ចោរ​វាយ​កញ្ចក់​ឡាន​ប៉ូលិស​បែក​យក​អាកា​បាញ់​រត់​ចែកផ្លូវ​គ្នា

ចោរ​វាយ​កញ្ចក់​ឡាន​ប៉ូលិស​បែក​យក​អាកា​បាញ់​រត់​ចែកផ្លូវ​គ្នា

ខេត្តឧត្ដរមានជ័យ ៖ ជន​ម្នាក់​ដែល​ចូល​លួច​ឈើ​បេង​គេ​មួយ​សន្លឹក​មាន​ទំហំ​៤​តឹក​ប្រវែង​៦​តឹក ត្រូវ​នគរបាល​ប៉ុស្តិ៍​ឃុំ​ទំនប់​ដាច់​ចាប់ខ្លួន​បាន​តាម​ពាក្យបណ្ដឹង ។ ប៉ុន្តែ​ដោយសារ​មិន​ប្រុង​ប្រយ័ត្ន​ជន​នេះ​បាន​វាយ​កញ្ចក់​រថយន្ត​នគរបាល​បែក ហើយ​ឆក់​យក​កាំភ្លើង​អាកា​ស្វាយ​បត់​មាន​គ្រាប់​កន្លះ​បង់​មួយ​ដើម​បាញ់​បង្អើល បណ្ដាល​ឱ្យ​នគរបាល​រត់​ចែកផ្លូវ​គ្នា កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែធ្នូ នៅ​ក្នុងភូមិ​ទំនប់​ដាច់ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ។

អ្នក​ភូមិ​ទំនប់​ដាច់​និយាយ​ថា យុវជន​ម្នាក់​ឈ្មោះ កែវ រតនា អាយុ​២៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ ជាប់ចោទ​ចូល​លួច​ឈើ​អ្នក​ភូមិ​ជាមួយ​គ្នា​ម្នាក់ កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែធ្នូ ហើយ​ម្ចាស់​ឈើ​បាន​ប្ដឹង​ទៅ​នគរបាល​ដែល​យាម​តាម​គោលដៅ ។ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​នេះ​ភ្លាម កងកម្លាំង​នគរបាល ក៏​ចុះ​ទៅ​អន្តរាគមន៍​និង​ឃាត់ខ្លួន​ជន​នេះ​ភ្លាម​ដូច​បំណង ។ ប៉ុន្តែ​ក្រោយ​ពេល​ឃាត់ខ្លួន​បាន​ហើយ ដោយសារ​ការ​ធ្វេសប្រហែស​របស់​សមត្ថកិច្ច ជន​រូប​នេះ​បាន​យក​ដំ​ុ​ឈើ​វាយ បំបែក​កញ្ចក់​រថយន្ត​របស់​នគរបាល រួច​ទាញ​យក​កាំភ្លើង​វែង​បាន ក៏​បាញ់​ចំនួន​៤​ទៅ​៥​គ្រាប់ លាន់ឮ​ទ្រហឹង​ធ្វើ​ឱ្យ​នគរបាល​រត់​ចែកផ្លូវ​គ្នា​ឱ្យ​ប្រសាច គឺ​រត់​យករួចខ្លួន​។ចំណែក​អ្នក​ភូមិ​ក៏​មានការ​ភ័យ​ខ្លាច​ដែរ ខ្លះ​លូន ខ្លះ​ក្រាប ។ ពេល​នោះ ចោរ​វ័យក្មេង​រូប​នេះ​បាន​ព្យាយាម​រត់គេច​ខ្លួន ដោយ​យក​ទាំង​កាំភ្លើង​អាកា​ស្វាយ​បត់​១​ដើម​នេះ ទៅ​ជាមួយ​ផង ។ យប់​នោះ​ចោរ​ក្លាហាន​រូប​នេះ បាន​ទៅ​សម្ងំ​ដេក​រហូត​ដល់​ភ្លឺ អត់​មាន​ប៉ូលិស​ណា​ហ៊ាន​ទៅ​រំខាន​ឡើ​ុ​យ ។

លុះដល់​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ដដែល ប៉ូលិស​បាន​ប្រមូល​កម្លាំង​ស្វែងរក​ដោយ​ស្ងៀមស្ងាត់ ដើម្បី​ចាប់ខ្លួន ។ ចំណែក​យុវជន​ចោរ​រូប​នេះ ពេល​ឃើញ​សមត្ថកិច្ច ក៏​បាញ់​ឡើង​លើ​អស់​ជា​ច្រើន​គ្រាប់​ទៀត​ដើម្បី​គំរាម តែ​នគរបាល​បាន​ដាក់​កងកម្លាំង​ពង្រាយ​ឡោម​ព័ទ្ធ​នៅ​តាម​គោលដៅ​រួច​ហើយ ។ ដោយ​មិន​អាច​ទៅ ចាប់ខ្លួន​បាន នគរបាល​បានឱ្យ​លោក​មេឃុំ​ទៅ​ជួប​ប្រពន្ធ​ជន​នេះ ដើម្បី​ណែនាំ​ឱ្យ​និយាយ​ទូរស័ព្ទ​ទៅ លួងលោម​ឱ្យ​ប្ដី​ដាក់អាវុធ ។ បាន​មួយសន្ទុះ​ធំ​មក ទើប​ជនសង្ស័យ​រូប​នេះ​ព្រម​ទម្លាក់អាវុធ ហើយ​ប្រគល់​ខ្លួន​ឱ្យ​នគរបាល ។

ទាក់ទិន​នឹង​ហេតុការណ៍​នេះ នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៦ ខែធ្នូ លោក​វរសេនីយ៍ទោ អិន កាយ អធិការ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ កែវ រតនា ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន និង​ឈាន​ទៅ​ចាប់​បក្សពួក​បាន​ចំនួន​៣​នាក់​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ហើយ​នាំ​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​ច្បាប់​បន្ត​ទៀត ។

ករណី​ខាងលើ​នេះ​ដែរ​បង្ហាញ​ថា កងកម្លាំង​សមត្ថកិច្ច​មានការ​ធ្វេសប្រហែស ទើប​កាំភ្លើង​ធ្លាក់​ដល់​ដៃ​ជនសង្ស័យ ។ប៉ុន្តែ​ចាត់ទុកជា​សំណាង​ហើយ ដែល​មិន​មាន​កម្លាំង​សមត្ថកិច្ច​ណា​ម្នាក់​រងគ្រោះថ្នាក់ ៕