បុរស​ម្នាក់ យក​លុយ​ខ្មោច​ ទៅ​ទិញ​ខោ​អាវ​ ត្រូវ​អ្នក​លក់​ ចាប់​ឱ្យសមត្ថកិច្ច​​

​ខេត្តកំពង់ឆ្នាំង ៖ អាជីវករ​លក់ដូរ​ផ្សា​រលើបាន​ចាប់​ជនសង្ស័យ​ម្នាក់ ប្រគល់​ឱ្យសមត្ថកិច្ច​​ក្រុង​កំពង់ឆ្នាំង បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះបាន​យក​ក្រដាសប្រាក់​១០០​ដុល្លារ ជា​ប្រាក់​សម្រាប់​សែនយក​ទៅ​ទិញ​ខោអាវ នៅ​តូប​អាជីវករ​លក់ខោអាវ ។

ហេតុ​ការ​ណ៍​​នេះ​បាន​កើតឡើង​កាល​ពី​វេលាម៉ោង​៩​ និង​៣០​នាទីព្រឹក ​ថ្ងៃ​ទី​២៧ ​ធ្នូ ​​២០១៥ ។​

ទោះ​យ៉ាងណា ក្រោយ​ពី​សមត្ថកិច្ច​​បាន​ធ្វើ​កំណត់ហេតុ​សាកសួរ រឿង​ចាយ​ដុល្លា​ខ្មោច​រួច​មក ទើប​ដឹង​ថា ជនសង្ស័យ​រូប​នោះ​ជា​មនុស្សមាន​ស្មារតីមិនល្អ ទើប​គ្រាន់តែ​ធ្វើ​កំណត់ហេតុ ដកហូត​ប្រាក់​ដុល្លា​រសម្រាប់​ដុត​សែន រួច​ឱ្យត្រឡប់​ទៅ​ផ្ទះ​វិញ ។

សមត្ថកិច្ច​ក្រុង​កំពង់ឆ្នាំង បានឱ្យ​ដឹង​ថា បុរស​សង្ស័យ​រូប​នោះ បាន​ប្រាប់​ថា រូបគេ​មានឈ្មោះ ជា រតនៈ ​អាយុ​៤៨ឆ្នាំ មាន​ទីលំនៅ ស្រុក​មង្គល​បូ​រី ខេត្តតាកែវ ។ ​រូបគេ​មាន​ជម្ងឺ មក​ពីខេត្តបាត់ដំបង បំណង​ទៅ​ស្រុក​នៅ​ខេត្តតាកែវ ។​ ម្តង​ថា ទើប​ចេញពី​មន្ទីរពេទ្យ​ខេត្ត ហើយ​ទៅ​ទិញ​ខោអាវ​ស្លៀក ត្រូវ​គេ​ចាប់ខ្លួន ។

សមត្ថកិច្ច​បាន​ត្រួត​ពិ​និ​ត្យឃើញ​ប្រាក់​ដុ​លា្ល​រសម្រាប់​ដុត​សែនខ្មោច ចំនួន១.៤៦០ដុល្លារ និង​ប្រាក់​ខ្មែរ ចំនួន​៣.៥០០​រៀល ។ ក្រៅពី​នោះ​ឃើញ​មាន​សំបុត្រ​វេជ្ជ​បញ្ជា​ទិញ​ថ្នាំ​របស់គ្រូពេទ្យខេត្តបាត់ដំបង ។

​ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​ពេល​សាកសួរយក​ចម្លើយ​មិន​បាន ​ព្រោះ​ម្តងថា ធ្វើ​ទាហាន ម្តង​ថា ធ្វើ​អង្គរក្ស ម្តង​ថា ​ដេកពេទ្យ ចំណែក​ក្នុង​កាបូបស្ពាយ​មាន ភួយ​ដណ្តប់ មាន​ថ្នាំដុសធ្មេញ មានសាប៊ូ ខោអាវ និង​សំបុត្រ​បញ្ជាក់​គ្រូពេទ្យ​ផង​នោះ សមត្ថកិច្ច​នគរបាល​បាន​ឆ្លង​យោបល់ថ្នាក់លើ ក៏​ដូច​ជា​ព្រះរាជអាជ្ញា ទើបសន្និដ្ឋាន​ថា ជា​មនុស្ស​មាន​ស្មារតី​មិនល្អ ហើយ​បាន​សម្រេចធ្វើការ​អប់រំ​ណែនាំឱ្យ​ត្រឡប់​ទៅ​វិញ តែ​បាន​ដកហូត​ប្រាក់​ដុល្លារ​សម្រាប់​សែនខ្មោច ដើម្បី​កុំឱ្យ​បន្តយក​ទៅ​ចាយ​ផ្តេសផ្តាស់​បន្ត​ទៀត។

ជាមួយ​គ្នា​នោះ​ផង​ដែរ ​ស​មត្ថ​កិច្ច​​​ក្រុង​កំពង់ឆ្នាំងបាន​អំពាវនាវតាម​រយៈការ​ផ្សាយ​របស់​សារព័ត៌មាន ទូរ​ទស្ស​ន៍ បើ​បងប្អូន​ណា​បានឃើញ​ក្រុម​គ្រួសារ ដូច​មាន​ភិនភាគ​នេះ សូម​ប្រញាប់​មក​ទទួលយក​ទៅ​ស្រុក​កំណើត​ផង ព្រោះ​មនុស្ស​នេះ​មាន​សុខភាព​មិនល្អ​ទេ មិន​បាន​ហូប​បាយ​ច្រើន​ថ្ងៃ​ហើយ៕

បុរស​ម្នាក់ យក​លុយ​ខ្មោច​ ទៅ​ទិញ​ខោ​អាវ​ ត្រូវ​អ្នក​លក់​ ចាប់​ឱ្យសមត្ថកិច្ច​​
បុរស​ម្នាក់ យក​លុយ​ខ្មោច​ ទៅ​ទិញ​ខោ​អាវ​ ត្រូវ​អ្នក​លក់​ ចាប់​ឱ្យសមត្ថកិច្ច​​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត