គួរ​ទទួលទាន​បែបណា ទើប​សុខភាព​រាងកាយ​ល្អ​ទាំង​ព្រម​

​យុគសម័យ​បច្ចុប្បន្ននេះ ការថែរក្សា​សុខភាព គឺជា​បញ្ហាសំខាន់​សម្រាប់​បុគ្គល​គ្រប់រូប ដែល​យើង​គួរ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ទាំង​ផ្លូវកាយ និង ផ្លូវចិត្ត ។ ការទទួល​ទាន​គឺជា​ផ្នែក​មួយ​ដែល​អាច​ជះឥទ្ធិពល​ដល់​សុខភាព​រាងកាយ​ទាំងស្រុង ហេតុដូចនេះ​យើង​សូម​ណែនាំ​ជា​សង្ខេប​អំពី​ការ​ទទួលទាន​ប្រកបដោយ​សុខភាព ។

១.​តាមដាន​កម្រិត​កាឡូរី​ដែល​អ្នក​បាន​ទទួលទាន​
ក៏ដូចជា​ការរក្សា​ទម្ងន់​ឱ្យ​ថេរ​ដែរ ព្រោះ​បើ​អ្នក​ទទួលទាន​តាមចិត្ត​ចង់ រាងកាយ​នឹង​អាច​ក្លាយជា​លើស​ទម្ងន់​សុខភាព ផ្ទុយទៅវិញ​ប្រសិនបើ​បរិភោគ​មិន​គ្រប់​បណ្តាលឱ្យ​ស្រក​ទម្ងន់ ប៉ុន្តែ​រាងកាយ​មិនមាន​សុខភាព​ល្អ​នោះទេ ។

គួរ​ទទួលទាន​បែបណា ទើប​សុខភាព​រាងកាយ​ល្អ​ទាំង​ព្រម​

២.​ទទួលទាន​អាហារ​ចម្រុះ​បែប​
​មានន័យថា អ្នក​គួរ​ទទួលទាន​អាហារ​ឱ្យបាន​គ្រប់​ក្រុម​អាហារ ទោះជា​មិនបាន​ក្នុង​មួយថ្ងៃ ក៏ត្រូវ​ឆ្លាស់គ្នា លៃ​យ៉ាងណា​កុំ​ទទួលទាន​អាហារ​ច្រំ​ដែល ព្រោះ​អាហារ​ជំពូក​ផ្សេងគ្នា​ផ្តល់​អត្ថប្រយោជន៍​ផ្សេងគ្នា​។ ឧទាហរណ៍ អាហារ​ប្រចាំថ្ងៃ​គួរ​មាន​ទាំង​សាច់ ត្រី បន្លែ ធញ្ញជាតិ ទឹក ដោះ​គោ ផ្លែឈើ ។​ល​។​

៣.​អាហារ​សម្បូរ​ប្រូតេអ៊ីន​តែ​គ្មាន​ខ្លាញ់​
ដូចជា​ស៊ុត គ្រឿង​សមុទ្រ សាច់​សុទ្ធ និង ល្ង​ជាដើម ព្រោះ​ប្រូតេអ៊ីន​ប្រភេទ​នេះ​នឹង​ថែរក្សា​សាច់ដុំ ជួសជុល​កោសិកា​ចាស់ៗ និង ពង្រឹង​ដល់​ប្រព័ន្ធ​ស៊ាំ​នៃ​រាងកាយ ។​

៤.​អាហារ​បន្លែ ៥០ ភាគរយ​
ពិត​មែនហើយ​ក្នុង​អាហារ​ដែល​អ្នក​ត្រូវ​ទទួលទាន គួរតែមាន​បន្លែ ឬ​ផ្លែ ឈើ ៥០ ភាគរយ ។ បរិមាណ​បន្លែ​ផ្លែឈើ​នេះ​អាចជួយ​កាត់បន្ថយ​ការ​ប្រឈម ជំងឺ​គ្រោះថ្នាក់​មួយចំនួន​ដូចជា ជំងឺលើសឈាម ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង និង ជំងឺមហារីក​មួយចំនួន ។​

៥.​ធញ្ញជាតិ
​មាន​ពីរ​ប្រភេទ គឺ​ធញ្ញជាតិ​កែច្នៃ និង ធញ្ញជាតិ​មិន​កែច្នៃ ។ ប្រភេទ​កែច្នៃ ឆ្លងកាត់​ការ​ចម្រាញ់ និង សម្រិត​ច្រើន​រហូតដល់​បាត់បង់​ជីវជាតិ​សំខាន់ៗ​មួយចំនួនធំ ដូចនេះ​គួរ​ជ្រើសរើស​ធញ្ញជាតិ​ដែល​មិន​កែច្នៃ​វិញ ។

