ពលរដ្ឋ​ម្នាក់​ស្លាប់ ក្រោយ​សង្ស័យថា ពុល កូកាកូឡា (CocaCola)

​សមត្ថកិច្ច បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ស្លាប់​ហើយ ដោយសារ ពុល​ទឹកក្រូច ម៉ាក​កូកាកូឡា កាលពី​ប៉ុន្មាន​ថ្ងៃមុន​កន្លងមក​។​ប្រជាពលរដ្ឋ​ចំនួន​៤៥​នាក់ នៅ​ភូមិ​តាំងគោក ឃុំ​តា​លោ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​ពុល​ទឹកក្រូច ម៉ាក​កូកាកូឡា ក្រោយពី​បានទទួល​ទាន​នៅក្នុង​ពិធីសែនព្រេន​ប្ដី​ប្រពន្ធ​១​គូ នៅក្នុង​ភូមិ​។​

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ពោធិ៍សាត់ លោក ខេង ទី​តូ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា ប្រជាពលរដ្ឋ​ម្នាក់ ក្នុងចំណោម​ចំនួន​៤៥​នាក់ ដែល​សង្ស័យថា​ពុល​ទឹកក្រូច ម៉ាក កូកាកូឡា នោះបាន​ស្លាប់​ហើយ ក្រោយពី​បាន​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។ លោក ខេង ទី​តូ បាន​បន្ថែមថា ពលរដ្ឋ​ដែល​ស្លាប់​នោះ មាន​អាយុ ៨៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ហើយ​មូល​ហេតុដែល​បណ្ដា​ឲ្យ​ស្លាប់​នេះ ដោយសារ​ជនរងគ្រោះ​មាន​អាការ​ពុល​ធ្ងន់ធ្ងរ​ជាង​ប្រជាពលរដ្ឋ​ដទៃ​។

​កន្លងមក​មេបញ្ជាការ​កងរាជអាវុធហត្ថ​រូបនេះ ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ប្រជាពលរដ្ឋ​ដែល​សង្ស័យថា​ពុល​ទឹកក្រូច​ម៉ាក កូកាកូឡា នោះ មាន​អាការ​ចុកពោះ ក្អួតចង្អោ និង​ខ្លះទៀត​ពុល​រហូតដល់​នោម​ចេញឈាម និង​មាន​ឈាម​ចេញ​តាម​រោម តាម​ស្បែក​ជាដើម​។​

​តែ​យ៉ាងណា​លោក ខេង ទី​តូ ធ្លាប់បាន​បញ្ជាក់ថា សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​លើទឹក​ក្រូច ម៉ាក​កូកាកូឡា ដែល​ប្រជាពលរដ្ឋ​ទទួលទាន​ពុល​នេះ ឃើញថា ផលិតផល​ទឹកក្រូច​ ម៉ាកកូកា​កូឡានេះ គឺ​បាន​នាំចូល​មកពី​ប្រទេស​វៀតណាម ដោយបាន​ចរាចរណ៍​លក់​នៅក្នុង​ភូមិ​កើតហេតុ​ខាងលើ​។ ប៉ុន្ដែ​លោក​ថា សមត្ថកិច្ច មិនទាន់​អាច​សន្និដ្ឋានបាន​ទាំងស្រុង​នៅឡើយ​ទេ ដោយ​រង់​ចាំមើល​ការសិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​បន្ថែមទៀត ជុំវិញ​ករណី​សង្ស័យ​ពុល​ទឹកក្រូច កូកាកូឡា នេះ​។​

​កន្លងមក​អ្នកស្រី លឹម លី​ណា ប្រធាន​ផ្នែក​ទំនាក់ទំនង និង​កិច្ចការ​សាធារណៈ​ក្រុមហ៊ុន​(CocaCola) ធ្លាប់បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រុមហ៊ុន​កំពុងធ្វើការ​ត្រួតពិនិត្យ​ផ្ទៃក្នុង​ចំពោះ​គុណភាព​ផលិតផល ដែល​ត្រូវបាន​រក្សាទុក​ក្នុង​បន្ទប់​សំណាក់​គំរូ (Retention Sample) ទៅលើ​ប្រភេទ​ផលិតផល​តែមួយ​នៅក្នុង​ក្រុមហ៊ុន ។ អ្នកស្រី​បន្ថែមថា ក្រុមហ៊ុន ក៏បាន​ទាក់ទង​ឲ្យ​ភ្នាក់ងារ​របស់ខ្លួន ចុះទៅ​ប្រមូល​ភេសជ្ជៈ កូកាកូឡា ដែល​ប្រជាពលរដ្ឋ​ទទួលទាន​ពុល​នៅ​ខេត្តពោធិ៍សាត់​នោះ ដើម្បី​យកមក​ពិនិត្យថា តើ​គុណភាព​ភេសជ្ជៈ កូកាកូឡា ពិត​ជាមាន​បញ្ហា​ដូចជា​ការលើកឡើង​មែនដែរ​ឬ​អត់​? ហើយ​ក្រុមហ៊ុន​នឹង​ផ្ដល់ព័ត៌មាន​ជា​សាធារណៈ ក្រោយ​ពិសោធន៍​ចប់​រួចរាល់​។ ទោះជា​យ៉ាងណាក្ដី​អ្នកស្រី លី​ណា យល់ថា ករណី​ពុល​នៅ​ខេត្តពោធិ៍សាត់ ក៏​អាច​ប្រហែល​មកពី​ប្រជាពលរដ្ឋ​ទាំងនោះ ទទួលទាន​ទឹក​ភេសជ្ជៈ​ចម្រុះ​លាយឡំ​ជាមួយគ្នា ទើប​បណ្ដា​ឲ្យ​មាន​បញ្ហា​ពុល​បែបនេះ​៕
ពលរដ្ឋ​ម្នាក់​ស្លាប់ ក្រោយ​សង្ស័យថា ពុល កូកាកូឡា (CocaCola)