អាវុធហត្ថ​ស្រុក​ខ្សាច់កណ្ដាល​ចាប់ចោរ​ប្លន់​២​នាក់​ក្នុង​ចំណោម​៣​នាក់​បាន​ភ្លាម​ៗ បន្ទាប់​ពី​ប្លន់​ម៉ូតូ​និស្សិត​ស្រី​ម្នាក់

ខេត្តកណ្តាល ៖ ជនសង្ស័យ​ជា​ចោរប្លន់​២​នាក់​ក្នុង​ចំណោម​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​ខ្សាច់កណ្ដាល​ដេញ​បង្ក្រាប​និង​ចាប់ខ្លួន​បាន​ភ្លាម​ៗ​បន្ទាប់​ពី​ក្រុម​ចោរ​ទាំងនោះ​បាន​ធាក់​ផ្តួល​ប្លន់​ម៉ូតូ​ស្កុប​ពី​ពី​និស្សិត​ស្រី​ម្នាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ ២០១៥ នៅ​ចំណុច​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ដុល ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

សមត្ថកិច្ច​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​បាន​មាន​ឈ្មោះ សេង ប្រុស ​ភេទប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កោះ​ចំការ ឃុំ​បឹង​សាឡា​ង ស្រុក​កំពង់ត្រាច ខេត្តកំពត និង ​ឈ្មោះ គឿ​ន ចាន់​ធឿ​ន អាយុ​៤២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ថ្មី ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកោះកុង រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​នោះ ឈ្មោះ ធី អាយុ​២៨​ឆ្នាំ រស់នៅ​ខេត្តតាកែវ ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ទិន ប៊ុ​ន​ហៃ អាយុ​២២​ឆ្នាំ ជា​និស្សិត រស់នៅ​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ប្រភព​ពី​សមត្ថកិច្ច​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ទៀត​ថា ខណៈ​ពេល​នារី​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ស្កុបពី​ម្នាក់ឯង ស្រាប់តែ​ក្រុម​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​បាន​ស្រែក​គំរាម ហើយ​ធាក់​ផ្តួល និង​ប្លន់​យក​ម៉ូតូ​ពី​នារី​រង​គ្រោះ​ជិះ​គេចខ្លួន​បាត់ ។ ប្រភព​បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា​ មាន​ក្រុម​ចោរប្លន់​ម៉ូតូ​ភ្លាម សមត្ថកិច្ច​អាវុធ​ខ្សាច់កណ្ដាល​បាន​ចេញ​ប្រតិបត្តិការ​ដេញ​បង្ក្រាប​ភ្លាម​ៗ​ដែរ ដោយ​ចាប់​បាន​ជនសង្ស័យ​២​នាក់​នៅ​ចំណុច​ភូមិ​ព្រៃ​ចាស់ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​២​គ្រឿង គឺ​ម៉ូតូ​ម៉ាក​ស្កុប​ពី​របស់​នារី​រង​គ្រោះ និង​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1A-7424 ដែល​ជិះ​ធ្វើ​សកម្មភាព ខណៈ​ដែល​ជនសង្ស័យ​ម្នាក់​បាន​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ កណ្ដាល 1P-8136 រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​កណ្ដាល​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