អាជ្ញាធរ ខេត្តបាត់ដំបង បង្ក្រាប បទល្មើស នេសាទ ខុសច្បាប់ នៅស្រុកឯកភ្នំ និងស្រុក មោងឬស្សី

បាត់ដំបូង៖កម្លាំងនគរបាល ខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែធ្នូ កន្លងទៅនេះ បានធ្វើការបង្ក្រាប បទល្មើសនេសាទ ខុសច្បាប់ បានពីរកន្លែង ក្នុងស្រុកឯកភ្នំ និងស្រុកមោងឬស្សី ក្នុងនោះបានធ្វើការដកហូតសម្ភារៈ និងឲ្យអ្នកប្រព្រឹត្ត ធ្វើកិច្ចសន្យាផងដែរ។ នេះបើយោងតាម គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥។

គេហទំព័រ អគ្គស្នងការ នគរបាលជាតិ បានឲ្យដឹងថា នៅម៉ោង១៣៖៣០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ លោកវរសេនីយ៍ត្រី ឡុង យោធាវីរ: អធិការ នគរបាលស្រុកឯកភ្នំ បានដឹកនាំ កម្លាំង សហការជាមួយ កម្លាំងជលផល បានចុះធ្វើការបង្ក្រាប បទល្មើសនេសាទ នៅចំនុចឡូត៍លេខ២ នឹងឡូត៍លេខ៥ ឃុំកោះជីវាំង  ជាលទ្ធផល សមត្ថកិច្ច បង្ក្រាបបាន ក្បាលបរចំនួន ២០ សាច់មងចំនួន ២១០ម៉ែត្រ បង្គោលចំនួន ២៧០ដើម នឹងបានលែងត្រីចំរុះចំនួន ១៧០គីឡូក្រាម។ ជាមួយគ្នានោះ  សមត្ថកិច្ច បានឃាត់ ខ្លួន អ្នកប្រព្រឹត្តិ នឹងឲ្យធ្វើកិច្ចសន្យា បញ្ឈប់នូវ បទល្មើស នេសាទបន្តទៀត។

ជាមួយគ្នានោះ នៅម៉ោង២១៖១៦នាទី លោកវរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាលស្រុក មោងឬស្សី បានដឹកនាំកម្លាំង សហការជាមួយ កម្លាំងប្រជាការពារ បានចុះ បង្ក្រាបបទល្មើសនេសាទ នៅចំនុចភូមិទួលព្រំ២ ឃុំកកោះ ស្រុកមោងឬស្សី។ ជាលទ្ធផល សមត្ថកិច្ច ដកហូតបានសំភារៈរួមមាន អាគុយ ៣ អំភ្លី ៣ ដងសំរាប់ឆក់ ២ កង់ ៣គ្រឿង ចំណែកម្ចាស់ បានធ្វើការរត់គេច ខ្លួនបាត់ មុនពេល ដែលសមត្ថកិច្ច ទៅដល់កន្លែងប្រព្រឹត្តបទល្មើស៕

អាជ្ញាធរ ខេត្តបាត់ដំបង បង្ក្រាប បទល្មើស នេសាទ ខុសច្បាប់ នៅស្រុកឯកភ្នំ និងស្រុក មោងឬស្សី