ពលរដ្ឋ​នៅ​ខណ្ឌ​សែនសុខ​តវ៉ា​ទាមទារ​ឲ្យ​ឈ្មួញ​បើក​ផ្លូវ​សាធារណៈ​ឡើង​វិញ

អ្នក​ភូមិ និង​សង្កាត់​ត្រពាំងរាំង ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​មួយ​ក្រុម​មាន​គ្នា​ជិត ៥០​នាក់ នាំ​គ្នា​តវ៉ា​ឈ្មួញ​ដែល​បិទ​ផ្លូវ​សាធារណៈ និង​ទាមទារ​ឲ្យ​បើក​ផ្លូវ​នោះ​ឡើង​វិញ។ អាជ្ញាធរ​ដែន​ដី​នៅ​មិន​ចាត់​វិធានការ​បើក​ផ្លូវ​វិញ​ទេ បើ​ទោះ​ជា​បាន​វាស់វែង​រយៈពេល ៦​ខែ​មក​ហើយ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំងរាំង​ចាស់ ប្រមាណ​ជិត ៥០​នាក់ ក្នុង​ចំណោម​អ្នក​ផ្ដិត​មេដៃ ១៣៣​នាក់ ប្រមូល​ផ្ដុំ​គ្នា​ទាមទារ​ឲ្យ​ឈ្មួញ​ទិញ​ដី ៣​ម្ចាស់ បើក​ផ្លូវ​សាធារណៈ​ពីរ​ខ្សែ​ឡើង​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ។

តំណាង​ប្រជាពលរដ្ឋ​មួយ​រូប គឺ​លោក ហែន សារ៉ែន ថ្លែង​ថា មូលហេតុ​នៃ​ការ​ទាមទារ​បើក​ផ្លូវ​របស់​អ្នក​ភូមិ​នេះ គឺ​ដោយសារ​តែ​អ្នក​ទិញ​ដី​ទាំង​នោះ នៅ​តែ​បន្ត​បិទ​ផ្លូវ​ចាស់​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ចរាចរ​ចេញ​ចូល​ដដែល៖ «»។

លោក​បញ្ជាក់​បន្ថែម​ថា ផ្លូវ​ចាស់​ខ្សែ​ទី​មួយ​ដែល​មាន​ទំហំ​ទទឹង ៣​ម៉ែត្រ ៣​តឹក (៣,៣៦​ម៉ែត្រ) និង​បណ្ដោយ​ជាង ៥០​ម៉ែត្រ ត្រូវ​បាន​អ្នក​ទិញ​ដី​ធ្វើ​ឃ្លាំង​ឈ្មោះ គឹម គង់ និង​ឈ្មោះ សៀង ប៊ុនណេត បិទ ហើយ​ផ្លូវ​ខ្សែ​ទី​ពីរ​ទំហំ ១០​ម៉ែត្រ បណ្ដោយ ៦០​ម៉ែត្រ ក៏​ត្រូវ​បាន​អ្នក​ទិញ​ដី​ឈ្មោះ ជាម គឹមសេង បិទ​ដែរ។

តំណាង​អ្នក​ភូមិ​មួយ​រូប​ទៀត កញ្ញា ទឹម ស្រីល័ក្ខណ៍ បញ្ជាក់​ថា កញ្ញា និង​អ្នក​ភូមិ ទាមទារ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ហើយ​អាជ្ញាធរ​ខណ្ឌ​ធ្លាប់​ចុះ​មក​វាស់វែង​ម្ដង​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អ្នក​ទិញ​ដី​ដែល​ធ្វើ​របង​បិទ​នោះ នៅ​មិន​ទាន់​រុះរើ​របង​បើក​ផ្លូវ​វិញ​នៅ​ឡើយ៖ «ខ្ញុំ​តវ៉ា​ឡើង​មួយ​ឆ្នាំ​ជាង អ៊ីចឹង​ទៅ​បាន​ថ្ងៃ​ទី​២៦ ខែ​៦ (ឆ្នាំ​២០១៥) បាន​គណៈកម្មការ​ខណ្ឌ​បាន​ចុះ​មក​វាស់​វែង​ឲ្យ​ពួក​ខ្ញុំ ទទួល​ស្គាល់​ថា ហ្នឹង​ពិត​ជា​ដី​ផ្លូវ​ពិត​ប្រាកដ​មែន។ ពួក​ខ្ញុំ​មាន​ទាំង​ភស្តុតាង​តាំង​ពី​គាត់​ចុះ​មក​ថត មាន​ឯកសារ​ពាក្យ​បណ្ដឹង​ទាំងអស់ ហើយ​គាត់​បាន​ទទួល​វាយ​ត្រា​ចូល​ចេញ​ឲ្យ​ពួក​ខ្ញុំ​ដែរ»

