អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​តម្រូវ​ឲ្យ​អាជីវករ​កំណត់​ថ្លៃ​ម្ហូប​និង​កន្លែង​អង្គុយ​ឲ្យ​បាន​ច្បាស់លាស់

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បើក​យុទ្ធនាការ​ចុះ​ពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍ ការ​ផ្តល់​បដិសណ្ឋារកិច្ច និង​ការ​កំណត់​តម្លៃ​សេវាកម្ម​ទេសចរណ៍​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ផ្តល់​ជម្រើស​ដល់​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​កម្សាន្ត​ខេត្ត​នេះ​បាន​កាន់​តែ​ច្រើន។

សេចក្តី​ណែនាំ​នេះ ឈាន​ដល់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក នូ សុផល បាន​អញ្ជើញ​ក្រុម​អាជីវករ​នៅ​តាម​ឆ្នេរ​មួយ​ចំនួន​មក​ពិភាក្សា ដើម្បី​ឈាន​ដល់​កំណត់​តម្លៃ​មុខ​ម្ហូប ឬ​ទីកន្លែង​អង្គុយ​ជាដើម​ឲ្យ​បាន​ច្បាស់លាស់​នៅ​ថ្ងៃ​មាន​ពិធី​បុណ្យ និង​ថ្ងៃ​ធម្មតា។

សេចក្តី​ណែនាំ​ចុះ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ មាន​ចុះ​ហត្ថលេខា​របស់ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ដាក់​លក្ខខណ្ឌ ៥​ចំណុច តម្រូវ​ម្ចាស់ ឬ​អ្នក​គ្រប់គ្រង​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ទាំងអស់​នា​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ ឲ្យ​អនុវត្ត​នៅ​មុន​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​២០១៥ ចូល​មក។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​ចេញ​សេចក្តី​ណែនាំ​នេះ ប្រយោជន៍​ដើម្បី​រួម​ចំណែក​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​ឲ្យ​បាន​ទូលំទូលាយ​ប្រកប​ដោយ​និរន្តរភាព និង​ការ​ទទួល​ខុស​ត្រូវ ជាពិសេស​ការ​ចូលរួម​ចលនា​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ។ ជាង​នេះ​ទៀត ក៏​ជា​ការ​បំផុស​ការ​ចូលរួម​ទស្សនៈ ភាព​ស្អាត និង​បៃតង ដើម្បី​ស័ក្តិសម​ជា​ឆ្នេរ​សមុទ្រ​កម្ពុជា តារា​រះ​នា​ទិស​និរតី សំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា និង​វិនិយោគ​ឲ្យ​បាន​ច្រើន​ថែម​ទៀត។

