ច្បាប់ចរាចរ​ផ្លូវគោក​ដំណើរការ​ មានប្រិសទ្ធភាព​បាន អាស្រ័យ​លើពលរដ្ឋ​ប្តូរឥរិយាបទ​

ភ្នំពេញ៖ ការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឲ្យបានម៉ឺងម៉ាត់ចាប់ពី ឆ្នាំ ២០១៦ ទៅ អាចដំណើរការ ទៅប្រកប ដោយប្រសិទ្ធភាពនោះ គឺអាស្រ័យទៅលើកត្តា ប្រជាពលរដ្ឋចេះផ្លាស់ប្តូរ ឥរិយាបទរបស់ខ្លួន ពោលគឺពាក់មួកសុវត្ថិភាព ក្នុងចំណោមអ្នករួមដំណើរ តាមទោចក្រយានយន្ត គិតទាំងកុមារចាប់ពីអាយុ៣ឆ្នាំឡើងទៅ រួមទាំងអ្នកធ្វើដំណើរ តាមយានយន្តត្រូវពាក់ខ្សែក្រវ៉ាត់ ការបើកបរមានអធ្យាស្រ័យ បើកបរតាមល្បើនកំណត់ និងមិនបើកក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដើម។

មានក្រុមអ្នកវិភាគបានព្យាករថា ការផ្លាស់ប្តូរឥរិយាបទនឹង មានផលចំណេញពី ការសង្គ្រោះជីវិតមនុស្ស និងការពារការខាតបង់ថវិកា ដែលតែងតែបាត់បង់ រាប់រយលានដុល្លារ ជារៀងរាល់ឆ្នាំ។ ការអនុវត្តច្បាប់ចរាចរផ្លូវគោកដោយភាពជោគជ័យទៅបាន គឺវាអាស្រ័យលើអ្នកអនុវត្តច្បាប់ និង អ្នកប្រតិបត្តិមានឆន្ទៈក្នុងការធ្វើឬក៏ធ្វើតាមការបញ្ជា។

ក្រុមអ្នកវិភាគដដែលនេះនិយាយថា ធរមាននៃការរឹតបន្តឹង និងការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកនៅដើមឆ្នាំ២០១៦នោះ អាចបានត្រឹមតែ មួយខ្យល់ បើអ្នកពាក់ព័ន្ធ ពិសេសពលរដ្ឋមិនរួមគ្នា លុបបំបាត់ទម្លាប់ផ្តល់ សំណូកពេលធ្វើខុស និងមន្ត្រីនគរបាលចរាចរណ៍ មិនកែប្រែទម្លាប់ដែលធ្លាប់ល្មើស នាពេលកន្លងទៅ ហើយងាកមកចាប់ យកច្បាប់ជាធំទេនោះ។

យ៉ាងណាក៏ដោយមន្រ្តីសង្គមស៊ីវិល ធ្វើការលើរឿងនេះបានអះអាងថា ការអប់រំ ការផ្សព្វផ្សាយ មិនអាចធ្វើការកែប្រែទម្លាប់ចាស់ ដែលចាក់គ្រឹះយ៉ាងរឹងមាំ នៅក្នុងដំណើរប្រចាំថ្ងៃ របស់អ្នកប្រើប្រាស់ផ្លូវបានឡើយ។ ការអប់រំ ការផ្សព្វផ្សាយ ត្រូវតែផ្សារភ្ជាប់នឹងការរឹតបន្តឹង ការអនុច្បាប់ ហើយការអនុវត្តត្រូវធ្វើដូចភ្លៀងរលឹម ក្រោមទិស្លោក«សុវត្ថិភាពចរាចរណ៍ចាប់ផ្តើមពីយើងទាំងអស់គ្នា»។ ការយល់ដឹង ពីបម្រែបម្រួលនៃច្បាប់ ការធ្វើបច្ចុប្បន្នភាព នៃទម្លាប់ចាស់ ការចូលរួមអនុវត្តច្បាប់ពី សាធារណជន គឺនាំឲ្យគ្រួសារមានសុវត្ថិភាព សហគមន៍មានសុវត្ថិភាពនិង សង្គមមានការរីកចម្រើន។ ពួកគេមានសុទិដ្ឋិនិយមថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរនៅកម្ពុជាបាន៥០ភាគរយនៅឆ្នាំ២០២០។

តាមរបាយការណ៍អង្កេត ជាលក្ខណៈអន្តរជាតិមួយ បានធ្វើការព្យាករថា គិតចាប់ពីចុងឆ្នាំ២០១៥ដល់ឆ្នាំ២០២០ ប្រសិនបើការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក មានភាពតឹងរ៉ឹង និងមានប្រសិទ្ធភាព នឹងអាចជួយសង្គ្រោះជីវិតមនុស្សបានចំនួន៥៦១នាក់ ការពារអ្នករួមដំណើរជាង១ម៉ឺននាក់ ពីការរងរបួសក្បាល និងការពារការខាតបង់ ថិវកាជាង៩៨លានដុល្លារអាម៉េរិក។ប៉ុន្តែបើមិនមានវិធានការទប់ស្កាត់ទេនោះអត្រាគ្រោះថ្នាក់នឹងកើនឡើងបន្ថែម ៣.២០០នាក់ នៅឆ្នាំ២០២០។
តាមការបញ្ចាក់ពីមន្រ្តីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈថា គ្រោះថ្នាក់ចរាចរនៅកម្ពុជា កើតឡើងដោយអ្នកប្រើប្រាស់ផ្លូវមិនគោរព និងមិនចេះច្បាប់ចរាចរណ៍ ក្នុងនោះមានដូចជា៖ បើកបរហួសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលស្រវឹង ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ មិនគោរពសិទ្ធិអាទិភាព ប្តូរទិសដៅមិនប្រុងប្រយ័ត្ន រួមនឹងការប្តូរគន្លងផ្លូវមិនប្រុងប្រយ័ត្នជាដើម៕

ច្បាប់ចរាចរ​ផ្លូវគោក​ដំណើរការ​ មានប្រិសទ្ធភាព​បាន អាស្រ័យ​លើពលរដ្ឋ​ប្តូរឥរិយាបទ​
ច្បាប់ចរាចរ​ផ្លូវគោក​ដំណើរការ​ មានប្រិសទ្ធភាព​បាន អាស្រ័យ​លើពលរដ្ឋ​ប្តូរឥរិយាបទ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត