សម្តេច​ហ៊ុនសែន សម្រេចឈប់ឲ្យក្រុមហ៊ុន ​យកលុយ​ពី​ឡាន​គ្រួសារ​ នៅផ្លូវវេងស្រេង

ភ្នំពេញ: ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​​មន្ត្រី បាន​សរសេរ​ក្នុង​ផេ​ក​ផ្លូវការ​ថា "​បងប្អូន ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ជាទី​ស្រឡាញ់​! ខ្ញុំ​ទើបបាន​ដឹង​រឿង ដែល​រថយន្ត​គ្រួសារ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​វែង​ស្រេង ត្រូវ​ក្រុមហ៊ុន​យកប្រាក់ ១១០០ រៀល ក្នុង​រថយន្ត ១​គ្រឿង ឬ ត្រូវ​បិទ sticker ក្នុងតម្លៃ ១៣២០០០ រៀល​ក្នុង​រថយន្ត ១​គ្រឿង​។ នេះ​បើតាម​ការបញ្ជាក់​របស់​បងប្អូន ដែល​បាន​ផ្ញើ​ព័ត៌មាន​ពិត​មកកាន់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​គ (Facebook) របស់ខ្ញុំ​។ ចំណែក​អាជា្ញធរ​បញ្ជាក់ថា ៤០.០០០ រៀល ១​គ្រឿង​"​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន បាន​បន្ថែមថា "សំរាប់​ខ្ញុំ ទោះ​តម្លៃ​មួយណា​ក៏ដោយ​បងប្អូន មិនត្រូវ​បង់ថ្លៃ​ផ្លូវ ឬ​បង់ថ្លៃ​ធ្វើ sticker នោះទេ​។ ខ្ញុំ​បាន​បញ្ជារ​ឱយ​អភិបាលក្រុង ធ្វើ Sticker ជូន​បងប្អូន ដោយ​មិនចាំបាច់​បង់ប្រាក់​សំរាប់​រថយន្ត​គ្រួសារ ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ និង​ស្ថិតក្នុង​តំបន់ ដែល​ក្រុមហ៊ុន​ធ្វើ​វិនិយោគ​។ បងប្អូន ត្រូវបំពេញ​កា​ត្វ​កិច្ច​បង់​ព​ន្ឋ​ផ្លូវ​ជូន​រដ្ឋ​តាម​ការកំណត់​នៃ​ច្បាប់ តែ​មិនត្រូវ​បង់ថ្លៃ​ផ្លូវ​មុខផ្ទះ​បងប្អូន​នោះទេ​។ ​សាលាក្រុង​ភ្នំពេញ ត្រូវ​ចាត់​កម្លាំង​ចុះ​ធ្វើ Sticker ជូន​បងប្អូន​បន្ទាន់​"​។

​សម្តេច​ហ៊ុនសែន បន្តថា "​សុំ​អរគុណ​បងប្អូន ដែល​បាន​ផ្តល់ព័ត៌មាន​ ​ពិ​ត​ដល់​​ខ្ញុំ​។ អរគុណ​ចំពោះ​ក្រុមហ៊ុន ដែល​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​ការចាត់ការ​របស់​ខ្ញំ​។ កោត​ស​សើរ​ឯកឧត្តម​ ប៉ា សុជាតិ​វង្ស ដែល​បាន​ចាត់ការ​ភ្លាមៗ ដើម្បី​ដោះស្រាយ​កង្វល់​របស់​ប្រជាជន​។ សូមបញ្ជាក់ថា ខ្ញុំ​ទទួល​នឹង​ជួយ ដោះស្រាយ​រឿង​ពិតប្រាកដ​ដែលជា​ទុក្ខ​កង្វល់​របស់​ប្រជាជន​។​ ​ខ្ញុំ និង​ភរិយា សូម​ជូនពរ​បងប្អូន​ជនរួមជាតិ ក្នុងឱកាស​ចូលឆ្នាំថ្មី ២០១៦ ដែល​នឹង​មកដល់​នាពេល​ខាងមុខនេះ សូម​ជួបប្រទះ​តែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់គ្នា​"​។

ប្រជាពលរដ្ឋ បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ហ៊ុនសែន ជា​សំណូមពរ​ថា "​ខ្ញុំបាទ ជា​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង សុំ​សម្តេច​ជួយ​ដោះស្រាយ​ផង ក្រុមហ៊ុន​សាងសង់​ផ្លូវ​បានកំណត់​យក​ថ្លៃ​ឆ្លងកាត់ សម្រាប់​ឡាន​គ្រួសារ​តម្លៃ ១១០០ រៀល ដែល​ពីមុន​មិនមាន​ការយក​ទេ​។ ក្រុមហ៊ុន​អោយធ្វើ sticker បិទ​ដើម្បី​ចេញចូល​មិនបាច់​បង់ប្រាក់ ប៉ុន្តែ​តម្លៃ​នោះ គឺ ១៣២០០០​រៀល ក្នុង​មួយឆ្នាំ គឺ​ថ្លៃ​ជាង​បង់ពន្ធ​ផ្លូវ​ទៅទៀត​។ សូម​សម្តេច​ជួយ​ដោះស្រាយ​ផង​។ ដោយ​ក្តី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត​"​។​

​សូម​រម្លឹកថា ក្រុមហ៊ុន ថូ​ល​វ៉េ បាន​យកលុយ​ពី​ឡាន​ឆ្លងកាត់​វេ​ង​ស្រេង ចាប់តាំងពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ ជា​ថ្នូរ​នឹង​ការវិនិយោគ ចាក់​បេតុង​លើផ្លូវ​វេ​ង​ស្រេង ប្រវែង​ជាង ៦ គីឡូម៉ែត្រ អស់​ទឹកប្រាក់​ប្រមាណ​ជាង ១០ លាន​ដុល្លារ​។​

​ផ្លូវ​វេ​ង​ស្រេង ពីមុនមក គឺ​ឡាន​គ្រួសារ ដែលជា​ប្រភេទ​ឡានតូចៗ គឺ​ក្រុមហ៊ុន មិន​យកលុយ​នោះទេ​។ ពោលគឺ​ពីមុន ក្រុមហ៊ុន​វិនិយោគ​ផ្លូវ​វេ​ង​ស្រេង យកលុយ​តែ​ឡាន​ឆ្លងកាត់​ផ្លូវ​នោះ ចាប់ពី​ឡាន​ប្រភេទ ១២ កៅអី​ឡើងទៅ​៕​

សម្តេច​ហ៊ុនសែន សម្រេចឈប់ឲ្យក្រុមហ៊ុន ​យកលុយ​ពី​ឡាន​គ្រួសារ​ នៅផ្លូវវេងស្រេង