គួរ​ទទួលទាន​បែបណា ទើប​សុខភាព​រាងកាយ​ល្អ​ទាំង​ព្រម​

៦.​អាហារ​សំណល់ (Junk Foods) និង អាហារ​កែច្នៃ
​គួរ​កាត់បន្ថយ ឬ ចៀសវាង​តែម្តង ។ អាហារ​ប្រភេទ​នេះ​មាន​សារធាតុ ចិញ្ចឹម និង ជម្រើស​សុខភាព​ល្អ​គួរសម​ក៏ពិតមែន ប៉ុន្តែ​ភាគច្រើន​គឺ​សម្បូរ​កាឡូរី ខ្ពស់ ខ្លាញ់ ស្ករ និង សារធាតុ​រក្សា​គុណភាព​បានយូរ ។ ជាការ​ល្អ​គួរ​បរិភោគ​ក្នុង​បរិមាណ​តិចតួច​បាន​ហើយ ។​

៧.​ផឹកទឹក​គ្រប់គ្រាន់​
គឺជា​គន្លឹះ​សុខភាព​ដ៏​សំខាន់​មួយ ពុំ​នោះទេ​អ្នក​អាច​ប្រឈម​នឹង​អាការ​ខ្វះ ជាតិ​ទឹក ឬ សំណើម ។ ជាទូទៅ​មនុស្សពេញវ័យ​គួរ​ផឹកទឹក​ឱ្យបាន ៨ កែវ ក្នុង​មួយថ្ងៃ តែ​សម្រាប់​អ្នក​ប្រើ​កម្លាំងកាយ​ខ្លាំង​គួរ​ផឹក​ឱ្យបាន​ច្រើនជាង​នេះ ។ សូម កុំភ្លេចថា ការខ្វះ​ជាតិ​ទឹក ឬ សំណើម អាច​ផ្តល់​ផល​អវិជ្ជមាន​ដល់​សុខភាព​ពី​កម្រិត​ទាប​ដល់​កម្រិត​ខ្ពស់ រហូត​អាច​បង្ក​ជា​បុព្វហេតុ​នៃ​ជំងឺ​មួយចំនួន​ដូចជា ការឈឺ​ចុកចាប់​រាងកាយ ការចងចាំ​ស្រពេចស្រពិល ឈឺក្បាល អារម្មណ៍​ប្រែប្រួល ក្រួស​ក្នុង​តម្រងនោម និង រោគ​ឆ្លង​តាមផ្លូវ​តម្រងនោម ។​

គួរ​ទទួលទាន​បែបណា ទើប​សុខភាព​រាងកាយ​ល្អ​ទាំង​ព្រម​

៨.​ផឹកថ្នាំ​វីតាមីន និង ជាតិ​រ៉ែ​បន្ថែម​ជាប្រចាំ​ថ្ងៃ
​ដើម្បី​បង្គ្រប់​នូវ​កង្វះ​សម្រូប​ជីវជាតិ​អាហារ​ប្រចាំថ្ងៃ ថ្នាំ​វីតាមីន​ចម្រុះ​បែបនេះ ស័ក្តិសម​សម្រាប់​អ្នកមាន​ប្រតិកម្ម​នឹង​អាហារ អ្នក​រើស​អាហារ ឬ អ្នក​តម​អាហារ ប៉ុន្តែ​អ្នក​មិនអាច​ប្រើ​ថ្នាំ​វីតាមីន​មក​ជំនួស​អាហារ​ទាំងស្រុង​បានទេ ។ មួយ​វិញ ទៀត ប្រសិនបើ​អ្នកមាន​សុខ​ភាពល្អ​ពេញលេញ​ហើយ ថ្នាំ​នេះ​មិន​ជួយ​អ្វី​ដល់​រាងកាយ​ទេ ហើយ​បើ​អ្នកមាន​ជំងឺ ថ្នាំ​ប្រភេទ​នេះ​ក៏​មិនមែនជា​ថ្នាំ​សម្រាប់​ព្យាបាល​ដែរ ។ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុននឹង​ប្រើ ៕ លក្ខិណា​

គួរ​ទទួលទាន​បែបណា ទើប​សុខភាព​រាងកាយ​ល្អ​ទាំង​ព្រម​

​ ​ ​ ​ ​