ក្រសួង​មហាផ្ទៃ​ប្រកាស​តែង​តាំង​អភិបាល​ថ្មី​នៃ​ខេត្ត​ស្ទឹងត្រែង

ក្រសួង​មហាផ្ទៃ ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​អភិបាល​ថ្មី​នៃ​ខេត្ត​ស្ទឹងត្រែង នៅ​ចុង​ឆ្នាំ​២០១៥ នេះ។ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ការ​ផ្ទេរ​មុខ​តំណែង​អភិបាល​ខេត្ត​ស្ទឹងត្រែង នឹង​ធ្វើ​ឡើង​នៅ​សាលា​ខេត្ត​ស្ទឹងត្រែង ថ្ងៃ​ទី​២៩ ធ្នូ ខាង​មុខ ក្រោម​អធិបតីភាព​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង។ ចំណែក​អ្នក​វិភាគ​ផ្នែក​អភិវឌ្ឍន៍​ផ្តល់​ទស្សនៈ​ថា រដ្ឋាភិបាល​ផ្ទេរ​តួនាទី​អភិបាល​ខេត្ត​ញឹកញាប់​ជា​ការ​ល្អ ប៉ុន្តែ​គួរ​មាន​ការ​ផ្លាស់ប្ដូរ​នាយក​រដ្ឋមន្ត្រី​ថ្មី នឹង​កាន់​តែ​ប្រសើរ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ធ្នូ ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នឹង​ប្រកាស​តែង​តាំង​អភិបាល​ថ្មី​នៃ​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​ធ្នូ ដោយ​អភិបាល​រង លោក មុំ សារឿន នឹង​ត្រូវ​ធ្វើ​ជា​អភិបាល​ខេត្ត​ជំនួស​អភិបាល​ខេត្ត​បច្ចុប្បន្ន។

លោក ខៀវ សុភ័គ បញ្ជាក់​ថា មូលហេតុ​ដែល​ក្រសួង​មហាផ្ទៃ ផ្ទេរ​ភារកិច្ច​នេះ ព្រោះ​អភិបាល​ខេត្ត​ស្ទឹងត្រែង សព្វថ្ងៃ លោក កុល សំអុល គ្រប់​អាយុ​ចូល​និវត្តន៍៖ «ការ​ផ្លាស់ប្ដូរ​មន្ត្រី​រាជការ​ជា​រឿង​ធម្មតា​ហើយ។ អភិបាល​ខេត្ត​ចាស់​លោក​ក៏​ចូល​និវត្តន៍​ផង​ដែរ»

លិខិត​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៥ ឲ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ នឹង​រៀបចំ​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​អភិបាល​រង​នៃ​គណៈ​អភិបាល​ខេត្ត​ស្ទឹងត្រែង នៅ​ចុង​ខែ​ធ្នូ ខាង​មុខ។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ស្ទឹងត្រែង មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ពុយ ចាន់ថាឡា កត់​សម្គាល់​ថា ការ​ដឹក​នាំ​របស់​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក កុល សំអុល មាន​ចំណុច​អវិជ្ជមាន​ខ្លះ ដូចជា សម្រេច​អភិវឌ្ឍ​ក្នុង​ខេត្ត​មិន​បាន​ឆ្លង​យោបល់​ពី​ក្រុមប្រឹក្សា​ខេត្ត ធ្វើ​ឲ្យ​ប៉ះពាល់​ផល​ប្រយោជន៍​សាធារណៈ។ លោក​មាន​ជំនឿ​ថា អភិបាល​ខេត្ត​ថ្មី នឹង​បន្ត​ដឹក​នាំ​ខេត្ត​ស្ទឹងត្រែង ឲ្យ​រីក​ចម្រើន និង​មាន​ឆន្ទៈ​ដោះស្រាយ​រាល់​ក្តី​កង្វល់​របស់​ពលរដ្ឋ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់៖ «អភិបាល​ខេត្ត​ថ្មី​ដែល​គ្រោង​ឡើង​ជំនួស​អភិបាល​ខេត្ត​ចាស់​ហ្នឹង គាត់​នឹង​ប្ដូរ​ឥរិយាបថ កុំ​ដូច​អភិបាល​ខេត្ត​ចាស់។ សង្ឃឹម​ថា អភិបាល​ខេត្ត​ថ្មី​ហ្នឹង ធ្វើ​អ្វី​ទៅ​តាម​គោលការណ៍​ច្បាប់»

