សង្ស័យ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ​ត្រូវ​ថ្នាំ​សណ្ដំ​ឈ្មួញ​ឈើ បានជា​មិន​ដែល​ធ្វើការ​បង្ក្រាប​សោះ

ខេត្តឧត្តរមានជ័យ ៖ នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ កើត​មាន​រោង​សិប្បកម្ម​ឈើ​រីក​ដុះ​ដូច​ផ្សិត ព្រមទាំង​រថយន្ត​ដឹកឈើ​ខុសច្បាប់​មួយ​យប់​ៗ​រាប់​សិប​គ្រឿង តែ​ប្រជាពលរដ្ឋ​និយាយ​ថា​មិន​ដែល​​ឃើញ​សមត្ថកិច្ច​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ​ធ្វើការ​បង្ក្រាប​ឡើយ សង្ស័យ​តែ​ត្រូវ​ថ្នាំ​សណ្តំ​របស់​ក្រុម​ឈ្មួញ​ទាំងនោះ​ហើយ​មើលទៅ ។

អ្នកស្រុក​ត្រពាំង​ប្រាសាទ​នាំ​គ្នា​និយាយ​ត​ៗ​គ្នា​ឲ្យ​ដឹង​ថា នៅ​ក្នុងស្រុក​​ត្រពាំង​ប្រាសាទ​នេះ​គេ​បាន​សង្កេត​ឃើញ​កើត​មាន​រោង​សិប្បកម្ម​ឈើ​ដែល​មានច្បាប់​តិច​ណាស់ តែបើ​គ្មាន​ច្បាប់​កើត​មាន​ច្រើន ហើយ​ពួក​គេ​បាន​សម្រុក​ដឹក​ជញ្ជូន​ឈើ​ចូល​យ៉ាង​គគ្រឹកគគ្រេង​ស្ទើរតែ​រៀង​រាល់​យប់ ។

មន្ត្រី​បម្រើ​ការងារ​នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លួច​ខ្សិ​ប​ប្រាប់​ថា សិប្បកម្ម​ឈើ និង​ឈ្មួញ​រកស៊ី​ដឹកឈើ​ទាំងនោះ​ទោះជា​ដឹក​យ៉ាង​ក៏​មិន​មាន​សមត្ថ​កិច្ច​ណា​បង្ក្រាប​ដែរ ពីព្រោះ​ឈ្មួញ​ទាំងនោះ​ជា​ឆ្នាំ​បាយ​របស់​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ប្រាសាទ​ទៅ​ហើយ តែ​ទោះជា​យ៉ាងណា​ក្រុម​ឈ្មួញ​ដឹកឈើ​ទាំងអស់​នោះ​ក៏​មិន​អាច​រំលង​លោក ញ៉ែ​ម ណាយ​វ៉ា​ន់ បាន​ដែរ​ព្រោះថា​លោក​កាន់​ជា​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​នៅ​ស្រុក​នេះ​ដុះ​ស្លែ​ទៅ​ហើយ ។

ទាក់ទិន​ការ​រិៈ​គន់​នេះ​«​កោះសន្តិភាព​»​បាន​ព្យាយាម​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ពី​លោក ញ៉ែ​ម  ណាយ​វ៉ា​ន់ ជាច្រើន​លើក​ច្រើន​សារ​កាលពី​ថ្ងៃ​ទី​២៦ ធ្នូ ២០១៥ តែ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​ណា​ទទួល​សោះ ៕