«​កំហុស​ធ្ងន់ធ្ងរ​ចំពោះ​ប្រទេសជាតិ​»

​ភ្នំពេញ​៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅឯ​បរទេស​បានធ្វើ​អត្ថាធិប្បាយ​ពី​កំហុស​ខុសឆ្គង​មួយចំនួន​ដែល​បង្កឡើង​ដោយ​រដ្ឋាភិបាល​នាពេល​កន្លងមក​ទាក់ទង​សំណុំរឿង​ការផ្តល់​ដី​សម្បទាន​រាប់ម៉ឺន​ហិកតា​នៅក្នុង​ខេត្ត​រតនា​គី​រី​ដោយ​ផ្អែក លើ​សេចក្តីរាយការណ៍​របស់​កាសែត​ជា​ភាសា​អង់គ្លេស The Cambodia Daily​។ តែ​បញ្ហា​នេះ​ត្រូ​បាន​ច្រាន​ច្រោ​ល​ដោយ​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​។

​ដោយ​ផ្អែកលើ​សេចក្តីរាយការណ៍​របស់​កាសែត​ជា​ភាសា​អង់គ្លេស​នៅ​ប្រទេស​កម្ពុជា ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អត្ថាធិប្បាយ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម​បន្ថែមថា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់ម៉ឺន​ហិកតា​រយៈ​៩៩​ឆ្នាំ​ក្នុង​ខេត្ត​រតនគីរី​ជាប់់​ព្រំប្រទល់​ដែនកម្ពុជា និង​វៀតណាម ឲ្យ​ទៅ​កងទ័ព​វៀតណាម គឺជា​កំហុស​មួយ​ធ្ងន់ធ្ងរ​ណាស់​ចំពោះ​ជាតិខ្មែរ ពីព្រោះ ទង្វើ​នេះ​នាំមក​នូវ​គ្រោះថ្នាក់ និង​ផ្តល់​វិបាក ដូចតទៅ​៖ ទី​១ គឺ​បញ្ហា​កំណត់​បន្ទាត់​ព្រំដែន ឲ្យ​បាន​ត្រឹមត្រូវ និង​យុ​ត្តិ​ធ៌​ម​ចំពោះ ប្រទេស កម្ពុជា ក្នុង​តំបន់​មួយ​ដែល​ប្រទេស​វៀតណាម​គ្រប់គ្រង​រួចទៅហើយ​។ ទី ២ គឺ គ្រោះថ្នាក់​ដល់​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព នែ​ប្រទេស​កម្ពុជា និង​ទី​៣ គឺ​ការ​កេង ប្រវ័ញ្ច និង​ការបំផ្លាញ​ធនធានធម្មជាតិ (​មាន​ព្រៃឈើ​ជាដើម​) របស់​ប្រទេស កម្ពុជា​ពី​សំណាក់​ប្រទេសជិតខាង​។

​ទាក់ទង​ទៅនឹង​រឿង​ដី​សម្បាន​សេដ្ឋកិច្ច​នេះ អភិបាលខេត្ត​រតនគិរី លោក ថង សាវុន ដកស្រង់​សម្តី​ដោយ​គេហទំព័រ​ដើម​អំពិល បាន​ច្រានចោល​ដំណឹង​ដែល​ចុះផ្សាយ​ថា មាន​ក្រុមហ៊ុន​វៀតណាម​ចំនួន​៤ ដែល​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច ដាំ​ដំណាំ​កៅស៊ូ​នៅ​ខេត្តរតនគិរី រហូតដល់​ទៅ ប្រមាណ​៤​ម៉ឺន​ហិកតា គឺ​មិន​ពិត​នោះទេ ធាតុពិត មានតែ​ជាង ២​ម៉ឺន ហិច​តា ប៉ុណ្ណោះ ហើយនឹង​មានការ​ដក​ហូត​មកវិញ​ខ្លះ ដោយសារតែ​ក្រុមហ៊ុន​ទាំងនោះ មិនបាន​បំពេញ​តាម​កិច្ចសន្យា ពោលគឺ​នៅ​ចុងបញ្ចប់ ក្រុមហ៊ុន​អាច​នឹង​កាន់កាប់​បានត្រឹមតែ​៤​ពាន់​ហិច​តា​ប៉ុណ្ណោះ​។ 

​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​កាលពី​ម្សិលមិញ​ថា រហូតមកដល់​ពេលនេះ​ការបោះបង្គោល​ព្រំដែន​គោក រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម នៅសល់តែ​ជាង​១៦​ភាគរយ​ទៀត​ប៉ុណ្ណោះ​វា​នឹង​បញ្ចប់​ជា​ស្ថាពរ​ហើយ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​បន្ថែមថា បើ​ការបោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម ចប់​រួចរាល់​នៅពេលនោះ តំបន់​ព្រំដែន​គោក​រវាង​ប្រទេស​កម្ពុជា នឹង​ក្លាយជា​តំបន់​មាន​ស្ថេរភាព ហើយ​ប្រជាពលរដ្ឋ​នឹង​រស់នៅ​គ្មាន​ភាពភ័យខ្លាច​ទៀត​ទេ​។ នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ក្រោយពី​បញ្ចប់​ការបោះបង្គោល​ព្រំដែន​គោក​នេះ កម្ពុជា​នឹង​បន្ត​ច​ចារ​កំណត់ព្រំដែន​សមុទ្រ​ជាមួយ​វៀតណាម​បន្ថែមទៀត​៕