បង្រៀន​គួរ​ធ្វើ​ឲ្យ​គុណភាព​ម៉ោង​រដ្ឋ​ប្រឈម​បញ្ហា​គុណភាព និង​បង្កើត​វិសមភាព​ការអប់រំ​

​ភ្នំពេញ​៖ ទោះបីជា ការបង្រៀន​គួរ​នៅតាម​គ្រឹះស្ថានសាធារណៈ បាន​ក្លាយជា​ទម្លាប់​ជា​យូរ​មកហើយ​ក្តី ប៉ុន្តែ ការបង្រៀន​គួរ​បាន និង​កំពុង ធ្វើ​ឲ្យ​ការសិក្សា​ម៉ោង​រដ្ឋ ពុំ​សូវ​មានគុណ​ភាព និង​ធ្វើ​ឲ្យ​មាន​វិសមភាព​ក្នុង​ការទទួល​បានការ​អប់រំ​របស់​ពលរដ្ឋ​ទូទៅ​។

​កន្លងមក ការបង្រៀន​គួរ​ក្រៅ​ម៉ោង គឺ​បាន​ជួយ​ធ្វើ​ឲ្យ​គ្រូបង្រៀន​អាច​រកប្រាក់​បាន​ខ្លះ បន្ទាប់ពី​ទទួលបាន​ប្រាក់បៀវត្សរ៍​ដ៏​តិចតួចស្តួចស្តើង​។ ប៉ុន្តែ​ទម្លាប់​នេះ បានធ្វើ​ឲ្យ​សិស្ស​ក្រីក្រ ជាច្រើន​នាក់ បាន​បោះបង់​ការសិក្សា ដោយសារ​គ្មាន​ប្រាក់​ចំណាយ​លើ​ការរៀន​គួរ​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ បើទោះបីជា​ពួកគេ មិន​ឈប់រៀន​ក៏ដោយ ប៉ុន្តែ​ការរៀន​គួរ​កំពុង​ធ្វើ​ឲ្យ​មាន​វិសមភាព ក្នុង​ទទួលបាន​ការអប់រំ​។ លើសពីនេះ ការបង្រៀន​គួរ បានធ្វើ​ឲ្យ​គុណភាព​ម៉ោង​រដ្ឋ​កាន់តែ​គ្មាន​ប្រសិទ្ធភាព​។

​អ្នក​ដែល​ឆ្លងកាត់ ការសិក្សា​នៅក្នុង​កម្រិត​ចំណេះដឹង​ទូទៅ សុទ្ធសឹង​បានដឹង​អំពី​សកម្មភាព​នៅពេល​សិក្សា​ម៉ោង​រដ្ឋ​។ គេ​មើលឃើញថា ទាំង​សិស្ស​ទាំង​គ្រួ មិនសូវ​បាន​ផ្តោត​ចំពោះ​ការផ្ទេរ និង​ទទួល​ចំណេះដឹង​នោះទេ​។ បញ្ហា​នេះហើយ បានធ្វើ​ឲ្យ​ការបង្រៀន​របស់​គ្រូ​មួយចំនួនធំ នៅក្នុង​ម៉ោង​សិក្សា​របស់​រដ្ឋ ហាក់​បង្រៀន​ជា​លក្ខណៈ​បង្គ្រប់កិច្ច​។ ទម្លាប់​នេះ​បានធ្វើ​ឲ្យ​ម៉ោង​រដ្ឋ គ្មាន​ប្រសិទ្ធភាព និង​គុណភាព​ការអប់រំ​កម្ពុជា នៅតែមាន​កម្រិត​។

​ការរៀន​គួរ​បន្ថែម គឺ​កំពុងមាន​ភាព​ពេញនិយម​ខ្លាំង ជាពិសេស​ក្នុង​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​។ ហើយ​មុខវិជ្ជា​ដែល​ពេញនិយម​នៅតាម​ជនបទ និង​ទីប្រជុំជន​មួយចំនួន គឺមាន​ដូចជា​៖ គីមីវិទ្យា រូបវិទ្យា គណិតវិទ្យា និង​ជីវវិទ្យា​។ ប៉ុន្តែ​បើ​នៅ​ទីក្រុង និង​រាជធានី​ភ្នំពេញ ក្រៅពី​មុខវិជ្ជា​ទាំង​៤​ខាងលើ គឺមាន​មុខវិជ្ជា​មួយចំនួនទៀត ដូចជា ភាសា​ខ្មែរ ជាដើម​។​

​ជាការ​ពិត គេ​ត្រួវ​ទទួលស្គាល់ថា សិស្ស​ស្ទើរ​ទាំងអស់ ប្រសិនបើ​មិនបាន​រៀន​គួរ​នោះ ពួកគេ​ប្រាកដជា​មិនអាច​សិក្សា​បាន​លទ្ធផល​ល្អ​នោះទេ ពីព្រោះ ការបង្រៀន​ម៉ោង​រដ្ឋ ត្រូវបាន​គេ​មើលឃើញថា នៅមានកម្រិត​ទាប​នៅឡើយ​។ ជាក់ស្តែង ដោយសារ​មិន​ទុកចិត្ត​ប្រព័ន្ធ​អប់រំ​របស់​រដ្ឋ ប្រជាពលរដ្ឋ​ជាច្រើន ដែលមាន​ជីវភាព​ធូរធារ​កម្រិត​ខ្ពស់ ពួកគេ​បាន​បញ្ជូន​កូន​របស់​ពួកគេ ទៅ​រៀន​នៅក្នុង​សាលា​ឯកជន​។​

