​មិត្ត​ប្រុស​ចង់​ឲ្យ​នាង​ខ្ញុំ​រក្សា និង បង្កើតកូន​ក្នុង​ផ្ទៃ ទើប​រៀបការ​ជា​ក្រោយ​

​បច្ចុប្បន្ន​នាង​ខ្ញុំ​មាន​ផ្ទៃ​ញេះ​បួន​សបា្តហ៍​ទៅហើយ ថ្វីបើ​បាន​ទៅសុំ​ច្បាប់រៀបការ ប៉ុន្តែ​គ្រួសារ​ទាំងសងខាង​មិនទាន់​បានដឹង​អំពី​រឿងនេះ​នៅឡើយ ។ អនាគត​ស្វាមី​របស់​នាង​ខ្ញុំ​បាន​និយាយថា ក្រោយពី​ចេញ​វស្សា​គាត់​នឹង​មក​ផ្ទះ នាង​ខ្ញុំ​ដើម្បី​ធ្វើ​ពិធី​ភ្ជាប់​ពា​ក្យ ចំណែក​ពិធី​រៀបការ​គឺ​ត្រូវ​ចាំ​ដល់​កូន​មាន​អាយុ ១ ឆ្នាំ ។ ឆ្នាំនេះ​នាង​ខ្ញុំ​មាន​អាយុ ២៨ ឆ្នាំ ចំណែក​គាត់​មាន​អាយុ ៣៤ ឆ្នាំ យើង​បាន​ស្គាល់គ្នា​មួយឆ្នាំ​មកហើយ ប្រសិនបើ​មិនមាន​បញ្ហា​អ្វី​កើតឡើង យើង​នឹង រៀបការ​ក្នុងឆ្នាំនេះ ប៉ុន្តែ​រឿង​មិនល្អ​បានកើត​ឡើង​ចំពោះ​គ្រួសារ​គាត់ ។

ឪពុក​គាត់​ទទួលមរណភាព​ដោយសារ​ជំងឺមហារីក​កាលពីដើមឆ្នាំ ។ ដោយសារតែ​ជា​កូនច្បង​នៃ​គ្រួសារ គាត់​គឺជា​អ្នកទទួលបន្ទុក​ច្រើនជាងគេ ដូច្នេះ​ពិធី​រៀបការ ត្រូវ​ពន្យារពេល​ពីរ​ឆ្នាំ ។ ប៉ុន្តែ​មកដល់ពេលនេះ​ពួកយើង​មាន​អាយុ​ច្រើន​ហើយ ដូច្នេះ​ក៏​សម្រេច​បង្កើតកូន​រួច​ទើប​ធ្វើ​ពិធី​រៀបការ​ជា​ក្រោយ ។ ដំបូង​នាង​ខ្ញុំ​មិនមាន​ការព្រួយបារម្ភ​ប៉ុន្មាន​ទេ យើង​អាច​រង់ចាំ​រហូតដល់​ពី​រ ឆ្នាំ​ទៀត ដែល​ពេលនោះ​នាង​ខ្ញុំ​នឹងមាន​អាយុ ៣០ ឆ្នាំ ចំណែក​គាត់​នឹងមាន អាយុ ៣៦ ឆ្នាំ ។ បើទោះជា​យើង​ចង់បាន​កូន​ឆាប់ៗ ប៉ុន្តែ​នៅពេល​បានដឹងថា មាន​ផ្ទៃ​ញេះ នាង​ខ្ញុំ​ពិតជា​ព្រួយបារម្ភ​ខ្លាំងណាស់ ព្រោះ​ខ្លាច​ឪពុកម្តាយ​ខឹង និង ស្តីបន្ទោស ។ ម្យ៉ាងទៀត​ខ្លាចក្រែង​ញ្ញាតិមិត្ត និង អ្នកភូមិរ​រិះគន់ ហើយ​នៅពេល ទៅធ្វើ​ការ នាង​ខ្ញុំ​ត្រូវ​ប្រឈមមុខ​នឹង​មិត្តភក្តិ​ដោយសារ​មាន​ផ្ទៃ​ញេះ​មុន​រៀបការ ។

