ឡិច​ស៊ីស​350​បុក​រនាំង​ដែក​បើក​រត់​រហូត​ផ្ទុះ​ឆេះ

ឡិច​ស៊ីស​350​បុក​រនាំង​ដែក​បើក​រត់​រហូត​ផ្ទុះ​ឆេះ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ទ្បិ​ច​ស៊ី​ស RX350 ពណ៌​ខ្មៅ​មួយ​គ្រឿង​ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​សល់​តែ​គ្រោងឆ្អឹង បន្ទាប់​ពី​រថយន្ត​នេះ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ បាក់​អស់​១២​ផ្ទាំង ហើយ​ព្យាយាម​បើក​រត់ ទាំង​ជាប់​រនាំង​ដែក​នៅ​ក្រោម​រថយន្ត​បែក​ផ្កាភ្លើង​ពេញ​ផ្លូវ​ក្រាល​កៅស៊ូ​បាន​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ធ្នូ នៅ​មុខ​ធនាគារ​អេ​ស៊ី​លី​ដា តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រីឯ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

តាម​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា គេ​ឃើញ​រថយន្ត​ទ្បិ​ច​ស៊ី​ស RX350 ពណ៌​ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2FA-8896 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ពេល​មក​ដល់​មុខ​មហាវិទ្យាល័យ​សង្គម​សាស្ត្រ និង​មនុស្ស​សាស្ត្រ ក៏​បាន​រេ​ចង្កូត​ទៅ​បុក​រនាំង​ដែក ពុះ​ចែក​ទ្រូងផ្លូវ​ទាំង​កំរោល​បាក់​អស់​១២​ផ្ទាំង ខ្ទាត​របា​៉​ត់រ​ប៉ាយ​ពេញ​ថ្នល់​។ បន្ទាប់​ពី​បុក​រះ រថយន្ត​មិន​ព្រម​ឈប់​ទេ និង​ព្យាយាម​បើក​រត់ ទាំង​ជាប់​រនាំង​ដែក​៣​ផ្ទាំង​នៅ​ក្រោម​រថយន្ត អូស​កកិត​នឹង​ថ្នល់​បែក​ផ្កាភ្លើង​ក្រហមឆ្អៅ បាន​ប្រហែល​១០០​ម៉ែត្រ​ដល់​មុខ​ធនាគារ​អេ​ស៊ី​លី​ដា ក៏​ផ្ទុះ​ឆេះ​យា​៉​ង​សន្ធោសន្ធៅ តែ​ម្តង ។ ពេល​នោះ​គេ​ឃើញ​បុរស​ម្នាក់​ជា​អ្នកបើកបរ​ស្ទុះ​ចេញពី​រថយន្ត ហើយ​គេចខ្លួន​បាត់ ដែល​គេ​សង្ស័យ​ថា បែប​ស្រវឹង​ខ្លាំង​ហើយ​មើលទៅ ។ រីឯ​រថយន្ត​ត្រូវ​អណ្តាតភ្លើង ឆាបឆេះ​ម៉ា​សេរី​ប្រមាណ​ជាង​១៥​នាទី​សល់​តែ​គ្រោងឆ្អឹង ទើប​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង​បាន​មក​ដល់ បាញ់​ទឹក​ពន្លត់​ជា​កិច្ច​បង្ហើ​ុ​យ ។

ខ្មោច​រថយន្ត​ត្រូវ​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​មក​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ។ ពិតជា​គួរ​ឱ្យ​សោកស្តាយ​សម្រាប់​ម្ចាស់​រថយន្ត​ទំនើប​មួយ​គ្រឿង​នេះ​ដែរ ដោយសារ​តែ​ការ​បើកបរ​បែប​ប្រមាថ​របស់​ខ្លួន បណ្តាល​ឱ្យ​រថយន្ត​ដែល​មាន​តម្លៃ​ពី​៤​ទៅ​៥​ម៉ឺន​ដុល្លារ ក្លាយជា​ចំណី​ភ្លើង ហើយ​ត្រូវ​ប្រឈម​សង​ថ្លៃ​បាក់​រនាំង​ដែក​អស់​១២​ផ្ទាំង​ទៀត ដែល​ក្នុង​១​ផ្ទាំង​ត្រូវ​សង​តម្លៃ​២០០​ដុល្លារ ដូច្នេះ​ហិន​ទាំង​រថយន្ត អស់ទាំង​ប្រាក់​ពិន័យ ៕