​ការបង្រៀន​គួរ បាន​កើតឡើង​នៅពេលដែល​ប្រាក់ខែ​គ្រូ នៅមានកម្រិត​ទាប ដែល​មិនអាច ទ្រទ្រង់​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​បាន​។ ប៉ុន្តែ​ជាច្រើន​ឆ្នាំ​មកនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដំឡើង បៀវត្សរ៍​គ្រូបង្រៀន​ជា​បន្តបន្ទាប់​។

​នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅ​ថ្មីៗ​នេះ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសថា ប្រាក់ខែ​គ្រួ​បង្រៀន​នឹងមាន​ការកើនឡើង​នៅ​ឆ្នាំ​២០១៦ ។ គ្រួ​បង្រៀន​នៅ​ថ្នាក់បឋមសិក្សា នឹង​ទទួលបាន​ប្រាក់បៀវត្សរ៍ ទាប​បំផុត​៨០​ម៉ឺន​រៀល (២០០​ដុល្លា​) គ្រូ​មធ្យមសិក្សា​ប្រហែល ១​លាន​រៀល (២៥០​ដុល្លា​) និង​គ្រូបង្រៀន​ឧ​ត្ត​ម​សិក្សា​នឹង​ទទួលបាន​ប្រាក់បៀវត្សរ៍​ប្រហែល​ជិត​១​លាន​២០​ម៉ឺន​រៀល (៣០០​ដុល្លា​)​។ ការដំឡើង​នេះ ទោះបីជា​មិន​ច្រើន ប៉ុន្តែ​អាច​ឲ្យ​គ្រូបង្រៀន​រស់នៅ​បាន​សម​រម្យ និង​អាច​បន្ត​មនសិការ បណ្តុះបណ្តាល​កូន​ខ្មែរ ប្រកបដោយ​ការទទួល​ខុស​ត្រួវ និង​មាន​ក្រមសីលធម៌​ខ្ពស់​។ លើសពីនេះ ប្រាក់បៀវត្សរ៍ នឹង​ជំរុញ​ឲ្យ​គ្រួ​បង្រៀន ងាក​មក​គិតគូរ និង​ចំណាយពេល​ច្រើន ក្នុងការ​ពង្រឹងគុណភាព​សិស្ស ជាជាង​ការ​គិតតែ​ពី​ការងារ​ក្រៅ​ម៉ោង ឬ​បង្រៀន​គួរ​ក្រៅ​ម៉ោង​។​

​រដ្ឋធម្មនុញ្ញ​កម្ពុជា នៅក្នុង​ជំពូក​ទី​៦ មាត្រា​៦៥ បាន​ចែងថា​៖«​រដ្ឋ​ត្រូវការពារ និង​លើកស្ទួយ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ក្នុង​ការទទួល​បានកា​រ​អប់រំ​ប្រកបដោយ​គុណភាព នៅ​គ្រប់​កម្រិត និង​ត្រូវ​ចាត់វិធានការ គ្រប់បែបយ៉ាង​ជា​ជំហានៗ ដើម្បី​ឲ្យ​ការអប់រំ​នេះ បាន​ទៅដល់​ប្រជាពលរដ្ឋ​គ្រប់រូប​។ រដ្ឋ​ត្រូវ​យកចិត្តទុកដាក់​ដល់​វិស័យ​អប់រំ​កាយ និង​កីឡា ដែលជា​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​»​។

​រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​៦៦ បាន​ចែងថា​៖«​រដ្ឋ​កសាង​ប្រព័ន្ធ​អប់រំ​មួយ​ពេញលេញ និង​ឯកភាព​នៅ​ទូទាំងប្រទេស ដែល​ធានា​ឲ្យ​បាន​នូវ​គោលការណ៍​សេរីភាព​ខាង​សិក្សាធិការ និង​គោលការណ៍​សមភាព​ក្នុងការ​អប់រំ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប មាន​ភ័ព្វសំណាង​គ្រប់គ្រាន់ ស្មើគ្នា​ក្នុងការ​កសាង​ជីវិត​»​។​

​ដូច្នេះ កំណែទម្រង់​ប្រាក់បៀវត្សរ៍​គ្រូបង្រៀន​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​មិនទាន់​គ្រប់គ្រាន់​នោះទេ តែ​ត្រូវការ ការលះបង់​ពី​សំណាក់​គ្រូបង្រៀន​ផងដែរ​។ ក្នុងនោះ គ្រូបង្រៀន​មួយចំនួន ប្រាកដជា​ជួប​បញ្ហា​ប្រឈម ដោយសារ​ការបាត់បង់​ប្រាក់ចំណូល​ប្រចាំថ្ងៃ ដែល​បានមកពី​ការបង្រៀន​គួរ ប៉ុន្តែ​បើ​គ្មាន​ការលះបង់​របស់​គ្រូបង្រៀន​នោះទេ វិស័យ​អប់រំ របស់​កម្ពុជា នឹង​នៅតែ​ជួប​បញ្ហា​ផ្នែក​គុណភាព​។ តែ​ទោះជា​យ៉ាងណា ការ​គិតពី​ប្រយោជន៍​ពលរដ្ឋ​ទូទៅ ច្រើនជាង​ប្រយោជន៍​ផ្ទាល់ខ្លួន គឺជា​វិធី​ដែល​ធ្វើ​ឲ្យ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ទទួលបាន​ជោគជ័យ​៕