ចំណុច​ណែនាំ​ទាំង ៥​នោះ គឺ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ តម្រូវ​ឲ្យ​ប្រតិបត្តិករ​ទេសចរណ៍​ទាំងអស់ ត្រូវ​ពង្រឹង​គុណភាព​សេវាកម្ម​ឲ្យ​បាន​ល្អ ពិសេស​ត្រូវ​រក្សា​តម្លៃ​ទំនិញ បន្ទប់​ស្នាក់នៅ ម្ហូប​អាហារ កន្លែង​អង្គុយ កន្លែង​ចត​យានយន្ត និង​សេវា​ផ្គត់ផ្គង់​ទេសចរណ៍​នានា​ឲ្យ​បាន​សមរម្យ ចៀសវាង​ដំឡើង​ថ្លៃ​ហួស​ហេតុ​លើស​ពី​តម្លៃ​ធម្មតា នៅ​ពេល​មាន​ពិធី​បុណ្យ​ធំៗ​ម្តងៗ ក្នុង​នោះ ត្រូវ​រៀបចំ​អនាម័យ និង​បរិស្ថាន​ទាំង​ក្នុង និង​ក្រៅ​មូលដ្ឋាន​រៀងៗ​ខ្លួន ដោយ​ត្រូវ​សម្អាត​បន្ទប់​ទឹក និង​វេច​ខ្ចប់​សំរាម​ឲ្យ​មាន​របៀប​រៀបរយ ត្រូវ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​រក្សា​សន្តិសុខ និង​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ ត្រូវ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការ​ទប់ស្កាត់​សកម្មភាព​ជួញដូរ ការ​ប្រើប្រាស់​គ្រឿង​ញៀន ការ​ជួញ​ដូរ​ភេទ​លើ​កុមារ និង​ទប់ស្កាត់​សកម្មភាព​ក្មេង​ទំនើង។ បន្ថែម​លើ​នេះ ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​ការ​ផ្តល់​បដិសណ្ឋារកិច្ច​ឲ្យ​បាន​ល្អ ប្រកប​ដោយ​ភាព​ញញឹម​រួសរាយ​រាក់​ទាក់ និង​ផ្តល់​ភាព​កក់ក្តៅ​ជូន​ភ្ញៀវ​ទេសចរ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក នូ សុផល បាន​អញ្ជើញ​ក្រុម​ប្រតិបត្តិករ​ទេសចរណ៍​ជាង ៤០​កន្លែង​មក​ជួប​ពិភាក្សា ដើម្បី​កំណត់​តម្លៃ​មុខ​ម្ហូប និង​ទីកន្លែង​អង្គុយ​ជាដើម​នៅ​ថ្ងៃ​ធម្មតា និង​ថ្ងៃ​មាន​ពិធី​បុណ្យ​ធំៗ។ លោក​ថា កិច្ច​ពិភាក្សា​ជាមួយ​ក្រុម​អាជីវករ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែ​ធ្នូ បាន​ឈាន​ដល់​កំណត់​តម្លៃ​ថ្លៃ​ជួល​ទីតាំង​អង្គុយ តុ​មួយ​មាន​កៅអី​ចំនួន​៦ គឺ​ថ្ងៃ​ធម្មតា​មាន​តម្លៃ ២​ម៉ឺន​រៀល និង​ថ្ងៃ​បុណ្យ តម្លៃ ៦​ម៉ឺន​រៀល ប៉ុន្តែ​សម្រាប់​តម្លៃ​មុខ​ម្ហូប​វិញ កំពុង​ពិភាក្សា​គ្នា​ឈាន​ដល់​កំណត់​តម្លៃ​រួម​មួយ​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ខាង​មុខ។ ចំណែក​ការ​ប្រើប្រាស់​បង្គន់​អនាម័យ​មាន​តម្លៃ ៥០០​រៀល និង​ងូត​ទឹក​សម្អាត​កាយ​មាន​តម្លៃ ១​ពាន់​រៀល​សម្រាប់​មនុស្ស​ម្នាក់។

លោក នូ សុផល៖ «ឧទាហរណ៍​គ្រួសារ​ខ្ញុំ​មក​លេង​ឆ្នេរ​សមុទ្រ ប៉ុន្តែ​មាន​លុយ​តែ ១០​ម៉ឺន​រៀល​ទេ ហើយ​បើ​យើង​ជា​អ្នក​លក់​មាន​តារាង​តម្លៃ​មុខ​ម្ហូប​កំណត់​តម្លៃ​ត្រឹមត្រូវ ភ្ញៀវ​នឹង​ដឹង​ថា ត្រូវ​ញ៉ាំ​អស់​តម្លៃ​ប៉ុន្មាន ហើយ​ពួក​គាត់​នឹង​លៃលក​ការ​ហូប​ចុក​ទៅ​តាម​នោះ ជាដើម។ ប៉ុន្តែ​រាល់​ថ្ងៃ​នេះ​នៅ​តាម​ឆ្នេរ​ខ្លះ​នា​ខេត្ត​ព្រះសីហនុ ទោះ​បី​មាន​ម្ភៃ​ម៉ឺន​រៀល ក៏​អត់​ហ៊ាន​ទៅ​អង្គុយ​ហូប​ម្ហូប​អាហារ​ដែរ ព្រោះ​មិន​បាន​កំណត់​តម្លៃ​ជាក់លាក់​ទាំង​អាហារ និង​តម្លៃ​ជួល​ទីកន្លែង​អង្គុយ។ បញ្ហា​នេះ នាំ​ឲ្យ​ភ្ញៀវ​សម្រេច​ចិត្ត​ទៅ​ក្រាល​កន្ទេល​អង្គុយ​លើ​វាល​ខ្សាច់ ដោយសារ​តែ​បង​ប្អូន​អាជីវករ​មិន​បាន​កំណត់​តម្លៃ​មុខ​ម្ហូប​ឲ្យ​បាន​ជាក់លាក់ និង​មាន​តម្លៃ​សមរម្យ»