គាត់​បាន​លើកទឹកចិត្ត​នាង​ខ្ញុំ​ថា កុំឱ្យ​មានការ​ព្រួយបារម្ភ​ដោយនិយាយ​ថា​នេះ​គឺជា ការសម្រេចចិត្ត​ត្រឹមត្រូវ​មិនមាន​អ្នកណា​យល់ច្បាស់​ពី​ស្ថានភាព​របស់​យើង​នោះ ទេ គាត់​ធ្វើ​អ្វី​ទាំងអស់​ឱ្យតែ​នាង​ខ្ញុំ​បាន​សប្បាយចិត្ត គាត់​តែង​ទូរស័ព្ទ​មក​នាង​ខ្ញុំ​ប្រាប់ ថាឱ្យ​រក្សា​សុខភាព​ផ្លូវកាយ និង ផ្លូវចិត្ត ប៉ុន្តែ​ដោយសារ​ធ្វើការ​នៅ​ឆ្ងាយ​ពីគ្នា ហើយ នាង​ខ្ញុំ​កំពុង​នៅ​ជាមួយ​ឪពុកម្តាយ ដូច្នេះ​ថ្ងៃ​សៅរ៍ ឬ អាទិត្យ​ទើបបាន​ជួបគ្នា ។ ដំបូង​ឡើយ​នាង​ខ្ញុំ​មានការ​ប្តេជ្ញាចិត្ត​ខ្លាំងណាស់ ប៉ុន្តែ​ពេលនេះ​នាង​ខ្ញុំ​ពិត ជា​ព្រួយបារម្ភ និង កំពុងតែ​រារែក ។ ដំបូន្មាន​ល្អ​មួយ​នៅពេលនេះ​គឺ​សំខាន់ និង មាន​អត្ថន័យ​ខ្លាំងណាស់​សម្រាប់​នាង​ខ្ញុំ សូមជួយ​ផ្តល់​មតិ​ខ្លះ​ដល់​រូបនាង​ខ្ញុំ​ផង !

​ចំពោះ​នារី​មាន​វិបត្តិ​ផ្លូវចិត្ត​
​ក្មួយ​ស្រី​ជាទី​រាប់អាន ! សម្រាប់​ចាស់ទុំ​ពួកគាត់​តែង​យកចិត្តទុកដាក់ និង ចាត់ទុក​រឿង​ប្រពៃណី​ជា​បញ្ហាសំខាន់ ហើយ​ការ​មាន​ផ្ទៃ​ញេះ​មុន​រៀបការ​គឺជា បញ្ហា​ធំ​ចំពោះ​ពួកគាត់ ប៉ុន្តែ​អ្វីៗ​ទាំងអស់​តែងមាន​ផ្លូវ​ដោះស្រាយ ។ បន្ទាប់ពី បាន​អាន​រឿងរ៉ាវ​របស់​ក្មួយ​ស្រី ខ្ញុំ​សូម​ផ្តល់​ជា​គំនិត​ដូចខាងក្រោម ។ ដំបូង​ក្មួយ​ទាំងពីរ​ត្រូវ​សារភាព​ប្រាប់​រឿង​គ្រប់យ៉ាង​ដល់​ឪពុកម្តាយ រួច​សុំ​ការអនុញ្ញាត​ពី​ពួកគាត់​ដើម្បី​រៀបការ​ជាមួយគ្នា ប៉ុន្តែ​ដោយ​ស្ថិតក្នុង​ស្ថានភាព ដូច​ក្មួយ គឺ​មានតែ​វិធី​មួយគត់​ដែល​ល្អ ព្រោះ​វា​ជួយ​ឱ្យ​អ្នក​ទាំងពីរ​អាច​នៅ​ជាមួយ គ្នា និង បង្កើតកូន​ជាមួយគ្នា​បាន ព្រមទាំង​មិន​បារម្ភ​អំពី​ការរិះគន់​របស់​អ្នកភូមិ នោះ​គឺ​ពិធីសែនព្រេន ។

ពិធីសែនព្រេន​នេះ​ក្មួយ​ស្រី​គ្រាន់តែ​អញ្ជើញ​លោកតា អាចារ្យ​ម្នាក់ និង ញ្ញាតិ​សំខាន់ៗ​បួនដប់​នាក់​របស់​គ្រួសារ​ទាំងសងខាង​មក​ចូល រួម​ដឹងឮ​គឺជា​ការ​ស្រេច ។ ចំណែក​ពិធី​រៀបការ​វិញ ក្មួយ​ទាំងពីរ​អាច​ប្រារឰឡើង នៅពេលដែល​អនាគត​ស្វាមី​របស់​ក្មួយ​ដោះស្រាយ​បញ្ហា​គ្រួសារ​រួចរាល់ និង មាន​ប្រាក់កាស​គ្រប់គ្រាន់ ។ ខ្ញុំ​គិតថា​ក្មួយ​មិនត្រូវ​យក​កូន​ចេញ​នោះទេ ដោយសារ​ទីមួយ ក្មួយ​ស្រី​នឹង​ក្លាយ ជា​ឃាតក​ក្នុង​ចិត្ត​របស់​ក្មួយ​ជានិច្ច ។ ទី​ពីរ​គឺ​ពេលនេះ​ក្មួយ​មាន​អាយុ​ច្រើន វា​នឹង មាន​គ្រោះថ្នាក់​អាចធ្វើឱ្យ​ក្មួយ​ស្រី​មិនអាច​មានកូន​នៅពេល​ក្រោយ ៕ សូម​សំណាងល្អ​កើតមាន​ដល់​ក្មួយ​ស្រី និង កូន​ក្នុង​ផ្ទៃ !

​មិត្ត​ប្រុស​ចង់​ឲ្យ​នាង​ខ្ញុំ​រក្សា និង បង្កើតកូន​ក្នុង​ផ្ទៃ ទើប​រៀបការ​ជា​ក្រោយ​