អាកាសធាតុ​ដ៏​ធ្ងន់ធ្ងរ​បាន​បង្ក​ការ​គំរាមគំហែង​នៅ​ស.រ.អា

អាកាសធាតុ​ដ៏​ធ្ងន់ធ្ងរ​បាន​បង្ក​ការ​គំរាមគំហែង​នៅ​ស.រ.អា

ផ្លាក​សញ្ញា​អបអរសាទរ​បុណ្យ​ណូអែល​ត្រូវ​បាន​លិច​នៅ​ក្នុង​ទឹក​ជំនន់​ពី​ទន្លេ Pea River នៅ​ក្រុង​ Elba រដ្ឋ​ Alabama។ អាកាសធាតុ​ដ៏​ធ្ងន់ធ្ងរ​បាន​បង្ក​ការ​គំរាមគំហែង​នៅ​ស.រ.អា។

ស.រ.អា​កំពុង​ប្រយុទ្ធ​អាកាស​ធាតុខុស​ពី​ធម្មតាបន្ទាប់​ពីថ្ងៃឈប់​សម្រាក ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និងបង្ក​ការ​បំផ្លិច​បំផ្លាញ​នៅ​ផ្នែក​ដ៏​ធំ​នៅ​ក្នុង​ប្រទេស។

ព្យុះ​សង្ឃរា​ជាច្រើន​បាន​វាយ​ប្រហារ​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​នៃ​រដ្ឋ​ Texas ​បន្ទាប់​ពី​មេឃ ងងឹត​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​បាន​ធ្វើ​ឲ្យ​មនុស្ស​៧​នាក់​ស្លាប់​ ហើយ​បាន​បំផ្លាញ​ផ្ទះ​នៅ​ក្នុង​ក្រុង Dallas។

បណ្តាញ​ទូរទស្សន៍​ឧតុនិយម​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​អាកាសធាតុ​ដ៏​ធ្ងន់​ធ្ងរ​ គឺបណ្តាល​មក​ពី​ព្យុះ​សង្ឃរារដូវរងា Goliath​ ដែល​បាន​ផុស​ចេញ​ពី​តំបន់​ភាគ​ខាង​លិច​ស.រ.អា ​ដោយ​បាន​ធ្វើ​ឲ្យ​មាន​កម្តៅ​ក្តៅ​នៅផ្នែក​ភាគខាង​ត្បូង​ស.រ.អា។

ផ្នែក​នានា​នៃ​រដ្ឋ Texas និង​រដ្ឋ Oklahoma ​ដែល​ជារដ្ឋនៅក្បែរនោះ ក៏​កំពុង​រង​ផល​ប៉ះ​ពាល់​ពី​អ្វី​ ដែល​អាចជា​ព្យុះ​ទឹកកក​ ដោយ​មាន​ការ​ធ្លាក់​ទឹកកក​រហូត​កំពស់ ​៤៥​សង់ទី​ម៉ែត្រ។

ស្ថានភាព​អាកាស​ធាតុ​មិន​ប្រក្រតី​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​ ​១០​នាក់​ដែរ​នៅ​ក្នុង​រដ្ឋ Mississippi។ មនុស្ស​ជា​ច្រើន​ទៀត​បាន​ស្លាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ​ដោយសារ​ព្យុះ​សង្ឃរា​យ៉ាង​ខ្លាំង​នៅ​ក្នុង​ផ្នែក​នានា​នៃ​តំបន់​ភាគ​ខាង​ត្បូង។​ស្ថានភាព​ទឹក​ជំនន់​បន្ត​ធ្វើ​ឲ្យ​មាន​ការ​បិទ​ផ្លូវជិត ​២០០​នៅ​ទូទាំង​រដ្ឋ Alabama ហើយធ្វើ​ឲ្យ​អ្នក​បើកបរ​រថយន្ត​ជាប់​គាំង​នៅ​ក្នុង​រថយន្ត​របស់​ខ្លួន។

នៅ​ក្នុង​រដ្ឋ California ​ពួក​អ្នក​ពន្លត់​អគ្គីភ័យ​ជាង​ ៦០០​នាក់ ​កំពុង​ប្រយុទ្ធ​ការ​ឆេះ​ព្រៃ​ដែលឆេះ​រាល​ដាល​លើ​ផ្ទៃ​ដី​ជាង ​៥០០​ហិកតា។​ ក្រុមមន្រ្តី​និយាយ​ថា ​អគ្គីភ័យ​នោះ ​ត្រូវ​បាន​ពន្លត់ ៦០​ភាគ​រយ​ហើយ។ រដ្ឋ California ​បានជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត​នៅ​ក្នុង​រយៈ​ពេល​ ៤​ឆ្នាំ​កន្លង​មក​នេះ៕