ទោះ​ជា​បែប​ណា​ក៏ដោយ​ចុះ លោក នូ សុផល បាន​អំពាវនាវ​ដល់​ក្រុម​អាជីវករ​ទាំងអស់ ត្រូវ​រួម​សហការ​គ្នា​ជាមួយ​អាជ្ញាធរ ដើម្បី​រួម​ចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន។ ជាង​នេះ ក៏​ត្រូវ​ចូលរួម​តុប​តែង​ភ្លើង​បំភ្លឺ និង​សម្អាត​ទីតាំង​រៀងៗ​ខ្លួន​ឲ្យ​មាន​អនាម័យ និង​សោភណភាព។

លើក​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​លើ​ការ​កំណត់​តម្លៃ​មុខ​ម្ហូប និង​តម្លៃ​ជួល​ទីកន្លែង​អង្គុយ នា​សាល​ប្រជុំ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី​២៥ ខែ​ធ្នូ ក្រុម​អាជីវករ​ជាង ៤០​នាក់​មក​ពី​ឆ្នេរ​អូរត្រេះ ឆ្នេរ​អូរឈើទាល ឆ្នេរ​លំហែកាយ និង​ឆ្នេរ​ឯករាជ្យ ជាដើម មិន​ជំទាស់​ការ​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​នេះ​ទេ ប៉ុន្តែ​បាន​បង្ហាញ​ផលវិបាក​មួយ​ចំនួន ដែល​ភ្ញៀវ​ទេសចរ​បង្កើត​ឡើង។ ផលវិបាក​ទាំង​នោះ​មាន​ដូចជា ភ្ញៀវ​បាន​មក​អង្គុយ​ផឹក​ស៊ី​អូស​បន្លាយ​ពេល​យូរ រហូត​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ ឬ​ជិត​ភ្លឺ​ក៏​មាន ទើប​ពួក​គេ​ដំឡើង​តម្លៃ​តុ​អង្គុយ​ខ្ពស់​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ឬ​ពេល​មាន​ពិធី​បុណ្យ​ម្តងៗ។ ក្រុម​អាជីវករ​បន្ត​ទៀត​ថា ជួនកាល​មាន​ភ្ញៀវ​ខ្លះ​បាន​នាំ​យក​ភេសជ្ជៈ និង​ម្ហូប​អាហារ​មក​ពី​ខាង​ក្រៅ ដោយ​មិន​កុម្ម៉ង់​ម្ហូប​នៅ​ក្នុង​ហាង​របស់​ពួក​គេ​ដើម្បី​ទទួល​ទាន​ទេ ទើប​ពួក​គេ​យក​លុយ​ថ្លៃ​តុ​អង្គុយ​ពី​ភ្ញៀវ៖ «ខ្ញុំ​ទទួល​ស្គាល់​ថា បើ​អ្នក​លក់​ទាំងអស់​មាន​តារាង​តម្លៃ​មុខ​ម្ហូប​ច្បាស់លាស់ គឺ​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​ជាមួយ​ភ្ញៀវ​ទេ ប៉ុន្តែ​រាល់​ថ្ងៃ​នេះ មាន​ម្ចាស់​ហាង​ខ្លះ​បាន​យក​ម្ហូប​លំដាប់​លេខ​២ ឬ​លេខ​៣ ទៅ​លក់​ជូន​ភ្ញៀវ​ក្នុង​តម្លៃ​ទាប ហើយ​មាន​ម្ចាស់​ហាង​ខ្លះ​ទៀត មុខ​ម្ហូប​របស់​គាត់​ក្នុង​លំដាប់​លេខ​១ បើ​គាត់​លក់​ក្នុង​តម្លៃ​ខ្ពស់​ជាង​ហាង​មួយ​បន្តិច និង​ម្ហូប​មាន​គុណភាព ខ្ញុំ​គិត​ថា ភ្ញៀវ​ក៏​មិន​រអ៊ូរទាំ​ដែរ»

