ផ្អើល​ពេញ​ផ្សារ​ចាប់ខ្លួន​បុរស​ចាយ​ដុល្លារ​ខ្មោច

ផ្អើល​ពេញ​ផ្សារ​ចាប់ខ្លួន​បុរស​ចាយ​ដុល្លារ​ខ្មោច

ខេត្តកំពង់ឆ្នាំង ៖ អាជីវករ​លក់ដូរ​ផ្សា​រលើ​ម្នាក់ បាន​ចាប់​បុរស​ឡឺ​ៗ​ម្នាក់​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង បន្ទាប់​ពី​ជន​រូប​នោះ បាន​យក​ក្រដាសប្រាក់​ធុន​១០០​ដុល្លារ ជា​ប្រាក់​សម្រាប់​សែន​ដែល​គេ​ហៅ​ថា​ដុល្លារ​ខ្មោច​យក​ទៅ​ទិញ​ខោអាវ នៅ​តូប​អាជីវករ​លក់​ខោអាវ ។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៥ ។ ទោះ​យ៉ាងណា ក្រោយ​ពី​សមត្ថកិច្ច​នគរបាល​បាន​ធ្វើ​កំណត់ហេតុ​សាកសួរ រឿង​ចាយ​ដុល្លារ​ខ្មោច​រួច​មក ទើប​ដឹង​ថា ជន​រូប​នោះ​ជា​មនុស្ស​មាន​ស្មារតី​មិន​ល្អជា​ជន​ឡប់សតិ ទើប​គ្រាន់តែ​ធ្វើ​កំណត់ហេតុ ដកហូត​ប្រាក់​ដុល្លារ​សម្រាប់​ដុត​សែន រួច​បានឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដូច​ល្បែង​លេងសើច​មួយ ។

នគរបាល​ក្រុង​កំពង់ឆ្នាំង បានឱ្យ​ដឹង​ថា បុរស​រូប​នោះ​បាន​ប្រាប់​ថា រូបគេ​ឈ្មោះ ជា រតនៈ អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ស្រុក​មង្គល​បូ​រី ខេត្តតាកែវ ។ រូបគេ​មាន​ជំងឺ​មក​ពី​ខេត្តបាត់ដំបង បំណង​ទៅ​ស្រុក​នៅ​ខេត្ត តាកែវ ។ ប៉ុន្តែ​ម្តង​ថា ទើប​ចេញពី​មន្ទីរពេទ្យ​ខេត្ត ហើយ​ទៅ​ទិញ​ខោអាវ​ស្លៀក​ឱ្យ​ស្អាត​ម្តង ក៏​ត្រូវ​គេ​ចាប់ខ្លួន ។ សមត្ថកិច្ច​បាន​ត្រួត​ពិ​និ​ត​ឃើញ​ប្រាក់​ដុ​លា្ល​រ​សម្រាប់​ដុត​សែនខ្មោច​ចំនួន ១៤៦០​ដុល្លារ និង​ប្រាក់​ខ្មែរ​ចំនួន​៣៥០០​រៀល​។ ក្រៅពី​នោះ​ឃើញ​មាន​សំបុត្រ​វេជ្ជបញ្ជា​ទិញ​ថ្នាំ​របស់​គ្រូពេទ្យ ខេត្តបាត់ដំបង ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​ពេល​សាកសួរ យក​ចម្លើយ​ស្ទើរតែ​មិន​បាន ព្រោះ​ម្តង​ថា​ធ្វើ​ទាហាន ម្តង​ថា​ធ្វើ​អង្គរក្ស ម្តង​ថា​ដេកពេទ្យ​។ ចំណែក​ក្នុង​កាបូបស្ពាយ​មាន​ភួយ​ដណ្តប់ មាន​ថ្នាំដុះធ្មេញ មាន​សាប៊ូ ខោអាវ និង​គួប​ផ្សំ​មាន​សំបុត្រ​បញ្ជាក់​គ្រូពេទ្យ​ផង​នោះ នគរបាល​បាន​ឆ្លង​យោបល់​ថ្នាក់លើ ក៏​ដូច​ជា​ព្រះរាជអាជ្ញា ទើប​សន្និដ្ឋាន​ថា ជា​មនុស្ស​មាន​ស្មារតី​មិនល្អ​។ បន្ទាប់​មក​បាន​សម្រេច​ធ្វើការ​អប់រំ​ណែនាំ​ឱ្យ​ត្រឡប់​ទៅ​វិញ តែ​បាន​ដកហូត​ប្រាក់​ដុល្លារ​សម្រាប់​សែនខ្មោច ដើម្បី​កុំឱ្យ​បន្ត​យក​ទៅ​ចាយ​ផ្តេសផ្តាស់​បន្ត​ទៀត ។ ជាមួយ​គ្នា​នោះ​ផង​ដែរ សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​អំពាវនាវ​រក​ក្រុម​គ្រួសារ ដូច​មាន​ភិនភាគ​នេះ សូម​ប្រញាប់​មក​ទទួលយក​ទៅ​ស្រុក​កំណើត​ផង ព្រោះ​មនុស្ស​នេះ​មាន​សុខភាព​មិនល្អ​ទេ មិន​បាន​ហូប​បាយ​ច្រើន​ថ្ងៃ​មក​ហើយ ៕