គជប​៖ អ្នកដាក់ពាក្យ​ឈរឈ្មោះ​ជា​បេក្ខជន​អគ្គលេខាធិការ ២៤ នាក់ និង​អគ្គលេខាធិការរង ១០០ នាក់​

ភ្នំពេញ: ​គជប បានប្រកាសថា គិត​ត្រឹម​ថ្ងៃ​ផុតកំណត់​ទទួល​ពាក្យ កាលពី​ម៉ោង ៥ និង ៣០ នាទី ល្ងាច​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ គឺមាន​អ្នក​ដែល​បានដាក់​ពាក្យសុំ​ឈរឈ្មោះ ជា​មុខតំណែង​អគ្គលេខាធិការ គជប ចំនួន ២៤ នាក់ និង​អ្នក​ដែល​បានដាក់​ពាក្យសុំ​ឈរឈ្មោះ ជា​មុខ​តំណាង​អគ្គលេខាធិការរង មាន​ចំនួន ១០០ នាក់ ក្នុងនោះ មាន​ស្ត្រី ៤ នាក់​។​

​សេចក្តីប្រកាស​របស់​គ​ជប បង្ហាញថា អ្នក​ដែល​បានមក​ទទួលយក​ពាក្យ​សុំ​ឈរឈ្មោះ​ជា​បេក្ខជន នៃ​មុខតំណែង​អគ្គលេខាធិការ មាន​ចំនួន ៣៤ នាក់ និង​អ្នក​ដែល​បានមក​ទទួលយក​ពាក្យ​សុំ​ឈរឈ្មោះ​ជា​បេក្ខជន​នៃ​មុខតំណែង​អគ្គលេខាធិការរង មាន​ចំនួន ១៧០ នាក់​។​

​សេចក្តីប្រកាស​របស់​គ​ជប ចុះ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ បង្ហាញថា គជប ដែលមាន​សមាសភាព​ចំនួន ៩ រូប នឹងធ្វើ​ការពិនិត្យ​លើ​ពាក្យសុំ​ឈរឈ្មោះ​របស់​បេក្ខជន​ទាំងអស់ រួច​នឹងធ្វើ​ការសម្រេច​ទៅតាម​នីតិវិធី​ច្បាប់​។

​គជប បានប្រកាស​ជ្រើសរើស​អគ្គលេខាធិការ​គ​ជប ចំនួន ១ រូប និង​អគ្គលេខាធិការរង គជប ចំនួន ៤ រូប​។ បេក្ខជន​ទាំងអស់នោះ នឹងត្រូវ​គជប ដែលមាន​សមាសភាព ៩ រូប ជា​អ្នកសម្រេច ដោយ​មតិ​ភាគច្រើន​ដាច់ខាត​៕​