ហម ឈរ៉ា ទម្លាយ​មូលហេតុ​មិន​បាន​សម្ដែង​រឿង “ស្ដេចកន”


ហម ឈរ៉ា ទម្លាយ​មូលហេតុ​មិន​បាន​សម្ដែង​រឿង “ស្ដេចកន”

ហម ឈរ៉ា បាន​និយាយ​ថា មូលហេតុ​ដែល​លោក​ខកខាន​មិន​បាន​ចូលរួម​សម្ដែង​រឿង “ស្ដេចកន” ក៏​ព្រោះ​តែ​ចរចា​តម្លៃ​ខ្លួន​មិន​ត្រូវ​គ្នា។

 

“ខ្ញុំ​មិន​នឹក​ស្មាន​ថា រឿង​ប្រវត្តិសាស្ត្រ​ខ្នាត​ធំ ប៉ុន្តែ​មក​ឱ្យ​តម្លៃ​ខ្លួន​ខ្ញុំ​មិន​សមរម្យ​អញ្ចឹង​សោះ”។ លោក ហម ឈរ៉ា ថ្លែង​មក​កាន់ Sabay។ តារា​សម្ដែង​ជើង​ចាស់​រូប​នេះ​បន្ត​ថា ខាង​ផលិតកម្ម​មិន​បាន​ជួន​ដំណឹង​យ៉ាង​ណា​នោះ​ទេ ក្រោយ​ការ​ចរចា​តម្លៃ​គ្នា​រួច​មក ដោយ​បន្ត​ភាព​ស្ងប់ស្ងាត់​រហូត​មក​ដល់​ពេល​នេះ អស់​រយៈ​ពេល​៣​ខែ​ហើយ។ ការ​ចរចា​ដំបូង​លោក​ត្រូវ​ថត​ជា​តួ​មេទ័ព។

 

ហម ឈរ៉ា ទម្លាយ​មូលហេតុ​មិន​បាន​សម្ដែង​រឿង “ស្ដេចកន”

 

ទោះ​មិន​បាន​ប្រាប់​ពី​តម្លៃ​ខ្លួន​យ៉ាង​ណា​ក្ដី ប៉ុន្តែ​តារា​ល្បី​ក្នុង​ទសវត្ស ៩០ ខាង​លើ​អះអាង​ថា លោក​មិន​បាន​ទាមទារ​ខ្ពស់​ពេក​នោះ​ទេ ព្រោះ​ក៏​បាន​យល់​ដឹង​ពី​បញ្ហា​ប្រឈម​​របស់​ផលិតករ​នៅ​ប្រទេស​កម្ពុជា​ដែរ។ ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មាន​គម្លាត​គ្នា​ឆ្ងាយ​ពេក​ក្នុង​ភាពយន្ត​នីមួយៗ ស្រប​ពេល​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ឡើង​ថ្លៃ​មិន​ឈប់។ លោក​សុំ​ឱ្យ​ផលិតករ​ទាំង​អស់​សិក្សា​ពី​តម្លៃ​តួ​សម្ដែង​ផង និង​មាន​តម្លាភាព​សម្រាប់​ពួកគេ។

 

លោក​បន្ថែម​ថា៖ “ថត​រឿង​១​ថ្ងៃ មក​ឱ្យ​តម្លៃ​ខ្ញុំ​ប្រហែល​ថត​បទ​ចម្រៀង ១ ថ្ងៃ​កាល​ពី ៥ ឆ្នាំ​មុន​ដែរ ធ្វើ​ម៉េច?”។ លោកថា ការផ្ដល់​​តម្លៃ​ខ្វះ​តម្លា​ភាព នាំ​បាក់​ទឹក​ចិត្ត​តួ​សម្ដែង​ទៅ​វិញ។

 

ទោះ​បី​ជា​យ៉ាង​ណា តួ​ឪពុក​ដដែល​បាន​សម្ដែង​ការ​សោកស្ដាយ ព្រោះ​មិន​បាន​ចូលរួម​សម្ដែង​ក្នុង​ភាពយន្ត​ខ្នាត​ធំ​រឿង “ស្ដេចកន” ព្រោះ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា។ ប៉ុន្តែ​លោក​សប្បាយ​រីករាយ​ក្នុង​នាម​ជា​សិល្បករ​ខ្មែរ​ម្នាក់ បន្ទាប់​បាន​ទទួល​ដំណឹង​ស្ដី​ពី​ការ​ផលិត​ភាពយន្ត​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​ឡើង ក្រោម​ការ​ដឹក​នាំ​រឿង​ផ្ទាល់​ពី​ឯកឧត្ដម ម៉ៅ អាយុទ្ធ ជា​អ្នក​ល្បីល្បាញ​ក្នុង​វិស័យ​នេះ​ជា​យូរ​មក​ហើយ៕

 

អត្ថបទ៖ សំ ជំនាញ