តវ៉ា​បើក​ផ្លូវ​សាធារណៈ​ខណ្ឌ​សែនសុខ ៦២០
ពលរដ្ឋ​សង្កាត់​ត្រពាំងរាំង ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ តវ៉ា​ទាមទារ​ឲ្យ​ឈ្មួញ​ទិញ​ដី​បើក​ផ្លូវ​សាធារណៈ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Leng Maly

ម្ចាស់​ដី​នៅ​ជាប់​ផ្លូវ​ដែល​ទើប​មក​ទិញ​ដី​បន្ត​ពី​ឈ្មួញ ហើយ​ប្រជាពលរដ្ឋ​ថា​បាន​រំលោភ​យក​លើ​ដី​ផ្លូវ​ដែរ គឺ​លោក សៀង ប៊ុនណេត ទទួល​ស្គាល់​ថា ដី​ផ្លូវ​ជាង ៣​ម៉ែត្រ​នោះ ដី​លោក​ជាប់​ចូល​ដី​ចំណី​ផ្លូវ​ប្រហែល​ជាង​មួយ​ម៉ែត្រ​មែន។ លោក​ថា​នឹង​ធ្វើ​តាម​សំណូមពរ​របស់​អ្នក​ភូមិ៖ «»។

ដោយឡែក​ម្ចាស់​ដី​នៅ​ជាប់​ផ្លូវ​ម្ខាង​ទៀត​ដែល​ពលរដ្ឋ​ស្គាល់​ថា​ឈ្មោះ គឹម គង់ នៅ​មិន​ទាន់​បញ្ជាក់​ជំហរ​នៅ​ចំពោះ​មុខ​អ្នក​ភូមិ​ថា នឹង​បើក​ផ្លូវ​ទទឹង​ជាង ៣​ម៉ែត្រ និង​បណ្ដោយ ៥០​ម៉ែត្រ​នោះ​នៅ​ឡើយ​ទេ។

ទោះ​ជា​ដូច្នេះ​ក្ដី ចៅ​សង្កាត់​ត្រពាំងរាំង លោក សួន ម៉ុក ថ្លែង​ថា ខាង​លោក​ជា​អាជ្ញាធរ​សង្កាត់​បាន​ជួប​ជាមួយ​ម្ចាស់​ដី​នោះ​ពីរ​បី​ដង​ហើយ៖ «យើង​ទៅ​ជួប​គាត់​ហើយ ហើយ​គាត់​ថា​នឹង​រុះរើ»

លោក សួន ម៉ុក មាន​ប្រសាសន៍​ដែរ​ថា ផ្លូវ​មួយ​ខ្សែ​ទៀត​ដែល​មិន​បើក​នោះ គឺ​នៅ​មិន​ទាន់​ត្រូវ​គ្នា​រឿង​ទំហំ​នៅ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខណ្ឌ​សែនសុខ បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ធ្នូ។

ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ភូមិ​ត្រពាំងរាំងចាស់ ឃុំ​ត្រពាំងរាំង ខណ្ឌ​សែនសុខ សម្រេច​ចិត្ត​ផ្អាក​ការ​ទាមទារ​ជា​បណ្ដោះអាសន្ន បន្ទាប់​ពី​ម្ចាស់​ដី​ប៉ះពាល់​ដី​ផ្លូវ​នោះ​មួយ​ផ្នែក គឺ​លោក សៀង ប៊ុនណេត សន្យា​ដោះស្រាយ​តាម​ការ​ទាមទារ​របស់​អ្នក​ភូមិ។ អ្នក​ភូមិ​ឲ្យ​ដឹង​ថា ពួក​គាត់​នឹង​បន្ត​ការ​ទាមទារ​នេះ​ទៀត បើ​សិន​ជា​ម្ចាស់​ដី​ទាំង​នោះ​មិន​គោរព​សន្យា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។