រុស្ស៊ី ចុះអនុស្សរណៈ​យោគយល់គ្នា​ វិនិយោគទុនទឹកប្រាក់ ជាង​១២ពាន់លានដុល្លារ​ ជាមួយ​បង់ក្លាដេស លើគម្រោង​នុយក្លេអែរ​

ដាកា៖ យោងតាមទូរសទស្សន៍ សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅរាត្រីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ថា ទឹកប្រាក់ចំនួន ១២,៦៥ ពាន់លានដុល្លារ សហរដ្ឋអាម៉េរិក ត្រូវបានរុស្ស៊ីចុះ អនុស្សរណៈយោគយល់គ្នា វិនិយោគទុនលើគម្រោង នុយក្លេអែរ ជាមួយប្រទេសបង់ក្លាដេស ។ ក្នុងគោលបំណងបង្កើន ថាមពលអគ្គីសនី ឲ្យបាន១,២០០ម៉េហ្គាវ៉ាត់ ។

លោក Kamrul Islam Bhyian អ្នកនាំពាក្យមួយរូបមកពី ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានឲ្យដឹងថា ដំណើរការនៃគម្រោងការ មួយនេះនឹងចាប់ផ្តើម នៅដើមឆ្នាំក្រោយ នៅក្រុងRuppur ខេត្ត Iswardi ចម្ងាយប្រមាណ១៦០គីឡូម៉ែត្រ ពីរដ្ឋធានីដាកា ។

លោកបានបញ្ជាក់ថា "រុស្ស៊ី នឹងផ្តល់ហិរញ្ញវត្ថុលើទី៩០ភាគរយ នៃទឹកប្រាក់វិនិយោគទុនសរុប ដោយទទួលនូវការប្រាក់វិញចំនួន១.៧៥ភាគរយ បូករួមទាំងកម្លាំងពលកម្មផងដែរ" ។

រដ្ឋាភិបាលបង់ក្លាដេស នឹងបញ្ចប់នូវការទូទាត់វិញលើប្រាក់កម្ចីក្នុងអំឡុងពេល២៨ឆ្នាំ នឹងរយៈពេល១០ឆ្នាំជាទឹកប្រាក់អនុគ្រោះពីរុស្ស៊ី ។ លោក Abul Maal Abdul Muhith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបង្ល់ក្លាដេស បានបញ្ជាក់ថា នេះជាគម្រោងការមួយដ៏ធំសម្រាប់បង់ក្លាដេស។ គម្រោងការថាមពលនេះ នឹងអាចធ្វើប្រតិបត្តិការ បាននៅ ឆ្នាំ២០២២ និងឆ្នាំបន្ទាប់ គឺឆ្នាំ២០២៣ ៕

រុស្ស៊ី ចុះអនុស្សរណៈ​យោគយល់គ្នា​ វិនិយោគទុនទឹកប្រាក់ ជាង​១២ពាន់លានដុល្លារ​ ជាមួយ​បង់ក្លាដេស លើគម្រោង​នុយក្លេអែរ​