នគរបាល​ក្រុង​ព្រះ​វិហារ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​២​នាក់

ខេត្តព្រះវិហារ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ក្រុង​ព្រះ​វិហារ​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​របស់​សាលាដំបូង​ខេត្តព្រះវិហារ​ពី​បទ​ប្រើប្រាស់​គ្រឿង​ញៀន​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ធ្នូ ២០១៥ ។

សមត្ថកិច្ច​នគរបាល​ក្រុង​ព្រះ​វិហារ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១-​ឈ្មោះ មឿ​ន សុធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ដំណាក់ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ និង ២-​ឈ្មោះ វឿ​ន ច​ន្ធូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ថ្មី សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ ។

លោក​វរសេនីយ៍ត្រី គង់ គា អធិការ​នគរបាល​ក្រុង​ព្រះ​វិហារ បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​មាន​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​លោក សោ ពន្លក ចៅក្រម​ស៊ើ​ម​សួរ​សាលាដំបូង​ខេត្តព្រះវិហារ ដោយ​យល់​ឃើញ​ថា មាន​តម្រុយ​ពិរុទ្ធភាព​ទៅ​លើ​ជន​ត្រូវ​ចោទ​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​របស់​តុលាការ​ពី​បទ​ប្រើប្រាស់ និង​ជួញដូ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ប្រព្រឹត្ត​នៅ​ភូមិ​អណ្ដូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៥​កន្លង​ទៅ ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​ក្នុង​បញ្ញត្តិ មាត្រា​លេខ​៤០ (​នៃ​ការ​ត្រូ​ត​ពិនិត្យ​គ្រឿងញៀន​) ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខណៈ​ពេល​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យុវជន​២​នាក់​ខាងលើ​នោះ ពុំ​បាន​រក​ឃើញ​គ្រឿងញៀន​នោះ​ទេ មិនដឹង​ថា​ជនសង្ស័យ​យក​ទៅ​បោះចោល​នៅ​ទីណា ប៉ុន្តែ​សមត្ថកិច្ច​ក៏​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ទៅ​ឆែកឆេរ​ផ្ទះ​របស់​ពួក​គេ​ឃើញ​មាន​វត្ថុ​តាង និង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ផង​ដែរ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​ព្រះ​វិហារ​បញ្ជូន​ទៅ​កាន់​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