ​ជ្វា ទទួល​បានការ​ផ្ទេរ​មូលនិធិ​មក​ពី​ស៊ី​រី ។ ពួក​គេ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ពួក​គេ​ទទួល​ប្រាក់​កាស​ពី​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​ជា​អ្នកសម្របសម្រួល ដើម្បី​ផ្សារ​ភ្ជាប់​រវាង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​ឥណ្ឌូ​ណេ​ស៊ី ។

រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​វាយតម្លៃ​ថា មាន​សកម្មជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រមាណ​ជា​១.០០០​នាក់ នៅ​ឥណ្ឌូ​ណេ​ស៊ី ដោយ​ក្នុង​ចំណោម​អ្នក​ទាំងនេះ​មនុស្ស​រវាង​ពី​១០០ ទៅ​៣០០​នាក់​ធ្លាប់​ទៅ​កាន់​ស៊ី​រី ៕