ជនសង្ស័យ ២៤នាក់ ត្រូវបាន អាវុធហត្ថ រាជធានីភ្នំពេញ ធ្វើការ បង្ហាញមុខ និងកសាង សំណុំរឿង បញ្ជួនទៅ តុលាការ

ភ្នំពេញៈ យោងតាមប្រភពពី សមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីធ្វើការបង្រ្កាបបាននូវបទល្មើសធំៗជាច្រើន ពិសេសបទល្មើសប្លន់ដែលមានភាពសាហាវឃោឃៅកន្លងមកនោះ កងរាជអាវុធហត្ថរាជធានីភ្នំពេញនៅតែបន្តធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ ទើបនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ អាវុធហត្ថរាជធានីភ្នំពេញបានបង្ហាញមុខជនសង្ស័យ២៤នាក់ផ្សេងទៀតដែលទើបតែឃាត់ខ្លួនបានពាក់ព័ន្ធនឹងករណី គ្រឿងញៀន លួច ឆក់ ប្លន់ យ៉ាងសកម្មក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ជនសង្ស័យទាំង២៤នាក់ដែលឃាត់ខ្លួនរួមមាន ៖
- ករណីលួចទូរស័ព្ទដៃ និងខ្សែក នៅចំណុចហាង ហេង ហេង ៩៩៩ ផ្លូវវ៉េងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឃាត់ខ្លួនបាន១នាក់។
- ករណីលួចម៉ូតូ នៅចំណុចផ្ទះលេខ៣៤៨ ផ្លូវ៦៥៦ ក្រុម២ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ឃាត់ខ្លួនបាន១នាក់។
- ករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតនៅចំណុចផ្ទះលេខ៣៤៨ ផ្លូវ៦៥៦ ក្រុម២ ភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ ឃាត់ខ្លួនបាន១នាក់។
- ករណីគាស់ទ្វាររបងផ្ទះកាច់កយកម៉ូតូ នៅចំណុចភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឃាត់ខ្លួនបាន ២នាក់។
- ករណីឆក់ទូរស័ព្ទដៃពីជនបរទេស នៅចំណុចផ្លូវសុធារស កែងផ្លូវសុរ៉ាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់ខ្លួនបាន២នាក់។
- ករណីឆបោកម៉ូតូ នៅចំណុចភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឃាត់ខ្លួនបាន២នាក់។
- ករណីឆក់ទូរស័ព្ទដៃមិនបានសម្រេចនៅចំណុចផ្លូវឌួងងៀប ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបាន១នាក់។
- ករណីលួចសម្ភារៈរបស់ប្រជាពលរដ្ឋនៅចំណុចភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឃាត់ខ្លួនបាន១នាក់។
- ករណីកាច់សោរក យកម៉ូតូ នៅចំណុចភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបាន៣នាក់ គួរបញ្ជាក់ផងដែរថា ជនសង្ស័យទាំង៣នាក់នេះគឺជាមុខសញ្ញាចាស់ធ្លាប់ជាប់ទោសពីបទប្លន់ និងលួចជាច្រើនករណីមកហើយ។
- ករណីប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្ទះលេខ៣៧២ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ឃាត់ខ្លួនបានចំនួន១០នាក់។
បច្ចុប្បន្នជនសង្ស័យទាំង24នាក់ កំពុងត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការជាបន្តបន្ទាប់ ដេីម្បីចាត់ការតាមនិតិវិធីច្បាប់៕