យ៉ាង​ណា​ក៏ដោយ​ចុះ លោក នូ សុផល សង្កត់​ធ្ងន់​ថា ការ​កំណត់​តម្លៃ​សេវា​មុខ​ម្ហូប និង​ទីកន្លែង​អង្គុយ​ឲ្យ​បាន​ជាក់លាក់ នឹង​អាច​ចូលរួម​ចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ បាន​កាន់​តែ​ច្រើន​នា​ឆ្នាំ​ខាង​មុខ។ ជាង​នេះ​ទៀត ក្រុម​អាជីវករ​ក៏​នឹង​កើន​ចំណូល​ទៅ​តាម​នោះ​ដែរ។ ដូច្នេះ ស្នើ​ឲ្យ​ក្រុម​អាជីវករ​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ទាំងអស់​គ្នា៖ «កាល​ណា​យើង​រៀបចំ​អនាម័យ​បាន​ល្អ ពង្រឹង​សន្តិសុខ​បាន​ល្អ និង​អាហារ​មាន​គុណភាព ភ្ញៀវ​មិន​គិត​ពី​បញ្ហា​តម្លៃ​នោះ​ទេ គឺ​ភ្ញៀវ​លែង​ខ្វល់​ហើយ ព្រោះ​សេវា​បម្រើ​របស់​អ្នក​លក់​ដូរ​ទទួល​បាន​ល្អ និង​ដល់​កម្រិត ហើយ​ចំពោះ​តម្លៃ បើ​ថ្លៃ​កើន​ខ្ពស់​បន្តិចបន្តួច​ក៏​ពិត​មែន ក៏​ពួក​គេ​មិន​គិត​ខ្វល់​ដែរ ព្រោះ​យើង​បាន​បម្រើ​សេវា​បាន​ល្អ​ដល់​ពួក​គេ»

ទោះ​ជា​បែប​នេះ​ក្តី សេចក្តី​ណែនាំ​របស់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន នឹង​បង្កើត​ក្រុម​ការងារ​ចម្រុះ ដើម្បី​ចុះ​ត្រួត​ពិនិត្យ​បញ្ហា​តម្លៃ​នៅ​តាម​មូលដ្ឋាន​អាជីវកម្ម​ទាំងអស់​នា​មូលដ្ឋាន​នេះ ពិសេស​អាជីវករ​លក់​ដូរ​តាម​ឆ្នេរ​សមុទ្រ។ ក្នុង​ករណី​ពិនិត្យ​ឃើញ​ថា មូលដ្ឋាន​អាជីវកម្ម​ណា​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ហួស​ហេតុ​ពេក សាលា​ខេត្ត​ព្រះសីហនុ នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។ បញ្ហា​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ស្នើ​ដល់​ម្ចាស់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ទាំងអស់ ត្រូវ​អនុវត្ត​តាម​សារាចរ​ណែនាំ​នេះ​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ទទួល​ខុស​ត្រូវ​ខ្ពស់​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ត​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។