អ្នក​វិភាគ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​ជ្រើសរើស​អ្នក​មាន​សមត្ថភាព​កាន់​តំណែង​អភិបាល​ខេត្ត​ថ្មី​ជា​ការ​ល្អ ប៉ុន្តែ​ដើម្បី​ឲ្យ​ប្រសើរ​ជាង​នេះ​ទៀត រដ្ឋាភិបាល​គួរ​ជំរុញ​ឲ្យ​អនុវត្ត​ស្វ័យភាព។ លោក​ថា បើ​រដ្ឋាភិបាល​ជ្រើសរើស​អ្នក​មាន​សមត្ថភាព និង​មាន​ប្រជាប្រិយភាព តែ​ខ្វះ​ស្វ័យភាព​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ជូន​ពលរដ្ឋ ការ​ផ្លាស់ប្ដូរ​ហាក់​ពុំ​មាន​ន័យ គឺ​គ្រាន់​តែ​ជា​យន្តការ​មនុស្ស​យន្ត​ប៉ុណ្ណោះ៖ «ប្រសិន​ជា​យើង​បាន​ប្ដូរ​រដ្ឋមន្ត្រី​ចាស់ៗ ឬ​មួយ​ជា​នាយក​រដ្ឋមន្ត្រី​ញឹកញាប់​ដូច​ចៅហ្វាយ​ខេត្ត រឹត​តែ​ល្អ»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ រំពឹង​ថា អភិបាល​ខេត្ត​ថ្មី​នឹង​មាន​យុទ្ធសាស្ត្រ​ដឹក​នាំ​ថ្មី និង​មាន​របៀប​ធ្វើ​ការងារ​មួយ​ថ្មី ធ្វើ​យ៉ាង​ណា​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ដូចជា ដីធ្លី និង​បញ្ហា​សេដ្ឋកិច្ច ជាដើម ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ជីវភាព​ប្រសើរ​ជាង​មុន៖ «ចៅហ្វាយ​ខេត្ត​ថ្មី​គួរ​តែ​ព្យាយាម​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ណា​ដែល​ចៅហ្វាយ​ខេត្ត​ចាស់​មិន​បាន​ធ្វើ។ ធ្វើ​ម៉េច​ឲ្យ​ធានា​ថា ប្រជាពលរដ្ឋ​មាន​ក្តី​សង្ឃឹម​សម្រាប់​ការ​មក​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ថ្មី​ហ្នឹង»

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ផ្លាស់ប្ដូរ​អភិបាល​ខេត្ត​ស្ទឹងត្រែង។ លោក​កត់​សម្គាល់​ថា អភិបាល​ខេត្ត​ស្ទឹងត្រែង លោក កុល សំអុល បាន​យក​ចិត្ត​ទុក​ដាក់​សម្រប​សម្រួល​ស្វែងរក​ដំណោះស្រាយ​ជូន​អ្នក​ភូមិ​នៅ​ឃុំ​ស្រែគរ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។ លោក​បារម្ភ​ថា តើ​អភិបាល​ខេត្ត​ថ្មី នឹង​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ កម្រិត​ណា​នោះ​ទេ?៖ «គាត់​ធ្វើ​អ្វី​តាម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ខេត្ត គាត់​មាន​ការ​ផ្សះផ្សា​ច្រើន។ ចំណែក​ទាក់ទង​ផល​ប៉ះពាល់​ធ្វើ​ម៉េច​ឲ្យ​ក្រុមហ៊ុន​សង​ជូន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពីរ​ឃុំ​នេះ ឲ្យ​ក្រុមហ៊ុន​មាន​ការ​ខ្នះខ្នែង​ប្រជាពលរដ្ឋ»

លោក កុល សំអុល បាន​បំពេញ​តួនាទី​ជា​អភិបាល​ខេត្ត​ស្ទឹងត្រែង រយៈពេល ៣​ឆ្នាំ​កន្លង​មក ចាប់​តាំង​ពី​ឆ្នាំ​២០១៣ ដល់​ចុង​ឆ្នាំ​២០១៥ ហើយ​លោក​អាច​នឹង​ទៅ​បម្រើ​ការងារ​នៅ​ក្រសួង​មហាផ្ទៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។