សជណ គណៈរដ្ឋមន្រ្តី បញ្ជាក់ពីការ កែចង្កូតរថយន្ត ពីស្តាំ មកឆ្វេង ជាកំហិត

ភ្នំពេញ៖ ក្រោយពីក្រុម ប្រជាពលរដ្ឋដែលជា អ្នកបើករថយន្តដឹកដី នាំគ្នាតវ៉ាកុំឲ្យមានការ កែចង្កូតរថយន្ត ពីស្តាំ ទៅឆ្វេងនោះ ទីស្តីការគណៈរដ្ឋមន្រ្តី បានប្រកាស ជាសាធារណៈថា ត្រូវតែកែពីស្តាំមកឆ្វេង ជាកំហិតមិនអាច ធ្វើតាម សំណូមពររបស់ពួកគេ បាននោះទេ។

យោងតាមលិខិតរបស់ទីស្តីការ គណៈរដ្ឋមន្រ្តីចេញផ្សាយកាល ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ដែលចុះហត្ថលេខា ដោយ លោក បណ្ឌិត ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្រ្តីដែលផ្សព្វផ្សាយ ជាសាធារណៈកាលពី ថ្ងៃទី២៤ ធ្នូ បានឲ្យដឹងថា “រាជរដ្ឋាភិបាលបានសម្រេច ជំរុញការអនុវត្តច្បាប់ និងគោលការណ៍ដែល រាជរដ្ឋាភិបាល ទើបបានចំណារ យល់ព្រមចេញថ្មីៗ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ កន្លងនេះ ឲ្យបានម៉ឺងម៉ាត់ និងមាន ប្រសិទ្ធភាពខ្ពស់ប្រកបដោយសមធម៌ទូទាំងប្រទេស ក៏ដូចជាជំរុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីឲ្យមាន កិច្ចសហប្រតិបត្តិការល្អរវាងបណ្តាសមត្ថកិច្ចដែលពាក់ព័ន្ធ”។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ក្រុមអ្នកបើករថយន្តដឹកដី ចំនួនប្រមាណជិត៤០០រថយន្ត បានធ្វើការប្រមូលផ្តុំគ្នាតវ៉ានៅក្នុងខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌច្បារអំពៅ ដើម្បីដាក់សម្ពាធទៅ អាជ្ញាធរ ឲ្យជួយអន្តរាគមន៍ រឿងប្តូរចង្កូតរថយន្ត ពីស្តំាមកឆ្វេង ដោយក្រុមខ្លួនស្នើសុំបង់ពន្ធវិញ ព្រោះការកែ ចង្កូតនេះប្រឈមនិងហានិភ័យ។

បន្ទាប់ពីការផ្ទុះតវ៉ារួចមក តំណាងអ្នកបើក រថយន្តដឹកដី ចំនួន៣៥នាក់ ជួបប្រជុំ រកដំណោះស្រាយ ជាមួយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ក្នុងនោះ អភិបាលរាជធានីឲ្យអ្នកបើក រថយន្តទាំងអស់នោះទុកពេលឲ្យ១០ថ្ងៃដើម្បីដាក់សំណើរទៅ រាជរដ្ឋាភិបាលពិភាក្សាអំពីករណីនេះ៕

សជណ គណៈរដ្ឋមន្រ្តី បញ្ជាក់ពីការ កែចង្កូតរថយន្ត ពីស្តាំ មកឆ្វេង ជាកំហិត